ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​ជាង៦០​​ក្រុមហ៊ុន​លើកគ្នា​បក​អាក្រាត​រឿង​ពុក​រលួយ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រុម​ម្ចាស់​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ផ្លូវ​ចំនួន​៦៤​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា នៅ​ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០២៣ មាន​តំណាង​ក្រុមហ៊ុន​ឯកជន​នីមួយ​ៗ​បាន​ស្កាត់​ទៅ​ជួប​អភិ​បាលខេត្ត ឯកឧត្តម ម៉ៅ ធនិន ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ដល់​មន្ត្រី​មួយ​ចំនួន​គិត​ចាប់ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ស្រុក មិន​គោរព​តាម​គោលការណ៍​ដេញថ្លៃ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​មូលដ្ឋាន​ទេ គឺ​ត្រូវរ៉ូវ​គ្នា​មិន​ដេញថ្លៃ ។

ព្រោះថា ​ការ​ដេញថ្លៃ​សម្រាប់​ធ្វើ​ផ្លូវលំ ឬ​ស្ដារ​ប្រឡាយ​ទឹក ជា​គម្រោង​អភិវឌ្ឍន៍​ក្នុង​ឃុំ​-​សង្កាត់ ជា​ទូទៅ​ត្រូវ​បាន​ម្ចាស់​គម្រោង​បើកឱកាស​ឱ្យ​ក្រុមហ៊ុន ដែល​មាន​គ្រឿងចក្រ ចូល​ទៅ​ដាក់​ពាក្យ​ដេញថ្លៃ​ស្ថាបនា​​ផ្លូវ ឬ​ក៏​ធ្វើ​អ្វីមួយ ។ ប៉ុន្តែ​សម្រាប់​ស្រុក​-​ឃុំ​នីមួយ​ៗ​ក្នុង​ខេត្តកំពត មិន​បាន​គោរព​តាម​គោល​ការណ៍​នេះ​ទេ ឃុំ​ខ្លះ​មិន​ទាន់​ប្រកាស​ឱ្យ​ដេញថ្លៃ​ផង ត្រូវ​បាន​គេ​លួច​ឃុ​ប​យិ​ត​គ្នា​ឱ្យ​គ្រឿងចក្រ​មក​កាយ​​ធ្វើ​ផ្លូវ​រួច​មក​ហើយ​ដែល​ជា​ទ​ង្វើ​ពុក​រលួយ មិន​អាច​អនុគ្រោះ​បាន​ឡើយ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ប្រាប់​ទៅ​តំណាង​ក្រុមហ៊ុន​ដែល​ចូល​ទៅ​ជួប​ថា ឯកឧត្តម​នឹង​សើរើ​កិច្ចការ​នេះ​ឱ្យ​មាន​តម្លាភាព​ឡើង​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣​នេះ នៅ​សាលាឃុំ​ដំណាក់​កន្ទួត​ខាងជើង ក្នុងស្រុក​កំពង់ត្រាច មានការ​រៀបចំ​ដាក់​ឱ្យ​ដេញថ្លៃ​ធ្វើ​ផ្លូវ​ចំនួន​៣​​ខ្សែ តែ​គណៈកម្មការ​អ្នក​រៀបចំ​ឱ្យ​ដេញថ្លៃ​មិនឃើញ​ចូលរួម​ទេ មាន​តែ​ខាង​ក្រុមហ៊ុន​ឯកជន​មក​អង្គុយ​ចាំ​ឱ្យ​រហង់ មិនឃើញ​មន្ត្រី​ជំនាញ​ស្រុក ខេត្ត​មក​ចូលរួម​ទេ សង្ស័យ​សម្ងំ​ច្.រាស់ច្រំ​ទឹកតែ​ប៉ោង​ថ្លើម​អស់​ទេ​ដឹង ?

លោក ព្រំ អ៊​ន មេឃុំ​ដំណាក់​កន្ទួត​ខាងជើង និយាយ​ថា មាន​ផ្លូវលំ​ចំនួន​៣​​ខ្សែ​ត្រូវ​បាន​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣​នេះ ក្នុង​ទឹកប្រាក់​១០៥​លាន​រៀល ។ លោក​មេឃុំ​បន្ថែម​ថា ការ​ដេញថ្លៃ​ព្រឹក​នេះ​អស់ម៉ោង​ហើយ​ក៏​មិន​បានដឹង​ពី​មូលហេតុ​អ្វី​ដែរ ព្រោះ​លោក​មិនឃើញ​មាន​មន្ត្រី​ជំនាញ​លទ្ធកម្ម​ស្រុក ខេត្ត​មក​ចូលរួម​ទេ ។

លោក​មេឃុំ​និយាយ​ថា ផ្លូវលំ​ចំនួន​៣​ខ្សែ​ដែល​មាន​គម្រោង​ប្រកាស​ឱ្យ​ដេញថ្លៃ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣​នោះ មាន​ក្រុមហ៊ុន​ឯកជន​មួយ​គេ​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ធ្វើ​ស្ទើរតែ​៥០​ភាគរយ​រួច​ទៅ​ហើយ ។

លោក​មេឃុំ​បន្ត​ថា ខាង​ឃុំ​បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ មិន​ឱ្យធ្វើ​សកម្មភាព​ដែរ តែ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ ។ លោក​មេឃុំ​និយាយ​ថា ការ​កាយ​ធ្វើ​ផ្លូវ​មុន​ប្រកាស​ដេញថ្លៃ​នេះ ពិតជា​ខុស​នឹង​ច្បាប់ ព្រោះ​មិនដឹង​ថា​តើ​ក្រុមហ៊ុន​នេះ​ដេញថ្លៃ​បាន​ឬ​មិន​បាន ?

ដោយឡែក​នៅ​ឃុំ​ចំនួន​៥ នៅ​ស្រុក​ឈូក​មិន​បាន​ដាក់​ឱ្យ​ដេញថ្លៃ​ទេ គ្រាន់តែ​ចុះ​កិច្ចសន្យា ស្រាប់តែ​គ្រឿងចក្រ​ចុះ​ធ្វើ​តែ​ម្ដង ។ រឿងរ៉ាវ​នេះ​ មិន​ខុស​ពី​ពាក្យ​ដែល​ថា ​បែក​ពាង​ប្រហុក​នោះ​ឡើយ ។ ហើយ​បើ​និយាយ​ឱ្យ​ចំ គឺ​ការ​ឃុបឃិត​គ្នា​ពុក​រលួយ​ចំ​តួ​តែ​ម្តង​…​ហេ ! ហេ !