រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះ គណបក្សភ្លើងទៀន មិនទាន់ធ្វើការកែសម្រួលនូវចំណុចខ្វះខាត ឬចំណុចមិនត្រឹមត្រូវតាមច្បាប់នូវបញ្ជីបេក្ខជនគណបក្សនយោបាយខ្លួន ដើម្បីដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញនៅឡើយទេ ។ នេះបើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣ថា មកដល់ពេលនេះ គណបក្សភ្លើងទៀនមិនទាន់ធ្វើការសម្រួលនូវចំណុចខ្វះខាតដែលគ.ជ.ប តម្រូវឲ្យកែសម្រួលនោះទេ ។
សូមជម្រាបថា គ.ជ.ប កាលពីពេលថ្មីៗនេះ គ.ជ.បបានទុករយៈពេល៥ថ្ងៃឲ្យគណបក្សភ្លើងទៀនកែសម្រួលចំណុចដែនៅខ្វះខាត ។ គ.ជ.បឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះ ដោយសារបក្សភ្លើងទៀន ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ស្តីពីការបោះឆ្នោតក្រោយពីដាក់សុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទៅកាន់ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៣ពោល គឺមុនមួយថ្ងៃនៃការកំណត់ ។

តាមលិខិតជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី៩ ឧសភានេះ បានឲ្យដឹងថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែមមានដូចខាងក្រោម៖ ១- សេចក្តីចម្លងលិខិត បញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមាន បញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់ ។ ២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែល មិនទាន់មាននីតិសម្បទាឡើងវិញ ។

ដូចនេះ គណបក្សភ្លើងទៀនត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ។ ៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន១៥,០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ ។ ដូច្នេះប្រធានគណបក្សត្រូវធ្វើការបំពេញលក្ខខណ្ឌដែលខ្វះខាតឲ្យបានត្រឹមត្រូវយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង ។
ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀននៅចំណុចករណីបេក្ខភាពលោក រ៉ុង ឈុន ឈ្មោះនៅមណ្ឌលកណ្តាលត្រូវបានក្រសួងយុត្តិធម៌បានបញ្ជាក់ថា លោករ៉ុង ឈុន មិនទាន់ផុតការអនុវត្តទោសនៅឡើយទេ ដូច្នេះលោកមិនអាចឈរឈ្មោះបានទេ ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា មកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ២០ បានដាក់ពាក្យមក គ.ជ.ប ដែលក្នុងនោះ មានគណបក្សចំនួន ១៣ ហើយដែលត្រូវបានទទួលស្គាល់ជាផ្លូវការសម្រាប់ការចូលរួមបោះឆ្នោតជាសកលខាងមុខនេះ ។ ចំណែកគណបក្សនយោបាយចំនួន៧ទៀតកំពុងតែពិនិត្យ ៕
ចែករំលែកព័តមាននេះ