ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំភ្លើង​​ស្ទាក់​បា.ញ់​​រថយន្ត​លោក​ឈា នី តំណាង​​ពល​រដ្ឋ​តំបន់​​បឹង​ប្រាំ

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ សមត្ថ​កិច្ច​មូល​ដ្ឋាន​​បាន​រាយ​ការណ៍​ពី​តំបន់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ «បឹង​ប្រាំ» ស្រុក​បវេល​មកថា ខ្មាន់​កាំភ្លើង​​ដែល​មាន​រុំ​មុខ​ជិត​បាន​ស្ទាក់​បា.ញ់​​​រថយន្ត​លោក​​ឈា នី ដែល​ជា​តំណាង​ពល​រដ្ឋ​នៅតំបន់ «បឹង​ប្រាំ» នេះ​ពី​ក្នុង​គុម្ពោត​ព្រៃ​ត្រង់​ចំណុច​បឹង​កំប្រុក ស្ថិត​ក្នុង​ភូមិ​បឹង​សង្កែ ​ឃុំ​អំពិល​ប្រាំដើម ​កាល​ពី​វេលា​​ម៉ោង​៩​ព្រឹក​​ថ្ងៃ​ទី​១ ឧសភា ​

ខេត្ត​បាត់​ដំបង ៖ សមត្ថ​កិច្ច​មូល​ដ្ឋាន​​បាន​រាយ​ការណ៍​ពី​តំបន់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ «បឹង​ប្រាំ» ស្រុក​បវេល​មកថា ខ្មាន់​កាំភ្លើង​​ដែល​មាន​រុំ​មុខ​ជិត​បាន​ស្ទាក់​បាញ់​​​រថយន្ត​លោក​​ឈា នី ដែល​ជា​តំណាង​ពល​រដ្ឋ​នៅតំបន់ «បឹង​ប្រាំ» នេះ​ពី​ក្នុង​គុម្ពោត​ព្រៃ​ត្រង់​ចំណុច​បឹង​កំប្រុក ស្ថិត​ក្នុង​ភូមិ​បឹង​សង្កែ ​ឃុំ​អំពិល​ប្រាំដើម ​កាល​ពី​វេលា​​ម៉ោង​៩​ព្រឹក​​ថ្ងៃ​ទី​១ ឧសភា ​បណ្តាល​ឱ្យ​​ក្មេង​ប្រុស​ជំទង់​ម្នាក់​ដែល​អង្គុយ​ក្នុង​រថយន្ត​​រង​របួស​ជើង​ម្ខាង ក្នុងគ្រា​ដែល​លោក​ឈា នី ធ្វើ​ដំណើរ​​ជា​មួយ​ក្រុម​ការ​ងារ​របស់​លោក​មក​កាន់​សាលា​​​ស្រុក​បវេល ។

​លោក​ឈា នី អាយុ​៣៨ឆ្នាំ បាន​ប្រាប់​កោះ​សន្តិ​​ភាព​ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​មក​លើ​រូប​លោក​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​​ថា ខ្មាន់​កាំភ្លើង​​នោះ​រុំ​មុខ​ជិត​ស្ថិត​ក្នុង​គុម្ពោត​ព្រៃ​ចម្ងាយ​ពី​រថយន្ត​​របស់​លោក​ប្រហែល​១៥​ម៉ែត្រ​ប៉ុណ្ណោះ ​ហើយ​ជន​នេះ​បាន​ប្រើ​ប្រាស់​កាំភ្លើង AK បាញ់​រះ​មក​លើ​រូប​លោក​​ដែល​អង្គុយ​ក្នុង​រថយន្ត​​ជា​មួយ​ក្រុម​ការ​ងារ និង​ភរិយា​​របស់​លោក ។ លោក​ឈា នី បាន​បញ្ជាក់ថា ​លោក​បាន​ចេញ​ដំណើរ​ពី​ផ្ទះ​នៅ​ភូមិ​សំណាង​ព្រះ​ស្រី ឃុំ​អំពិ​ល​ប្រាំ​ដើម ឆ្ពោះ​​ទៅ​សាលា​ស្រុក​បវេល ប៉ុន្តែ​ ពេល​ចេញ​បាន​ចម្ងាយ​ប្រហែល​២​​គីឡូ​ម៉ែត្រ ​ដល់​ចំណុច​វាល​ស្រែ​មួយ​កន្លែង​ក៏​ប្រទះ​ឃើញ​​ក្មេង​ប្រុស​​២​នាក់​​កំពុង​ដើរ​តាម​ផ្លូវ ​ឃើញ​ដូច្នេះ​រូប​គាត់​ក៏​ឈប់​រថយន្ត​​ដើម្បីដឹក​ក្មេង​ប្រុស​នោះ​ទៅ​ជា​មួយ​ដោយ​ការ​អាណិត​អាសូរ ។ ក្មេង​ប្រុស​ចូល​ក្នុង​រថយន្ត​​មិនទាន់​បិទ​ទ្វារ​ផង ស្រាប់តែ​​ស្នូរ​​កាំភ្លើង​បាញ់​​រះ​មក​លើ​រថយន្តរបស់​​លោក​ពី​ក្នុង​គុម្ពោត​​ព្រៃ​ខាង​ឆ្វេង​​ដៃ​របស់​លោក ហើយ​គ្រា​នោះ​រូប​លោក​បានបន្ថែម​​ល្បឿន​​​រថយន្ត​ លុះ​​បាន​ឆ្ងាយ​បន្តិច​គាត់​ឈប់​រថយន្ត​ពិនិត្យ​ឃើញ​ស្នាម​គ្រាប់​កាំភ្លើង​ទម្លុះ​​ទ្វារ​រថយន្ត​របស់​គាត់​ចំនួន​២​កន្លែង ​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​រើន រឿត អាយុ​១៦​ឆ្នាំ របួស​ជើង​​ខាង​ស្តាំ ហើយ​ភ្លាម​នោះ​រូប​លោក​បាន​ទូរស័ព្ទ​រាយ​ការណ៍​ទៅសមត្ថ​កិច្ច​ភ្លាមៗ​ដែរ ។

លោក​ឌី សារ៉េត អធិ​ការ​ស្រុក​បវេល ដែល​កំពុង​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​កាន់​តំបន់​​កើត​ហេតុ​នោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ពិត​ជា​មាន​ការ​បាញ់​ប្រហារ​​ទៅ​លើ​រថយន្ត​លោក​​ឈា នី មែន ។ ​លោក​អធិ​ការ​​​​​រង​បាន​បញ្ជាក់ថា ​កម្លាំង​របស់​លោក​កំពុងពិនិត្យ​កន្លែង​បាញ់​ប្រហារ ដើម្បី​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឈាន​ដល់​ការ​ឃាត់​មុខ​សញ្ញា ។

សូម​បញ្ជាក់ថា ​តំបន់ «បឹង​ប្រាំ» គឺជា​តំបន់​​ជម្លោះ​ដីថ្លី​ដ៏​​​ច្របូក​ច្របល់​បំផុត​ច្រើនឆ្នាំ​មក​ហើយ មិន​ទាន់​មាន​​ដំណោះ​ស្រាយ​​ណា​មួយ​ជា​ផ្លូវ​ការ​នោះ​ទេ ។ ​រីឯ​លោក​ឈា នី ជា​ភាគី​ម្ខាង​នៃ​ជម្លោះ​​នេះ ហើយ​រូប​លោក​ក៏ធ្លាប់​​ជាប់​គុក​ដោយ​សារ​តែ​វិវាទ​​ដីធ្លី​នៅ​តំបន់​​នេះ​ដែរ ។ ​បច្ចុ​ប្បន្ន​លោក​​ឈា នី ​ជា​​តំណាង​ប្រជាពល​រដ្ឋ​ដ៏​មាន​​ឥទ្ធិ​ពល​ម្នាក់​​នៅតំបន់​នោះ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ប៉ុន្តែ​រូប​លោក​ក៏​សំបូរ​​សត្រូវ​យាយី​មិន​តិច​ដែរ ដែល​ជា​​ភាគី​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​រូប​លោក​នៅ​តំបន់​​នោះ ។

​គួរ​រំលឹក​​ផង​ដែរ​ថា ក្រុម​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ដែល​ជា​ភាគី​ធ្លាប់​​មាន​ជម្លោះ​ជា​មួយ​លោក​ឈា នី កន្លង​មក បាន​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ក្តៅ​គគុក កាល​ពី​ថ្ងៃ​ទី ២៨ ​និង​ទី​២៩ មីនា​ កន្លង​​ទៅ​ថ្មីៗ​នេះ ជា​មួយ​នឹង​ក្រុម​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​​ដីធ្លី​ដែល​មាន​ទាំងសមត្ថ​កិច្ច​ផង ក្នុង​គ្រា​​ដែល​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​នេះ​ចុះ​ទៅ​បោះ​បង្គោល​​កំណត់​ព្រំដែន​សម្ប​ទាន​សង្គម​កិច្ច​របស់រដ្ឋ​នៅចំណុច​បឹង​ស្រមោច​ និង​បឹង​ប្រាំ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​អំពិល​ប្រាំដើម និង​ឃុំ​ព្រៃ​​ខ្ពស់ ស្រុក​បវេល ហើយ​​កាល​ណោះ​លោក​​ឈា នី ក៏ស្ថិត​ក្នុង​ជួរ​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​នេះ​ដែរ ។​ ក្រុម​ប្រជា​ពល​រដ្ឋ​​ដែល​ប្រដាប់​​ដោយ​កាំបិត​ពូថៅ​ និងដំបង​បានវាយ​កំទេច​​បង្គោល​ព្រំ​អស់​ចំ​នួន​៦​ដើម ដែល​ក្រុម​អាជ្ញា​ធរ​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​ ទើប​​ចាប់​​ផ្តើម​ដាំ​ជា​លើក​ដំបូង ។ ក្រុម​​អ្នក​ភូមិ​នេះ​បាន​ធ្វើ​​ការ​រារាំង​ក្រុម​ការ​ងារ​នេះ​មិន​ឱ្យ​​ចាក​​ចេញ​ពី​តំបន់​នោះ​ទៀត​ផង ​រហូត​មក​ដល់​ពេល​នេះ​ក្រុម​​​អាជ្ញា​ធ​រ​ខាង​លើ​មិន​ទាន់​មាន​ផែន​ការ​ជា​ថ្មី​នោះ​ទេ ។

លោក​ឈា នី បាន​និយាយថា ​តាំងពី​ពេល​នោះ​មក​រូប​លោក​ត្រូវ​បាន​ភាគី​ទំនាស់​នោះ តាម​យា​យី​អាយុ​ជីវិត​​​រូប​លោក និង​ក្រុម​គ្រួសារ​មិន​ឈប់​ឈរ ។ ​លោក​និយាយថា ​ភាគី​ប្រឆាំង​នោះ​បាន​ចោទ​ប្រកាន់​​រូប​លោក​ថា ជា​អ្នក​ផ្តើម​គំនិត​​ឱ្យ​ក្រុម​​គណៈ​កម្ម​ការ​នោះ​មក​បោះ​បង្គោល​​ព្រំ​ដី​សម្បទាន​​សង្គម​កិច្ច​របស់​រដ្ឋ​នៅ​តំបន់​នោះ ។ ​លោកថា ការ​ស្ទាក់​បាញ់​​រថយន្តរបស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា នេះ​គឺ ជា​ការ​ប៉ុន​ប៉ង​​បាញ់​ប្រហារ​មក​លើ​រូប​លោក​​ ភរិយា​លោក និង​ក្រុម​ការ​ងារ​របស់​លោក​ម្នាក់​ទៀត​ដែល​អង្គុយ​ក្នុង​រថយន្ត​កាមរី​ជា​មួយ​គ្នា​ ពី​សំណាក់​​ភាគី​ជម្លោះ​​ដីធ្លី​របស់​លោក​ហ្នឹង​ហើយ ។ លោក​និយាយថា​លោក​អាច​ស្គាល់​​ពី​អត្ត​សញ្ញាណ​នៃ​ខ្មាន់​​កាំភ្លើង​នោះ​​ ហើយ​មុន​ពេល​លោក​ចេញ​ដំណើរ​នា​ព្រឹក​នោះ​ក៏​មាន​អ្នក​រាយ​ការណ៍​ប្រាប់​ទៅខ្មាន់​កាំភ្លើង​នោះ​ដែរ។ ដូច្នេះ​ហើយ​ទើប​ជន​បិទ​មុខ​នោះ​មក​ស្ទាក់​ចាំ​ផ្លូវ​មុន ហើយ​រូប​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ទៅ កាន់​សមត្ថ​កិច្ច​​​ឱ្យ​ជួយ​ចាត់​ការ ។

ទោះ​បី​ជា​បែប​ណា​លោក​ឌី សារ៉េត អធិ​ការ​​​រង​បាន​បញ្ជាក់ថា ​មិន​ទាន់​មាន​តម្រុយ​ពី​ខ្មាន់​កាំភ្លើង​​នោះទេ ប៉ុន្តែ​នៅកន្លែង​កើត​ហេតុ​​យើង​ប្រទះ​ឃើញ​សំបក​គ្រាប់​​កាំភ្លើង AK ដែល​ជន​នេះ​បាញ់​​ហើយ​មាន​ស្នាម​​​ដាន​ជើង​ខ្មាន់​​កាំភ្លើង​ចំនួន​២​នាក់​រត់​ចេញពី​គុម្ពោត​ព្រៃ​នោះ ។ លោក​បាន​បញ្ជាក់ថា ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​បាន​រក​ឃើញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​គេ​សង្ស័យ​​ថា ជា​រ​បស់​ជន​សង្ស័យ​​​បាន​ធ្លាក់​ពេល​ពួក​គេរត់​​ចេញពី​គុម្ពោត​ព្រៃ៕