ខេត្តពោធិ៍សាត់ ៖ មន្ត្រីប៉ូលិសគ្រឿងញៀនខេត្តពោធិ៍សាត់ម្នាក់ត្រូវរថយន្តកិនដាច់ជើងម្ខាង ឯម្ខាងទៀតបាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររហូតបាត់បង់ជីវិត ខណៈជិះរថយន្តប្រដេញកៀរគ្នានឹងរថយន្ត FUSO មួយគ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មេសា ត្រង់ចំណុចភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ។
លោកង៉ាន វ៉ាន់នី មន្ត្រីប៉ូលិសចរាចរផ្លូវគោក ខេត្ត បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះរី វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកោះ សង្កាត់លលក.ស ក្រុងពោធិ៍សាត់ ជាមន្ត្រីប៉ូលិសគ្រឿងញៀនខេត្ត ។ ជនរងគ្រោះជិះក្នុងរថយន្តកាមរី ចង្កូតស្តាំ ស៊េរីឆ្នាំ៩៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ NGO-201-2-181 បើកបរដោយឈ្មោះសាំង វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជានាយកអង្គការអភិរក្សបរិស្ថាន និងធនធានធម្មជាតិប្រចាំខេត្តពោធិ៍សាត់។ គាត់ ពុំមានរបួសអ្វីទាំងអស់ តែរថយន្តក្រពឹតទ្វារខាងស្តាំ បែកកញ្ចក់មុខ និងកង់ទាំង៤ចេញកៅស៊ូនៅសល់តែដែកប៉ុណ្ណោះ ។ ចំណែករថយន្តបង្កគ្រោះថ្នាក់ម៉ាក FUSO កង់១៦ ពណ៌ស្លាទុំ ពាក់ស្លាកលេខ សៀមរាប 3A-0125 (រថយន្តសម្រាប់ដឹកគ្រឿងចក្រ) អ្នកបើកបរមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ ។ រថយន្តនេះមានផ្សារ ធ្វើឃ្លុបបាតក្រោមផ្ទុកឈើគ្រញូងតូចៗ ចំនួន៤២៣ដុំ មានទម្ងន់១.១០៥គីឡូក្រាម ស្មើនឹង០,៨១៨ម៉ែត្រគូប ។
លោសាំង វាសនា ដែលរួចផុតជីវិតពីសេចក្ដីស្លាប់និយាយថា នៅវេលាយប់នោះ ខ្លួននិងឈ្មោះរី វុទ្ធី ជិះរថយន្តទៅស្រុកក្រគរ។ លុះទៅដល់ចំណុចកើតហេតុបានវ៉ារថយន្ត FUSO ខាងលើ។ ខណៈពេលរថយន្តរបស់លោកបើកទៅដល់ទន្ទឹមគ្នា ស្រាប់តែរថយន្ត FUSO ងាកចង្កូតមកឆ្វេងខោកចំទ្វាររថយន្តរបស់លោក បណ្តាលឱ្យរេក្បាលទទឹងថ្នល់។ ពេលនោះរថយន្តFUSO ក៏បុករុញទៅមុខរាប់រយម៉ែត្រចេញផ្កាភ្លើងព្រាកៗពេញថ្នល់។ ឃើញដូច្នោះ ឈ្មោះរី វុទ្ធី (ជនរងគ្រោះ) បានបើកទ្វាររថយន្តហក់ចេញក៏ត្រូវរថយន្តកិនដាច់ជើងស្ដាំ និងបាក់ជើងឆ្វេងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពេលនោះដោយសាររថយន្តជាប់គ្នាមិនរបេះនោះ អ្នកបើកបររថយន្ត FUSO ក៏ឈប់ រួចហើយរត់គេចខ្លួនតែម្ដង ។ លោកមិនបានដឹងថា រថយន្ត FUSO នោះមានផ្ទុកឈើគ្រញូងទេ។
លោកវរសេនីយ៍ត្រីរស់ ចំរើន ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលខេត្តពោធិ៍សាត់ឱ្យដឹងថា ក្រោយកើតហេតុ យើងបានយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ តែដោយ សារអាការធ្ងន់ធ្ងរពេក ព្រឹកឡើងក៏បញ្ជូនទៅព្យាបាលបន្តនៅខេត្តបាត់ដំបង។ ប៉ុន្តែទើបតែធ្វើដំណើរដល់ឃុំបឹងខ្នារ ស្រុកបាកាន ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ទៅ។ នៅក្នុងរថយន្ត FUSO គេឃើញមានប័ណ្ណប៉ាតង់មួយសន្លឹក សេវាដឹកជញ្ជូនគ្រប់គ្រងដោយឈ្មោះលៀក សុខនី ស៊ីញ៉េដោយប្រធានសាខាពន្ធដារខេត្តកំពង់ធំ។ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឯឈើគ្រញូងប្រគល់ឱ្យខាងរដ្ឋបាលព្រៃឈើគ្រប់គ្រង។
សមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើនបានសន្និដ្ឋានថា លោកសាំង វាសនា និង លោករី វុទ្ធី (ជនរងគ្រោះ) នៅយប់នោះ ទំនងជាបើករថយន្តដេញតាមរថយន្ត FUSO ព្រោះអាចដឹងថា ក្នុងរថយន្ត FUSO មានផ្ទុកឈើគ្រញូង។ បើសិនជាដូច្នេះមែនរថយន្តលោកសាំង វាសនា អាចបើកវ៉ារថយន្ត FUSO ខាងស្ដាំព្រោះមានស្នាមកូដ ហើយរថយន្តរបស់លោកសាំង វាសនា នោះក៏ខ្ទេចចង្កៀងខាងឆ្វេងដែរ។ មានការសន្និដ្ឋានទៀតថា ពេលវ៉ាខាងស្ដាំផុត លោកសាំង វាសនា អាចយករថយន្តរបស់ខ្លួនពាំងពីមុខ ទើបរថយន្ត FUSO បុករុញទៅមុខតែម្ដង។ បើសិនជាដឹងថា រថយន្ត FUSO មានផ្ទុកឈើគ្រញូងមែន គេឆ្ងល់ថា ហេតុអ្វីប៉ូលិសគ្រឿងញៀនទៅដេញចាប់ឈើកណ្ដាលអធ្រាត្របែបនេះទៅវិញ ។
កន្លងមកមានមតិរិះគន់ច្រើនណាស់ទៅលើអង្គការមួយចំនួនដែលប្រព្រឹត្តមិនត្រឹមត្រូវ ដេញស្ទាក់រថយន្តដឹកឈើជម្រិតទារប្រាក់។ បើមិនឱ្យទេគេរាយការណ៍ប្រាប់មន្ត្រីជំនាញ និងសមត្ថ កិច្ចភ្លាម។ ជាក់ស្ដែងនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ប្រជាពលរដ្ឋរាយការណ៍មកថា មានអង្គការបរិស្ថានមួយ កំពុងដាក់កុងត្រូលជជុះនៅទីនោះ៕
ចែករំលែកព័តមាននេះ