ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ពី​ចំនួន​វត្ត​នៅ​ខេត្តបាត់ដំបង តើ​វត្ត​មួយ​ណា​មាន​អាយុ​ច្រើន​ជាងគេ?​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បាត់ដំបង

«​បាត់ដំបង​» មិនមែន​ត្រឹមតែ​ជា​ខេត្ត​មាន​វ័យ​ចំណាស់​បំផុត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ​អាយុកាល​រាប់រយ​ឆ្នាំ និង​វត្ត​អា​រ៉ា​ម មាន​វ័យ​ចំណាស់​ច្រើន​គួរសម​ដែរ​។ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ ខេត្ត​បុរាណ​មួយ​នេះ ក៏​មាន

ខេត្តបាត់ដំបង ៖ «​បាត់ដំបង​» មិនមែន​ត្រឹមតែ​ជា​ខេត្ត​មាន​វ័យ​ចំណាស់​បំផុត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ​អាយុកាល​រាប់រយ​ឆ្នាំ និង​វត្ត​អា​រ៉ា​ម មាន​វ័យ​ចំណាស់​ច្រើន​គួរសម​ដែរ​។ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ ខេត្ត​បុរាណ​មួយ​នេះ ក៏​មាន​«​វត្ត​» យ៉ាងតិច​ចំនួន​ជាង​៣៨០​កន្លែង ស្ថិត​នៅ​ទូ​ទាំង​១៤​ស្រុក និង​ក្រុង​។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង​។

បើ​តាម​របាយការណ៍​សង្ខេប​ដែល​ផ្ដល់​ដោយ​លោក គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​​ខេត្ត បាន​ឲ្យ​ដឹង​ថា «​វត្ត​អា​រ៉ា​ម​»​ ទាំង​ថ្មី ទាំង​ចាស់ ដែល​មាន​ក្នុង​ខេត្តបាត់ដំបង​នា​សព្វ​ថ្ងៃនេះ គិត​ត្រឹម​ឆ្នាំ​២០២៣ សរុប​មាន​ចំនួន​៣៨២​វត្ត​»​។ លោក​ថា «​នៅ​ក្នុង​ចំណោម​វត្ត​ទាំងនោះ ក៏​មាន​វត្ត​មួយ​ចំនួន​អាយុកាល​ចន្លោះ​ពី​១០០​ឆ្នាំទៅ​ដល់​ជាង​៣០០​ឆ្នាំ​ផង​ដែរ​។ វត្ត​ខ្លះ​មាន​ព្រះ​វិហារ ឬ​សំណង់​បុរាណ​ផ្សេង​ៗ ស្ថិត​ក្នុង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​អស់​ទៅ​ហើយ តែ​ព្រះ​វិហារ ឬ​សំណង់​បុរាណ​ទាំងនោះ​មួយ​ចំនួន​យើង​បាន​ជួសជុល​ឡើង​វិញ និង​នៅ​មាន​វត្ត​ចំណាស់​ខ្លះ​ទៀត យើង​កំពុង​ជួសជុល​»​។

តាម​រយៈ​របាយការណ៍​សង្ខេប លោក គឹ​ម សោភ័ណ បាន​ឲ្យ​ដឹងផង​ដែរ ​ពី​ចំនួន​វត្ត​ដែល​មាននៅ​ក្នុង​ក្រុង និង​នៅ​តាម​បណ្ដា​ស្រុក​នីមួយ​ៗ​ក្នុង​ខេត្តបាត់ដំបង​ ក្នុង​នោះ​រួម​មាន ៖
១- ក្រុង​បាត់ដំបង មាន​ចំនួន​២៨​វត្ត,
២- ស្រុក​សង្កែ មាន​ចំនួន​៤០​វត្ត​,
៣- ស្រុក​មោង​ឬ​ស្សី មាន​ចំនួន​៤៧​វត្ត​,
៤- ស្រុក​ស្រុក​គាស់​ក្រឡ មាន​ចំនួន​១២​វត្ត​,
៥- ស្រុក​បាណ​ន់ មាន​ចំនួន​៤០​វត្ត​,
៦- ស្រុក​ប​វេ​ល មាន​ចំនួន​៣២​វត្ត​,
៧- ស្រុក​សំឡូត មាន​ចំនួន​១៩​វត្ត​,
៨- ស្រុក​ភ្នំព្រឹក មាន​ចំនួន​១៦​វត្ត​,
៩- ស្រុក​សំពៅ​លូន មាន​ចំនួន​១៥​វត្ត​,
១០- ស្រុក​ឯក​ភ្នំ មាន​ចំនួន​២៦​វត្ត​,
១១- ស្រុក​ថ្មគោល មាន​ចំនួន​២៨​វត្ត​,
១២- ស្រុក​កំ​រៀង មាន​ចំនួន​១៦​វត្ត​,
១៣- ស្រុក​រតន​មណ្ឌល មាន​ចំនួន​២៤​វត្ត និង​
១៤- ស្រុក​រុក្ខ​គិរី មាន​ចំនួន​២៤​វត្ត​។

ហើយ​នៅ​ក្នុង​ចំណោម​វត្ត​ទាំងនេះ គេ​សង្កេត​ឃើញ​វត្ត​មួយ​ចំនួន មាន​វ័យ​ចំណាស់ និង​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ទៅ​ហើយ​។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទ្រុឌទ្រោម សំណង់​ព្រះ​វិហារ ឬ​សំណង់​ផ្សេង​ៗ​នៅ​ក្នុង​វត្ត​នីមួយ​ៗ លោក គឹ​ម សោភ័ណ បាន​លើក​ឡើង​ថា «​ក្នុង​ចំណោម​វត្ត​ទាំង​៣៨២​កន្លែង​នេះ មាន​កន្លែង​ខ្លះ ជាទី​តាំង​វត្ត​ចាស់​ដែល​ប្រវត្តិ​រាប់រយ​ឆ្នាំ បាត់បង់​ព្រះ​វិហារ តែ​ត្រូវ​បាន​សាងសង់​ព្រះ​វិហារ​ថ្មី​ឡើង​វិញ​។ រីឯ​ទីតាំង​វត្ត​ខ្លះ​ទៀត មាន​វ័យ​ចំណាស់ ទាំង​ទីតាំង​វត្ត ទាំង​សំណង់​ព្រះ​វិហារ ឬ​សំណង់​បុរាណ​ផ្សេង​ៗ​នៅ​សល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ហើយ​ក៏​មាន​វត្ត​ជា​ច្រើន​កន្លែង​ទៀត ដែល​ទើប​បង្កើត​ថ្មី ទាំង​ទីតាំង​វត្ត ទាំង​ព្រះ​វិហារ ឬ​សំណង់​សាសនា​ផ្សេង​ៗ​ដែរ​»​។

ចំពោះ​វត្ត​ដែល​មាន​វ័យ​ចំណាស់​ៗ​ជាងគេ បើ​តាម​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រូប​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា «​វត្ត​អា​រ៉ា​ម​ដែល​មាន​វ័យ​ចំណាស់​ៗ មាន​អាយុកាល​ចាប់ពី​ជាង​១០០​ឆ្នាំ​ឡើង​ទៅ ភាគច្រើន​ស្ថិត​នៅ​រ៉​ប​សងខាង​ដងស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ​»​។

លោក​គឹ​ម សោភ័ណ បាន​រំលឹក​ថា «​វត្ត​ទាំងនោះ មាន​ប្រវត្តិ​កសាង​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ដូច​ជា ៖ វត្ត​ដំរី​ស​, វត្ត​កំផែង​, វត្ត​ខ្សាច់​ពោ​យ និង​វត្ត​សង្កែ ។​ល​។ និង​។​ល​។ ដែល​វត្ត​បុរាណ​ទាំងនេះ មាននៅ​ក្នុង​ក្រុង​បាត់ដំបង រហូត​សល់​សព្វ​ថ្ងៃនេះ​។ ដោយឡែក​នៅ​ស្រុក​ឯក​ភ្នំ​ឯណោះ​វិញ គេ​ឃើញ​មាន វត្ត​ឯក​ភ្នំ​, វត្ត​កែវ និង​វត្ត​សំរោង​ក្នុង ជាដើម​។​ល​។ វត្ត​បុរាណ​ទាំងនេះ សុទ្ធតែ​មាន​អាយុកាល​រាប់រយ​ឆ្នាំ ប៉ុន្តែ​លើក​លែងតែ «​វត្ត​សំរោង​ក្នុង​» មួយ​ទេ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​មាន​អាយុកាល​រហូត​ដល់​ទៅ​ជាង​៣០០​ឆ្នាំ​ឯណោះ​។

បើ​តាម​ប្រវត្តិ​ដែល​សរសេរ​នៅ​ក្នុង​ឯកសារ​នានា «​វត្ត​សំរោង​ក្នុង​» មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​នេះ បានក​កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៧០៧​។ បើ​គិត​ត្រឹម​ឆ្នាំ​២០២៣ «វត្ត​សំរោង​ក្នុង​» នេះ មាន​អាយុកាល​៣១៦​ឆ្នាំ​ហើយ​។

ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​វត្ត​នេះ លោក គឹ​ម សោភ័ណ បាន​កត់សម្គាល់​ឃើញ​ថា «​ខេត្តបាត់ដំបង ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​កន្លង​ទៅ​នេះ ការ​កសាង​វត្ត​អា​រ៉ា​ម ហាក់​មាន​សន្ទុះ​ខ្លាំង​បំផុត​»​។ លោក​បញ្ជាក់​ថា «​កាលពី​ត្រិ​ម​ឆ្នាំ​២០០២ នៅ​ក្នុង​ខេត្តបាត់ដំបង មាន​វត្ត​ត្រឹមតែ​ជាង​២០០​កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០២៣​នេះ ខេត្តបាត់ដំបង មាន​វត្ត​អា​រ៉ា​មរ​ហូត​ដល់​ទៅ​ចំនួន​៣៨២​វត្ត​ឯណោះ ហើយ​ក៏​នៅ​មាន​វត្ត​មួយ​ចំនួន​ទៀត ដែល​ពុទ្ធបរិស័ទ និង​អាជ្ញាធរ​មូលដ្ឋាន ទើប​ស្នើ​សុំ​កសាង​ថ្មី​ៗ​នេះ​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ