ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនរួមនឹងវត្ថុតាងថ្នាំញៀន១.៥១០គ្រាប់ និងប្រាក់រៀលមួយចំនួន ហើយត្រូវបាននាំទៅស្នងការដ្ឋាននគរបាលខេត្ត ខណៈដែលកម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀនឆែកឆេរនៅផ្ទះរបស់ស្ត្រីខាងលើក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២ ឧសភា។
មន្ត្រីជំនាញបានឱ្យដឹងថា ស្ត្រីដែលចាប់ខ្លួននេះឈ្មោះអ៊ុំ ខន អាយុ៤២ឆ្នាំ ត្រូវបានកម្លាំងជំនាញចុះធ្វើការឆែកឆេរក្រោយពីដាក់បណ្តាញតាមដានរួចមក។ ការឆែកឆេររកឃើញវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១.៥១០គ្រាប់ រួមនឹងលុយរៀលមួយចំនួន។ ប្រភពព័ត៌មាននៅពេលកើតហេតុបានឱ្យដឹងថា ការកំណត់មុខសញ្ញាហើយឈានដល់ការចាប់ខ្លួននេះគឺជំហានដំបូងសមត្ថកិច្ចបានចុះឆែកឆេរផ្ទះស្ត្រីឈ្មោះអ៊ុំ ខន រកឃើញវត្ថុតាងថ្នាំ ញៀន និងឃាត់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះប្រាក់ សុគន្ធា ហៅយ៉ាន់ អាយុ២៩ឆ្នាំ រស់នៅក្នុងសង្កាត់ជាមួយគ្នា តែក្រោយពេលសាកសួរ ស្ត្រីនេះត្រូវបានដោះលែងវិញ។
ប្រភពដដែលបន្តថា មុខសញ្ញាត្រូវចាប់ខ្លួននេះ គឺមានការតាមដានជាយូរហើយក្នុងការចែកចាយគ្រឿងញៀន តែត្រង់ថា ស្ត្រីម្នាក់នោះយកមកពីទីណានៅ មិនទាន់ដឹងនៅឡើយទេ ព្រោះអាចមានអ្នកនៅពី ក្រោយខ្នងជាអ្នកបោះមេ។ មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ស្ត្រីចំនួនពីរនាក់ ម្នាក់ត្រូវបានដោះលែងទៅវិញ ព្រោះជាបណ្តាញរបស់ប៉ូលិសរីឯស្ត្រីអ៊ុំ ខន ត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត រួមនិងវត្ថុតាង ៕
ចែករំលែកព័តមាននេះ