ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ឈប់​ស្នូរ​កាំភ្លើង​បរាជ័យ ពេល​ថ្ងៃដេក​ ពេលយប់​បា.ញ់ចូល​កម្ពុជា

14 ឆ្នាំ មុន

អ្នក​នាំពាក្យ​ក្រសួងការ​ពារ​ជាតិ​បាន​ប្រកាស​ពី​សភាព​ការណ៍​ពី​សមរភូមិ​មុខ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១ ឧសភា ​​ឱ្យ​ដឹងថា ​ក្រោយ​ពី​មាន​ការ​​ជួប​គ្នា​ចំនួន​២​លើក​នៅ​តំបន់​​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ​រវាង​មេ​បញ្ជា​ការ​​ថ្នាក់​យោធ​​ភូមិ​ភាគ និង​នាយ​ទាហាន​​ជួរ​មុខ​ថ្នាក់​កង​ពល កាល​ពី​ថ្ងៃ​ទី​២៨-២៩ ​មេសា ឆ្នាំ​២០១១ ​​ទាហាន​ថៃ​នៅតែ​បន្ត​ការ​ឈ្លាន​ពាន​

អ្នក​នាំពាក្យ​ក្រសួងការ​ពារ​ជាតិ​បាន​ប្រកាស​ពី​សភាព​ការណ៍​ពី​សមរភូមិ​មុខ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១ ឧសភា ​​ឱ្យ​ដឹងថា ​ក្រោយ​ពី​មាន​ការ​​ជួប​គ្នា​ចំនួន​២​លើក​នៅ​តំបន់​​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ​រវាង​មេ​បញ្ជា​ការ​​ថ្នាក់​យោធ​​ភូមិ​ភាគ និង​នាយ​ទាហាន​​ជួរ​មុខ​ថ្នាក់​កង​ពល កាល​ពី​ថ្ងៃ​ទី​២៨-២៩ ​មេសា ឆ្នាំ​២០១១ ​​ទាហាន​ថៃ​នៅតែ​បន្ត​ការ​ឈ្លាន​ពាន​មក​លើ​កម្លាំង​​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ ក្នុង​តំបន់​​ប្រាសាទ​​តា​ក្របី និង​ប្រាសាទ​តា​មាន់ ក្នុង​ស្រុក​​បន្ទាយ​អំពិល ​ខេត្ត​ឧត្តរ​មាន​ជ័យដដែល ។

​ការ​ប្រកាស​ឱ្យ​ដឹង​ថា ​នៅយប់​ថ្ងៃ​ទី​៣០ មេសា ចាប់​ពី​ម៉ោង​​៨​យប់ រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ ​ថ្ងៃ​ទី​១ ឧសភា ​ឆ្នាំ​២០១១ ទាហាន​ថៃ​​នៅ​តែ​បាញ់​ផ្លោង​កាំភ្លើង​​ត្បាល់​៨១​មិល្លី​ម៉ែត្រ ​និង​បោក​គ្រាប់​​បែក​នៅ​ខាង​មុខ​ខ្សែ​ត្រៀម​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅតំបន់​ប្រាសាទ​​តា​ក្របី និង​ប្រាសាទ​តា​មាន់ ជា​បន្ត​បន្ទាប់ ។ ទោះ​បី​​ជា​បែប​ណា កង​យោធ​ពល​ខេមរ​ភូមិន្ទ​នៅ​តែ​គោរព​អនុ​វត្ត​តាម​លទ្ធ​​ផល​នៃ​កិច្ច​​ពិភាក្សា​​ទាំងពីរ​លើក និង​ប្រកាន់​ខ្ជាប់​​យ៉ាង​ម៉ឺង​ម៉ាត់​​តាម​គោល​​ការណ៍​រាជ​រដ្ឋា​ភិបាល​ ​ក្នុង​សិទ្ធិ​ស្វ័យ​ការពារ​បូរណ​ភាព​ទឹក​ដី និង​រក្សា​បាន​នូវ​ទីតាំង​ឈរ​ជើង​លើ​តំបន់ស្រប​ច្បាប់​របស់​ខ្លួន​បាន​យ៉ាង​រឹង​មាំ ។

នៅវេលា​ម៉ោង​៣​រសៀល​​ថ្ងៃ​ដដែល សេច​ក្តី​ថ្លែង​ការណ៍​អ្នក​នាំ​ពាក្យ​​ក្រសួងការ​ពារ​ជាតិ​ ក៏​ត្រូវ​​បាន​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា ​ម្តង​ហើយ​ម្តង​ទៀត ការ​រំលោភ​​របស់​ទាហាន​ថៃ បាន​ធ្វើ​ឱ្យ​​កម្ពុជា​មាន​ការ​ខូច​ខាត​ជា​បន្ត​បន្ទាប់ ទោះ​ជា​មាន​ការ​ពិភាក្សា​​ឯក​ភាព​រវាង​មេ​បញ្ជា​ការ​ថ្នាក់​យោធ​ភូមិ​ភាគ​ មេ​បញ្ជា​ការ​កង​ពល​ជួរ​មុខ​កម្ពុជា-ថៃ ក៏​ដោយ ។ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ សូម​ថ្កោល​ទោស​ និង​មិន​អាច​ទទួល​យក​បាន ហើយ​យ៉ាង​ហោច​ណាស់​ នេះ​ជាការ​រំលោភ​លើក​​ទី​១០ ដែល​ទាហាន​ថៃ​បាន​ឯក​ភាព និង​សន្យា​​ហើយ​រំលោភ​​ជាក់​ស្តែង​ និង​បំភ្លៃ​​ចោទ​ប្រកាន់​កម្ពុជា ​ទោះ​បី​កម្ពុជា​កំពុង​ឈរ​ជើង​ក្នុង​ទឹក​ដី​ដែល​ជា​អធិប​តេយ្យ​របស់​ខ្លួន​យ៉ាង​ណា​ក្តី ។

​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​អំពាវនាវ​ដល់​ទាហាន​​ថៃ​ ឱ្យ​រក្សា​ត​ម្លៃ​​នៃ​កិច្ច​សន្យា​​ និង​អនុ​វត្ត​ឱ្យ​បាន​​ម៉ឺង​ម៉ាត់​នូវឆន្ទៈ​​ឈប់​បាញ់​​ឱ្យ​​​​មាន​ប្រសិទ្ធ ភាព​ខ្ពស់ ដើម្បី​អាយុ​ជីវិត​​មនុស្ស​ជាតិ មិន​ថា​យោធា ឬ​ជន​ស៊ីវិល​ដែល​រា​ប់​បញ្ចូល​​ទាំង​ស្ត្រី​ កុមារ និង​ចាស់​ជរា​ ដែល​ទទួល​ប៉ះ​ពាល់​អំពី​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​របស់​ទាហានថៃ ។ កង​យោធ​​ពល​ខេមរ​ភូមិន្ទ​នៅតែ​រក្សា​​ភាពអត់​ធ្មត់​ខ្ពស់​បំផុត ទោះ​បី​ជា​ទទួល​រង​គ្រោះ​ដល់​អាយុ​ជីវិត​ក៏​ដោយ ។ ​កង​យោធ​​​ពល​ខេមរ​ភូមិន្ទ​រក្សា​​សិទ្ធិ និង​កាតព្វ​កិច្ច​ក្នុង​ការ​ឆ្លើយ​តប​សមា​មាត្រ​​នឹង​អ្វីដែល​ទាហាន​​ថៃ​វាយ​ប្រហារ ដើម្បី​ការ​ពារ​ទឹក​ដី​ស្រប​ច្បាប់​របស់​ខ្លួន ។

ទាក់​ទិន​នឹង​ការ​រំលោភ​​បទ​ឈប់​បាញ់​ម្តង​ហើយ​ម្តង​ទៀត​នេះ ​លោក​អនុ​សេនីយ៍​​ឯក អ៊ឹម ម៉ន ឈរ​ជើង​​នៅខ្សែ​​ត្រៀម​ជួរ​មុខ​ប្រាសាទ​តា​មាន់ ​បាន​ឱ្យ​កោះ​​សន្តិ​ភាព​ដឹង​ថា កង​ទ័ព​កម្ពុជា​ដែល​កំពុង​ឈរ​ជើង​នៅ​សមរ​ភូមិ​មុខ ​បាន​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​បូរណ​ភាព​​ទឹក​ដី​ ហ៊ាន​លះ​បង់​សាច់​ស្រស់​​ឈាម​ស្រស់​​ និង​អាយុ​ជីវិត ​​មិន​ឱ្យ​ខ្មាំង​សត្រូវ​សៀម​​ឈ្លាន​ពាន​យក​​ទឹក​ដី​កម្ពុជា​បាន​ឡើយ។ ​និយាយ​ឱ្យ​ច្បាស់ គឺ​មិន​អនុ​ញ្ញាត​ឱ្យ​សៀម​​ដណ្តើម​កាន់​កាប់​​ទីតាំងឈរ​ជើង​បាន​​ជា​ដាច់​ខាត។

លោក​​អនុ​សេនីយ៍​​ឯក​បាន​បន្ត​ទៀតថា ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​សៀម​នោះ គឺ​កង​ទ័ព​ឈ្លាន​ពាន​សៀម​បាន​ប្រើ​ប្រាស់​កង​កម្លាំង​​​​របស់ខ្លួន​​រាប់​រយ​នាក់​ ​បាញ់​​អាវុធ​ធុន​ធ្ងន់ៗ​ចូល​មក​ក្នុង​ទីតាំងរបស់​កង​ទ័ព​កម្ពុជា និង​បាញ់​ផ្លោង​​ចូល​ជ្រៅ​ក្នុង​​ភូមិ​ប្រជា​ពល​រដ្ឋ​រ​ស់​​នៅ​រាប់​ពាន់​គ្រាប់​​ទៀត​ផង ។ ទោះ​បី​ជា​យ៉ាង​ណា កង​ទ័ព​របស់​កម្ពុជា​នៅ​តែ​មាន​ស្មារតី​​អង់​អាច​​ក្លា​ហាន​បាន​ធ្វើ​ការ​វាយ​បក​ទៅ​​​វិញ បណ្តាល​ឱ្យ​ក្រុម​ទាហាន​សៀម​ស្លាប់ និង​រង​របួស​​​ជា​ច្រើន​​នាក់ ។

​លោក​អនុ​សេនីយ៍​ឯក​បាន​បញ្ជាក់ថា ​ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​អស់​រយៈ​ពេល​ជាង​១​សប្តាហ៍​​កន្លង​ទៅ​ ក្រុម​ទាហាន​​សៀម​បាន​ស្លាប់​​ចោល​​​ខ្មោច​ក្នុង​ព្រៃ​ជា​ច្រើន ​​រហូតដល់​មេ​ដឹក​នាំ​​យោធ​ភូមិ​​ភាគ​សៀម​បាន​រត់​​មក​សុំ​ចរចា​ជា​មួយ​​មេ​បញ្ជា​ការ​យោធ​​ភូមិ​ភាគ​ទី៤ ​កម្ពុជា​ ​កាល​ពីថ្ងៃ​ទី​២៨ មេសា កន្លង​ទៅ​នេះ ។

ការ​ចរចា​​នេះ ត្រូវបាន​មន្ត្រី​​យោធា​រូប​នេះ​និយាយថា ​គឺ​សៀម​​រក​លេស​​សម្រាប់​ចូល​យក​ខ្មោច​​ទាហាន​របស់​គេ​ដែល​បាន​​​ស្លាប់​​​ឥត​ន័យ​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ ។ បន្ទាប់​​មក​​​សៀម​នៅតែ​បន្ត​វាយ​ប្រហារ​មក​លើ​​កម្ពុជា​ដដែល ។ ​ការ​ផ្ទុះ ​អាវុធ​​សា​ជា​ថ្មីអស់​រយៈ​​ពេល​១​ម៉ោង ​នា​ថ្ងៃ​​ដំបូង​នៃ​បទ​ឈប់​បាញ់​​​ បាន​បណ្តាល​ឱ្យ​ទាហាន​សៀម​​រង​របួស​​៦​នាក់​បន្ថែម​ទៀត តែ​សម្រាប់​ទាហាន​​កម្ពុជា​ពុំ​មាន​រង​របួស​ម្នាក់​​ណា​ឡើយ។ ចំណែក​​នៅ​ឯ​ប្រាសាទ​​តាក្របី ក៏​មាន​ការ​ផ្ទុះ​អាវុធ​​ផង​ដែរ បន្ទាប់​ពី​ក្រុម​ទាហាន​សៀម​បាន​បាញ់​កាំភ្លើង​​ធុន​ធ្ងន់​ដាក់​ទីតាំង​​កង​ទ័ព​​​កម្ពុជា​រហូត​​ដល់​ម៉ោង​៦​ព្រឹក​ទើប​ពួក​គេ​​បញ្ឈប់​​ការ​បាញ់​នេះ ។ ​នា​ថ្ងៃ​ទី​២៩ និង​៣០​​ មេសា ​​ក្រុម​ទាហាន​​សៀម​នៅតែ​បន្ត​បាញ់​​កាំភ្លើង​​ធុន​ធ្ងន់​​ៗ​​ដាក់​ទីតាំង​កង​ទ័ព​កម្ពុជា​ទៀត ហើយ​​មាន​គ្រាប់​​មិន​ទាន់​ផ្ទុះ​​ពី​​៥​ទៅ​១០​គ្រាប់ ​កំពុង​​ស្ថិត​នៅ​ក្នុង​ទីតាំង​​កង​ទ័ព​​កម្ពុជា​ ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បានកត់​សំគាល់​ថា ក្រោយ​ពី​ជំនួប​ពិភាក្សា​រវាង​លោក​ឧត្តម​សេនីយ៍​ត្រី នាក់ វង្ស មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេនា​ធិការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជាមួយ​លោក​ឌុល យ៉ា​ដេត​ មេ​បញ្ជា​ការ​វរសេនា​ធំ​ឈុត​ខ្មៅ​ថៃ​នៅ​ច្រក​អូរ​ស្មាច់​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១១ ទាហាន​ថៃ​នៅ​តែ​បន្ត​ការ​វាយ​ប្រហារ​រំខាន​មក​លើ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ក្នុង​តំបន់​ប្រាសាទ​តា​មាន់​ និង​ប្រាសាទ​តា​ក្របី​។

នៅ​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១១ ទាហាន​ថៃ​បាន​បាញ់​អាវុធ​ M79 ត្បាល់​៦០​មិល្លី​ម៉ែត្រ​ ៨០​មិល្លី​ម៉ែត្រ ១២០​មិល្លី​ម៉ែត្រ​ ជា​ច្រើន​គ្រាប់​មក​លើ​ទី​តាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នៅ​តំបន់​ប្រាសាទ​តា​ក្របី​ក្នុង​​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ​រហូត​ដល់​ម៉ោង​២០ និង​៣០​នាទី​បាន​ផ្អាក​ទៅ​វិញ​។ នៅ​វេលា​ម៉ោង​៥​ និង​៥នាទី​ព្រឹក ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​២០១១ រហូត​ដល់​ម៉ោង​៦ និង​៧​នាទី​ព្រឹក​ ទាហាន​ថៃ​បាន​បាញ់​អាវុធ​ M79 ត្បាល់​៦០​មិល្លី​ម៉ែត្រ​ ៨០​មិល្លី​ម៉ែត្រ ១២០​មិល្លី​ម៉ែត្រ​ជាច្រើន​គ្រាប់​ទៀត​មក​លើ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ក្នុង​តំបន់​ប្រាសាទ​តា​មាន់​ ប្រាសាទ​តា​ក្របី ក្នុង​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

សកម្ម​ភាព​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា ទាហាន​ថៃ​គ្មាន​ឆន្ទៈ​គោរព​ និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នោះ​ឡើយ​។ ពេល​វេលា​ដល់​ហើយ​សម្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ចាត់​វិធាន​ការ​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា គឺ​មិន​គួរ​បណ្តោយ​ឱ្យ​ថៃ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត​ដោយ​អាង​ថា​ខ្លួន​ជា​ប្រទេស​ធំ​នោះ​ទេ ពី​ព្រោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១​មក ទាហាន​ថៃ​បាន​បាញ់​ផ្លោង​ដោយ​គ្រាប់​កាំភ្លើង​​ជា​ច្រើន​ប្រភេទ​ដូច​ជា​ដេកា​៧៥​មិល្លី​ម៉ែត្រ ដេកា​៨២​មិល្លី​ម៉ែត្រ កាំភ្លើង​ធំ​១០៥​មិល្លី​ម៉ែត្រ និង​កាំភ្លើង​ធំ​១៥៥​មិល្លី​ម៉ែត្រ ចូល​ក្នុង​តំបន់​ប្រាសាទ​តាក្របី រហូត​ដល់​​ជប់​គគីរ និង​ចូល​ជ្រៅ​ចម្ងាយ​២១​គីឡូ​ម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា ខេត្ត​ឧត្តរ​មាន​ជ័យ។

ទង្វើ​ដ៏​ព្រៃ​ផ្សៃ​របស់​កង​ទ័ព​​ថៃ គឺ​បាន​រំលោភ​លើ​ស្មារតី​នៃ​សេចក្តី​ថ្លៃង​ការណ៍​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ចុះ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១១ និង​សេចក្តី​ថ្លែង​ការណ៍​ប្រធាន​អាស៊ាន ចុះ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១។ ការ​ឈ្លាន​ពាន​ជា​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្លាប់ និង​របួស​កង​ទ័ព និង​ពល​រដ្ឋ​ស៊ីវិល​ជា​ច្រើន​នាក់ និង​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ខូច​ខ្ទេច​ខ្ទី​អស់។ អ្នក​ភូមិ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​ចំណោម​ពល​រដ្ឋ​ចំនួន​៥.៩២០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​លំនៅ​ឋាន។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ថៃ​រ៉ាត់​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​ថៃ​គាំទ្រ​កង​ទ័ព​យ៉ាង​ពេញ​ទំហឹង។ ប្រទេស​ថៃ​ជ្រើស​យក​ការ​បង្ក​សង្គ្រាម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឆាំង​នឹង​កម្ពុជា​ដែល​វា​ជា​ការ​ហួស​សម័យ​ទៅ​ហើយ​នៅ​ក្នុង​សត​វត្ស​ទី​២១​នេះ។ នៅ​ក្នុង​ក្រសែ​ភ្នែក​ជាតិ-​អន្តរ​ជាតិ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​ថៃ​បាន​ព្យាយាម​ប្រើ​ល្បិច​កល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​គ្រប់​បែប​​យ៉ាង​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ដូច​ជា​ កាល​ពី​ថ្ងៃ​​ទី​១៥ កក្កដា ឆ្នាំ​២០០៨, ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០០៨, ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០០៩, ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ ២០១១ និង​ព្រឹត្តិ​ការណ៍​ចាប់​ពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១​មក​នេះ គឺ​ជា​សង្គ្រាម​ដែល​ថៃ​បើក​ការ​បាញ់​ដោយ​ទ្រង់​ទ្រាយ​ធំ​មក​លើ​កម្ពុជា ដោយ​សារ​តែ​ប្រទេស​ថៃ​ប្រើ​ប្រាស់​ផែន​ទី​ចោរ​លួច​គូ​ដោយ​ឯក​តោ​ភាគី​គ្មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ។

កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១១ ប្រទេស​ថៃ​បាន​ឯក​ភាព​យល់​ព្រម​ទទួល​យក​ការ​ឈប់​បាញ់​គ្នា​ជា​អចិ​ន្ត្រៃយ៍​នៅ​មុខ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ តែ​ចាប់​ពី​ពេល​នោះ​មក​ថ្ងៃ​មិន​ដែល​យក​មក​អនុ​វត្ត​តាម​បំណង​ដ៏​ល្អ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ម្តង​ណា​ឡើយ ថៃ​មិន​ត្រឹម​តែ​មាក់​ងាយ​ប្រមាថ​ប្រធាន​អាស៊ាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រំលោភ​លើ​ស្មារតី​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ បើ​សិន​ជា​ថៃ​គោរព​ស្មារតី​អង្គ​ប្រជុំ​​នោះ ថៃ​ក៏​មិន​បង្ក​ជា​ថ្មី​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ទេ។ ហេតុ​ដូច្នេះ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ គប្បី​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​៕