ចង់ឡើងទៅវគ្គបន្ត ដាច់ខាតកម្ពុជាត្រូវតែឈ្នះឥណ្ឌូនេស៊ីនាយប់នេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្តីសង្ឃឹមរបស់កម្ពុជានៅតែមាន បើទោះបីជាសង្ឃឹមមានតិចតួចក៏ដោយ ក្នុងការប្រកួតបាល់ទាត់នៅយប់នេះ ថ្ងៃទី១០ ឧសភា ២០២៣ ។ លោក…
រាជធានីភ្នំពេញ ៖ ក្តីសង្ឃឹមរបស់កម្ពុជានៅតែមាន បើទោះបីជាសង្ឃឹមមានតិចតួចក៏ដោយ ក្នុងការប្រកួតបាល់ទាត់នៅយប់នេះ ថ្ងៃទី១០ ឧសភា ២០២៣ ។ លោក…
រាជធានីភ្នំពេញ ៖ ក្តីសង្ឃឹមរបស់កម្ពុជានៅតែមាន បើទោះបីជាសង្ឃឹមមានតិចតួចក៏ដោយ ក្នុងការប្រកួតបាល់ទាត់នៅយប់នេះ ថ្ងៃទី១០ ឧសភា ២០២៣ ។
លោក ជឿន ចក់ ដែលគេស្គាល់ថា ជាអ្នកធ្វើអត្ថាធិប្បាយកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ បានលើកឡើងថា ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 ក្នុងការបន្តឡើងទៅវគ្គបន្ត វាពិតជាពិបាកខ្លាំងណាស់ ព្រោះបន្ទាប់ពីការបរាជ័យដោយលទ្ធផល 2-0 ពេលជួបជាមួយក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៧ ខែឧសភាកន្លងទៅ កម្ពុជាយើងមានតែ៤ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ ក្នុងការឆ្លងកាត់ការប្រកួត៣ប្រកួតកន្លងមក ។
លោកចក់ បានបន្ថែមថា នៅយប់ថ្ងៃទី១០ ខែឧសភានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U22 នឹងត្រូវជួបជាមួយក្រុមខ្លាំងឥណ្ឌូនេស៊ី U22 ហើយបើគិតពីកម្រិតប្រៀបធៀប រវាងឥណ្ឌូនេស៊ី ជាមួយមីយ៉ាន់ម៉ា គឺឥណ្ឌូនេស៊ី ល្អជាងមីយ៉ាន់ម៉ាឆ្ងាយណាស់ ដូច្នេះកម្ពុជាយើងពិតជាមានសង្ឃឹមតិចណាស់ក្នុងការយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ីនៅយប់នេះ ។
ប៉ុន្តែលោកចក់ បានបញ្ជាក់ថា កម្ពុជានឹងឡើងទៅកាន់វគ្គបន្ត ប្រសិនបើរឿងមួយនេះកើតឡើងក្នុងការប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី ក្នុងករណីកម្ពុជាឈ្នះឥណ្ឌូនេស៊ី ហើយមីយ៉ាន់ម៉ា ចាញ់ឬស្មើជាមួយក្រុមហ្វីលីពីន នោះកម្ពុជានឹងឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ។
អ្នកធ្វើអត្ថាធិប្បាយបាល់ទាត់រូបនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រុមបាល់ទាត់ជម្រើសជាតិដែលលេងល្អជាងគេ គឺក្រុមបាល់ទាត់ថៃ U22 ព្រោះលោកពេញចិត្តនឹងការលេងរបស់ក្រុមជម្រើសជាតិថៃ ព្រោះគេមានទម្រង់លេងជាក់លាក់ច្បាស់លាស់ក្នុងការលេងបាល់ខ្លី និងការសង់តង់គ្នាទៅវិញទៅមក គឺពិតជាល្អខ្លាំងមែនទែន ។ ជាពិសេស ការលេងរបស់ក្រុមជម្រើសជាតិថៃគេលេងប្រយ័ត្នណាស់ ក្នុងការចេញបាល់ និងគ្រប់គ្រងបាល់ គឺគ្រប់យ៉ាងគេលេងដោយទំនុកចិត្តខ្ពស់បំផុត ។
សូមបញ្ជាក់ថា នៅម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមកម្ពុជា នឹងជួបឥណ្ឌូនេស៊ី ១ប្រកួតទៀត នៅក្នុងពូល A ដែលមាន ៥ក្រុម គឺកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត ។ ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា ទទួលបាន៤ពិន្ទុ ខណៈឥណ្ឌូនេស៊ី ៣ប្រកួតកន្លងមក ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ។ មីយ៉ាន់ម៉ា មាន៦ពិន្ទុ ។ ទីម័រខាងកើត មាន៣ពិន្ទុ និងហ្វីលីពីន មាន១ពិន្ទុ ។
ក្នុងការប្រកួតជាមួយឥណ្ឌូនេស៊ី ដែលជាក្រុមខ្លាំងនៅកំពូលតារាងនាម៉ោង៧យប់ថ្ងៃទី១០ឧសភា គឺកម្ពុជាយើង ត្រូវការឈ្នះ ។ រីឯមីយ៉ាន់ម៉ា ត្រូវជួបហ្វីលីពីន ដែលជាក្រុមបាតតារាង ក្នុងពូល A ។ ហើយក្នុងថ្ងៃនេះ បើកម្ពុជាយើងឈ្នះឥណ្ឌូនេស៊ី ហើយមីយ៉ាន់ម៉ាស្មើ ឬក៏ចាញ់ហ្វីលីពីន ទើបកម្ពុជាយើងអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
ចែករំលែកព័តមាននេះ