ខេត្តកំពង់ចាម ៖ ប្រតិបត្តិការបង្ក្រាបក្រុមអ្នកជក់ និងអ្នកចែកចាយគ្រឿងញៀនកំពុងតែមានសកម្មភាពទាំងនៅតំបន់ត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គគួរឱ្យកត់សម្គាល់ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្ត។ គ្រាន់តែនៅថ្ងៃទី២៩ មេសា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបង្ក្រាបក្រុមអ្នកជក់ និងអ្នកចែកចាយបានដល់ទៅ៤នាក់ ក្នុងនោះមានស្ត្រីកូនខ្ចីជាង២ខែម្នាក់ផងដែរ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច និងប្រាក់អាមេរិកចំនួន២២០ដុល្លារ។
តាមព័ត៌មានពីលោកវរសេនីយ៍ត្រីសោម រស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នោះរួមមាន ១-ឈ្មោះលឹម ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ២-ឈ្មោះឌី បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ៣-ឈ្មោះហួន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់បំបែកលិច ឃុំស្វាយទាប ស្រុកចំការលើ និងបងស្រីបង្កើតឈ្មោះហួន ដាលីន អាយុ២២ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំ ស្ពឺ ស្រុកចំការលើ ។
លោកវរសេនីយ៍ត្រីសោម រស់ បានបន្តថា ក្នុងការបង្ក្រាបគ្រឿងញៀននេះរូបលោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅសហការជាមួយនឹងនគរបាលស្រុកចំការលើ កាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី២៩ មេសា បានចាប់មុខសញ្ញាជក់ថ្នាំញៀនចំនួន២នាក់ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវជាតិលេខ៧១ ត្រង់ភូមិសាស្ត្រភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច។ ក្រោយពីបានសួរនាំជនទាំង២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនដែលពួកគេទិញយកមកជក់នេះគឺបានទិញពីឈ្មោះសុភ័ក្រ ទើបរូបលោកបានសុំគោលការណ៍ពីលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌ និងបានទទួលការឯកភាពពីលោកផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ឈានទៅចាប់អ្នកទី៣ ឈ្មោះហួន សុភ័ក្រ រស់នៅភូមិថ្នល់បំបែកលិច ឃុំស្វាយទាបដែលជននេះបានយកថ្នាំញៀនទៅលាក់ទុកនៅផ្ទះបងស្រីឈ្មោះដាលីន ទើបបន្តទៅឆែកឆេរបន្តទៀតនាម៉ោង៣រសៀលថ្ងៃដដែល។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៩កញ្ចប់តូច ឧបករណ៍ជក់ថ្នាំញៀន លុយចំនួន២២០ដុល្លារ និងប្រាក់រៀលចំនួន៤០.០០០រៀល។
ស្ត្រីឈ្មោះហួន ដាលីន បានឆ្លើយថា ចំពោះថ្នាំញៀនដែលសមត្ថកិច្ចរឹបអូសបាននោះពុំមែនជារបស់ខ្លួនទេ គឺជារបស់ប្អូនប្រុសឈ្មោះសុភ័ក្រ ដែលបានយកមកទុកនៅក្នុងផ្ទះនាងរយៈពេលជាង១០ថ្ងៃមកហើយ ដោយនាងមិនបានចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងនោះឡើយ ។ ចំណែកលោកផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានប្រាប់តាមទូរស័ព្ទឱ្យដឹងដែរថា ក្រុមជនសង្ស័យទាំង៤នាក់ត្រូវបានចេញដីកាឃុំខ្លួនដោយក្នុងនោះអ្នកទី១និងទី២ ចោទពីបទប្រើប្រាស់គ្រឿងញៀន អ្នកទី៣ ចោទពីបទចែកចាយថ្នាំញៀន និងអ្នកទី៤ ចោទពីបទរក្សាទុកថ្នាំញៀន ៕
ចែករំលែកព័តមាននេះ