ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេផឹកស្រាបៀរស្រវឹង ហើយឆក់ឱកាសចាប់រំលោភកូនស្រីម្ចាស់ផ្ទះរបស់ខ្លួនស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៩ មេសា ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះឈ្មោះសុវណ្ណ ភារៈ ហៅហយ អាយុ២៣ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកស្នាក់នៅបណ្ដោះអាសន្នផ្ទះនារីរងគ្រោះ។
បងស្រីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់ខ្លួនបានទិញស្រាបៀរ១កេសផឹកស៊ីជុំគ្នាជាមួយបងប្អូនក្នុងនោះក៏មានជនសង្ស័យដែរ ។ ក្រោយពីផឹកចប់ឪពុកម្ដាយរបស់ខ្លួនបានបបួលគ្នាទៅមើលគេលេងសៀកនៅព្រលានក្រហម ដោយឱ្យខ្លួន ប្អូនស្រីរងគ្រោះ និងជនសង្ស័យនៅចាំផ្ទះ។ ក្រោយពីឪពុកម្ដាយខ្លួនចេញផុត ខ្លួនក៏បានឡើងទៅលើផ្ទះសម្រាក ចំណែកប្អូនស្រីនិងជនសង្ស័យនៅក្រោមផ្ទះដោយពុំនឹកស្មានថា មានរឿងបែបនេះទេ ព្រោះជនសង្ស័យស្នាក់នៅផ្ទះជាមួយគ្នាដូចបងប្អូន ។ ពេលនៅតែ២នាក់ស្ងាត់ៗបែបនេះ ជនសង្ស័យក៏បានឆក់ឱកាសចាប់រំលោភប្អូនស្រីរបស់ខ្លួនដែលមានសតិមិនសូវគ្រប់ផង ធ្វើឱ្យនាងស្រែកយំ។ ពេលឮសំឡេងប្អូនស្រីយំ ខ្លួនក៏ចុះពីលើផ្ទះមកឃើញជនសង្ស័យកំពុងចាប់ប្អូនស្រីរំលោភ ភ្លាមនោះខ្លួនក៏បានទូរស័ព្ទទៅប្រាប់ឪពុកម្ដាយ រួចពួកគាត់មកដល់ផ្ទះបានទូរស័ព្ទទៅប្ដឹងកងរាជអាវុធហត្ថឱ្យមកឃាត់ខ្លួនជនសង្ស័យតែម្តង។
លោកអនុសេនីយ៍ទោ អ៊ុន វណ្ណា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអង្គភាពកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីជននេះធ្វើសកម្មភាពចាប់រំលោភកូនស្រីម្ចាស់ផ្ទះដែលខ្លួនស្នាក់នៅជាមួយ។ ប៉ុន្តែការប្រព្រឹត្ដនេះពុំបានសម្រេចទេព្រោះបងស្រីនាងឃើញទាន់ក៏បានទូរស័ព្ទឱ្យឪពុកម្ដាយរបស់នាងប្ដឹងមកកម្លាំងយើងចុះធ្វើការឃាត់ខ្លួនភ្លាមៗនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងទាំងយប់។ លុះព្រឹកឡើងថ្ងៃទី៣០ មេសា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបូងខេត្ដដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះមែន តែពុំបានសម្រេចឡើយ។ ការដែលខ្លួនចាប់រូបនាងនេះ ដោយសារតែខ្លួនស្រវឹង ហើយនារីរងគ្រោះបានមកធ្វើសរសៃឱ្យ ខ្លួនទើបខ្លួនមានអារម្មណ៍ចង់រួមរ័កក៏ចាប់នាងតែម្តងទៅ៕
ចែករំលែកព័តមាននេះ