រាជធានីភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទស្វាគមន៍ចំពោះការជួបពិភាក្សាថ្នាក់មេបញ្ជាការសមរភូមិសំដៅបង្កើនទំនុកចិត្តដល់ការឈប់បាញ់គ្នាដោយប្រសិទ្ធភាពនៅនឹងកន្លែង ជាពិសេសដើម្បីការពារសម្បត្តិវប្បធម៌ តាមអនុសញ្ញាអន្តរជាតិឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ នៅពេលមានជម្លោះអាវុធ ។
កងយោធពលខេមរភូមិន្ទ ជានិច្ចកាលគោរពលទ្ធផលនៃកិច្ចពិភាក្សាដើម្បីបញ្ចប់ការវាយប្រហារគ្នា នៅលើទីតាំងប្រាសាទទាំងពីររបស់កម្ពុជា ដែលស្ថិតនៅក្នុងបូរណភាពទឹកដីស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែទាហានថៃមិនបានគោរពតាមការព្រមព្រៀងឈប់បាញ់នោះទេ នេះជាលើកទី១១ ហើយ ដែលទាហានថៃរំលោភការឯកភាពគ្នា និងការទុកចិត្តគួរឱ្យសោកស្តាយជាទីបំផុត។ ជាក់ស្តែង ៖
-ចាប់ពីម៉ោង១៨យប់ថ្ងៃទី១ រហូតដល់ព្រឹកថ្ងៃទី២ ឧសភា ២០១១ ទាហានថៃនៅតែបន្តធ្វើការបាញ់ផ្លោងដោយអាវុធ M79 ត្បាល់ ៦០មីល្លីម៉ែត្រ ៨១មីល្លីម៉ែត្រ បោកគ្រាប់បែក និងបាញ់កាំភ្លើងយន្តមកលើខ្សែត្រៀមជួរមុខ របស់កងយោធពលខេមរភូមិន្ទ នៅតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
-កងយោធពលខេមរភូមិន្ទនៅតែអំពាវនាវដ៏ទទូចឱ្យភាគីថៃគោរព និងអនុវត្តការសន្យាឈប់បាញ់នៅនឹងកន្លែងឱ្យបានម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
-កងយោធពលខេមរភូមិន្ទ សូមច្រានចោលនូវព័ត៌មានបំពុល ដែលផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសាធារណៈថៃ ដែលបំភ្លើសថា មានសាកសពពីររូប ដែលត្រូវបោះបង់ចោលនៅលើសមរភូមិ នេះជាព័ត៌មាន និងរូបភាពមិនពិត និងប្រឌិតដើម្បីហេតុផលនយោបាយសុទ្ធសាធ។ យុទ្ធជននៃកងយោធពលខេមរភូមិន្ទដែលទទួលរងរបួស ឬពលីជីវិត ជានិច្ចកាលត្រូវបានយកមកសង្គ្រោះជាបន្ទាន់ និងរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិ ដែលជាកិត្តិយសបំផុតសម្រាប់ប្រជាជាតិខ្មែរ ។ មកដល់ពេលនេះគ្មានទង់ជាតិថៃណាមួយត្រូវបានដាក់លើប្រាសាទតាមាន់ ឬប្រាសាទតាក្របីនោះទេ ។
កងយោធពលខេមរភូមិន្ទនៅតែគោរពអនុវត្តតាមលទ្ធផលនៃកិច្ចពិភាក្សាជាបន្តបន្ទាប់កន្លងមក និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍រាជរដ្ឋាភិបាលក្នុងសិទ្ធិស្វ័យការពារបូរណភាពទឹកដី និងរក្សាបាននូវទីតាំងឈរជើងលើតំបន់ស្របច្បាប់របស់ខ្លួនបានយ៉ាងរឹងមាំ ៕
ចែករំលែកព័តមាននេះ