ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​សុច​រិត​មិន​ធ្វើ​បែរ​ជា​ធ្វើ​ចោរ​លុះ​ជាប់​ខ្នោះ​ទើប​ស្រណោះ​ខ្លួន

14 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ យុវ​ជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ព្រះ​សីហនុ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​បរ​ទេស​​ចោទ​​ប្រកាន់​ថា បាន​លួច​កាបូប​ស្ពាយ​ដាក់​សម្ភារ​របស់​គាត់

ខេត្ត​ព្រះ​សីហនុ ៖ យុវ​ជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ព្រះ​សីហនុ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​បរ​ទេស​​ចោទ​​ប្រកាន់​ថា បាន​លួច​កាបូប​ស្ពាយ​ដាក់​សម្ភារ​របស់​គាត់។

​សមត្ថ​កិច្ច​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​អៀម វណ្ណារ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។ រីឯ​ម្ចាស់​កាបូប​ស្ពាយ​មាន​ដាក់​សម្ភារ​ដែល​ត្រូវ​ជន​ខាង​លើ​លួច​យក​ឈ្មោះ JAN PANEK ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​អ្នក​ត្រួត​ពិនិត្យ​លុយ​ក្រុម​ហ៊ុន ACCENTURE ​កាន់​លិខិត​ឆ្លង​ដែន​លេខ​៣៩៤៣៩១០៦ ផុត​កំណត់​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៩ ស្នាក់​នៅ​ផ្ទះ​សំណាក់​អប្សរា ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ JAN PANEK បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៣០ មេសា គាត់​បាន​​ទៅ​ឆ្នេរ​សមុទ្រ​ក្បែរ​ដី​ក្រុម​ហ៊ុន​អារី​ស្តុន ជា​មួយ​ឪពុក និង​មិត្ត​ស្រី​របស់​ឪពុក​គាត់។ ពេល​ទៅ​ដល់​ពួក​គាត់​ទាំង​៣​នាក់​បាន​ចុះ​ងូត​ទឹក​សមុទ្រ លេង ដោយ​ទុក​កាបូប​ស្ពាយ​ដាក់​សម្ភារ​នៅ​លើ​ឆ្នេរ​នោះ។ បន្តិច​ក្រោយ​មក​ស្រាប់​តែ​មាន​បុរស​ម្នាក់​ដោះ​អាវ​មាន​ចាក់​សាក់​រូប​លើ​ខ្នង បាន​រត់​មក​យក​កាបូប​ស្ពាយ​​នោះ ពេល​នោះ​គាត់​ និង​ឪពុក​បាន​ដេញ​តាម ហើយ​បុរស​នោះ​​បាន​បោះ​កាបូប​​ចោល​​ក្នុង​ព្រៃ រួច​រត់​ទៅ​ជិះ​ម៉ូតូ​ដែល​ទុក​នៅ​ជិត​នោះ តែ​ជិះ​បាន​បន្តិច​ក៏​ដួល រួច​បុរស​នោះ​ក៏​រត់​ចូល​ព្រៃ​បាត់។ បន្ទាប់​មក​គាត់​បាន​ទៅ​រើស​យក​កាបូប​គាត់​​វិញ និង​បាន​ទៅ​ប្តឹង​សមត្ថ​កិច្ច ដោយ​មាន​ក្មេង​ប្រុស​ម្នាក់​ជូន​មក​ប្តឹង។ គាត់​បន្ត​ទៀត​ថា សម្ភារ​នៅ​ក្នុង​កាបូប​​នោះ​មាន​ទូរ​ស័ព្ទ​ម៉ាក​សាំស៊ុង ១​គ្រឿង ម៉ាស៊ីន​ថត​ម៉ាក​កាណុង ១​គ្រឿង សៀវ​ភៅ​​២​​ក្បាល កាបូប​ដៃ​​១ ថ្ម​ពិល​៤​គ្រាប់ វ៉ែនតា​១ កាបូប​ស្ពាយ​ពណ៌​ខ្មៅ​​១ ​ប្រាក់​​៥០ដុល្លារ​ និង​២២.០០០​រៀល។

យោង​តាម​ចម្លើយ​សារ​ភាព​​របស់​ឈ្មោះ​អៀម វណ្ណារ៉ា ឱ្យ​ដឹង​ថា ខ្លួន​ពិត​ជា​បាន​ដើរ​ទៅ​ម្តុំ​​នោះ​មែន តែ​ខ្លួន​មិន​បាន​លួច​សម្ភារ​របស់​ជន​បរ​ទេស​​នោះ​ទេ​។ ​ទោះ​បី​ជន​សង្ស័យ​​មិន​សារ​ភាព​ទទួល​កំហុស​ក៏​ដោយ ក៏​សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ដែរ៕