ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិមា​ណាស់​! ស៊ិ​ន សុវណ្ណ​មក​រា យក​ប្រាក់​អំណោយ​១​ម៉ឺន​ដុល្លារ​ចែក​ក្រុម​ជំរើសជាតិ​កម្ពុជា​​​ទាំងមូល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា U22 ស៊ិ​ន សុវណ្ណ​មក​រា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា U22 ស៊ិ​ន សុវណ្ណ​មក​រា បាន​យក​ប្រាក់​ដែល​ទទួល​បាន​នោះ មក​ធ្វើ​ជា​ទឹកប្រាក់​ឧបត្ថម្ភ​ជូន​ទៅ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងមូល​តែ​ម្តង ដែល​នេះ​ជា​ទឹកចិត្ត​ដ៏​មហិមារ​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ស៊ិ​ន សុវណ្ណ​​មក​រា បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ជា​ច្រើន​លើ​បណ្តាញ​សង្គម ។

ទោះបីជា​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U22 ចាញ់​ក្រុម​ឥណ្ឌូ​នេ​ស៊ី លទ្ធផល ២-១ យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា U22 លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​ដល់​កីឡាករ ស៊ិ​ន សុវណ្ណ​មក​រា ដែល​បាន​ធ្វើ​យ៉ាង​ល្អ ក្នុង​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​ក្រុម​ឥណ្ឌូ​នេ​ស៊ីក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ប៉ុន្តែ​អ្វី​ដែល​គេ​គ្រប់​គ្នា​នឹក​ស្មាន​មក​ដល់​នោះ គឺ​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា U22 ដែល​មានឈ្មោះ ស៊ិ​ន សុវណ្ណ​មក​រា និង​ជា​អ្នក​ដែល​អាច​រក​គ្រាប់​បាល់​ជូន​ដល់​ក្រុម​គោព្រៃ​កម្ពុជា​១​គ្រាប់​ក្នុង​តង់​ទី​២ ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី​ទៅ​លើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី ហើយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​នោះ មិន​បាន​យក​លុយ​នេះ​មក​ទុក​សម្រាប់​ខ្លួនឯង​នោះ​ទេ គឺ​បាន​យក​លុយ​ទាំងនោះ​មក​ធ្វើ​ជា​ទឹកប្រាក់​សម្រាប់​ឧបត្ថម្ភ​ជូន​ទៅ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងមូល​តែ​ម្តង ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ស៊ិ​ន សុវណ្ណ​មក​រា បាន​សរសេរ​បញ្ជាក់​ថា ខ្ញុំបាទ ស៊ិ​ន សុវណ្ណ​មក​រា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ដែល​បាន​ធ្វើការ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ជូន​ចំពោះ​ខ្ញុំបាទ ស៊ិ​ន​សុវណ្ណ​មក​រា ហើយ​ខ្ញុំបាទ​សុំ​យក​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន​មួយ​ម៉ឺន​ដុល្លា​រសហរដ្ឋអាមេរិក​នេះ មក​ធ្វើ​ជា​ទឹកប្រាក់​ឧបត្ថម្ភ​ជូន​ទៅ​ដល់​ក្រុម​ជំរើសជាតិ​កម្ពុជា​ទាំងមូល ។ ជា​ចុង​ក្រោយ​ខ្ញុំបាទ​ស៊ិ​ន សុវណ្ណ​មក​រា សូម​លំអោនកាយ​គោរព​ជូនពរ ឯកឧត្តម​ឧបនា​យក​រដ្ឋមន្ត្រី ហោ ណាំ​ហុង អោយ​ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ក្នុង​នោះ​ផង​ដែរ មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម បាន​ចូល​ទៅ​ខ​មិន និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​មហិមា​របស់​កីឡាករ​កម្ពុជា​រូប​នេះ ដែល​ហាន​លះបង់​អ្វី​ដែល​ខ្លួន​ទទួល​បាន​តែ​ម្នាក់ឯង យក​ទៅ​ចែករំលែក​ជូន​មិត្តភក្តិ​រួម​ក្រុម​ទាំងមូល ។ មហាជន​ខ្លះ​បាន​សរសើរ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​និង​ឆ្លាត​វៃ​របស់​ប្អូន ជូនពរ​ប្អូន​កាន់តែ​ជោគជ័យ ។ ទឹកចិត្ត​ប្អូន​គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់ ។ ខ្ញុំ​ពិតជា​សរសើរ​នៅ​ទឹកចិត្ត​ចេះ​ចែករំលែក​របស់​ប្អូន ។ សូម​ឲ្យ​ការ​ខំប្រឹង​ប្រែង និង​អំពើ​ល្អ​របស់​ប្អូន ក្លាយទៅជា​នាវា​នាំ​ប្អូន​ទៅ​រក​ភាព​ជោគជ័យ និង​សេចក្ដីសម្រេច​ផង​ចុះ ។

ទឹកចិត្ត​ល្អ​ណាស់​ពៅ​មាស​! នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ខ្ពស់​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​ពិសេស U22 ជូនពរ​មក​រា និង​មិត្ត​រួម​ក្រុម​ទាំងអស់​មាន​សុខ​ភា​ល្អ ហើយ​ជោ​គេ​ជ័យ​ក្នុង​ការ​សិក្សា និង​ការ​ហាត់​បាល់ ព្រមទាំង​ការ​ប្រកួត​បាល់ ។ ចាញ់​រឺ​ឈ្នះ គឺ​ត្រូវ​តែ​ទទួលយក​ការ​ពិត និង​ការ​រិះគន់​បែប​ស្ថាបនា​ពី​មហាជន​អ្នកគាំទ្រ ជា​ពិសេស​សមាជិក​ក្រុម​ទាំងអស់ ត្រូវ​តែ​ខំប្រឹង​ហ្វឹកហាត់​អោយ​បាន​ល្អ​ថែម​ទៀត ។ ស៊ូរ​ៗ​ណា​ដើម្បី​ជ័យ​ជំនះ​សម្រាប់​កម្ពុជា ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​បុរស​ស៊ី​ហ្គេ​ម​ក្នុង​ពូ​ល A បាន​បញ្ចប់​នៅ​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​១០​ឧសភា ។ កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ បាន​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​ចាញ់​ក្រុម​ឥណ្ឌូ​នេ​ស៊ី ២-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ