ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ជំនាញ​ធ្វើ​សិក្ខា​សាលា​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៩ មេសា ​នៅ​សណ្ឋា​គារ​​សាន់​វ៉េ ​មាន​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​​ផលិត​​ផល​ក្លែង​ក្លាយ​​ដែល​បង្ក​គ្រោះថ្នាក់​​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ។ សិក្ខា​សាលា​នេះ​​រៀប​ចំ​​ឡើង​ដោយ​​អ្នក​តំណាង​​ពិសេស​របស់​ក្រសួងការ​បរទេស​​ប្រចាំ​​សហ​គមន៍​អឺរ៉ុប និង​ជា​អ្នក​​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​​​ឱសថ​​ក្លែង​ក្លាយ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៩ មេសា ​នៅ​សណ្ឋា​គារ​​សាន់​វ៉េ ​មាន​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​​ផលិត​​ផល​ក្លែង​ក្លាយ​​ដែល​បង្ក​គ្រោះថ្នាក់​​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ។ សិក្ខា​សាលា​នេះ​​រៀប​ចំ​​ឡើង​ដោយ​​អ្នក​តំណាង​​ពិសេស​របស់​ក្រសួងការ​បរទេស​​ប្រចាំ​​សហ​គមន៍​អឺរ៉ុប និង​ជា​អ្នក​​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​​​ឱសថ​​ក្លែង​ក្លាយ ​ដោយ​​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​​​លោក​សូ ផន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​លោក​ឧត្តម​សេនីយ៍​ទោ ស៊ាង ប៊ុន​លាង ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច ​មន្ត្រី​មក​ពី​ស្ថាប័ន​តុលា​ការ នគរ​បាល​​យុត្តិ​ធម៌​ក្រសួង​ពាណិជ្ជ​កម្ម កសិ​កម្ម​ អាជ្ញា​ធរ​ម​ូល​ដ្ឋាន​​ពាក់​ព័ន្ធ​ និង​ក្រុម​ហ៊ុន​ឯក​ជន​​ជា​ច្រើន​ទៀត​ ។

គោល​បំណង​​សំខាន់​របស់​អង្គ​​​សិក្ខា​សាលា​នេះ ​ធ្វើ​ឡើង​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​​ឱសថ​​ក្លែង​ក្លាយ​​ ដែល​បង្ក​គ្រោះ​ថ្នាក់​​ខ្លាំងបំផុត​ដល់​សុខ​ភាព ​សុវត្ថិ​ភាព​សាធា​រណៈ និង​ផ្តោត​​សំខាន់​ទៅ​លើ​ការ​ប្រឈម​ទាំងឡាយ ដែល​គំរាម​​កំហែង​ដល់​សមត្ថ​ភាព​របស់​សមត្ថ​កិច្ច​ដែល​មាន​​តួនាទី​​បង្ក្រាប​​សកម្ម​ភាព​​លួច​នាំ​ចូល លួចផ​លិត លក់ និង​ចែកចាយ​​ឱសថ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។ ​អង្គ​សិក្ខា​សាលា​បាន​ធ្វើ​ឱ្យ​សមា​ជិក​ចូល​រួម​ទាំង​អស់​យល់​ដឹង​ និង​មាន​សមត្ថ​ភាព​ចាត់​វិធាន​ការ​ បង្ការ បង្ក្រា​ប​ឱសថ​ក្លែងក្លាយ ដើម្បី​បញ្ចៀស​ឱ្យ​ផុត​​ពី​ការ​គ្រោះ​ថ្នាក់​​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ ។

លោក​​វរ​សេនីយ៍​ទោ ​ឡុង ស្រេង ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​សរុប​នៃ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​​តួ​នាទី​ និង​ភារ​កិច្ច​របស់​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​យ៉ាង​ក្បោះ​ក្បាយ​ថា ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច កាលពី​ឆ្នាំ​២០១០ កន្លង​ទៅ បាន​បើក​ការ​ស៊ើប​អង្កេត​ និង​បង្ក្រាប​​បទ​ល្មើស​គ្រប់​ប្រភេទ​បាន​ចំនួន​៤២៨​ករណី ​ក្នុង​នោះ​មាន​បទ​ល្មើស​ជាក់​ស្តែង​ផង ដោយ​មាន​ការ​សហ​ការ​ជា​មួយ​អង្គ​ភាព​ជំនាញ​ពាក់​ព័ន្ធ ។ ​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​១៣១​នាក់ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​២៧​នាក់ បញ្ជូន​ទៅ​ស្ថាប័ន​​ជំនាញ​​ពាក់​​ព័ន្ធ​៦៦​នាក់ និង​បាន​អប់រំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​បញ្ឈប់​​​សកម្ម​ភាព​ខុស​​ច្បាប់​៦​នាក់។ ​
លោក​ឡុង ​ស្រេង បាន​បន្ត​ថា លទ្ធ​ផល​ដែល​នាយក​ដ្ឋាន​នគរបាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ធ្វើ​បាន​នេះ​ រួម​មាន​បទ​ល្មើស​​នាំ​ចូល​ឱសថ​ក្លែង​ក្លាយ​​គ្រប់​ប្រភេទ​​៧​ករណី បទ​ល្មើ​ស​ព្រៃ​ឈើ​២២២​ករណី បទ​ល្មើស​ជល​ផល​១២១​ករណី បទ​ល្មើស​កម្ម​សិទ្ធិ​បញ្ញា​៣០​ករណី ​បទ​ល្មើស​​នាំចូល​សាច់​បក្សី​ខូច​គុណ​ភាព​១៦​ករណី បទ​ល្មើស​ផលិត និង​ដឹក​ជញ្ជូន​ប្រេង​​ម្រះ​ព្រៅ​១​ករណី បទ​ល្មើស​ចរាចរ​​ប្រាក់់​ដុល្លារ​ក្លែង​ក្លាយ​១​ករណី ​បទ​ល្មើស​គេច​ពន្ធ​២​ករណី និង​ពាក់​ព័ន្ធ​​បទ​ល្មើស​​ផ្សេង​ទៀត​២៨​ករណី ។ ​

លោក​ឡុង ស្រេង ​បាន​ប​ន្ត​ទៀតថា ​នាយក​ដ្ឋាន​បាន​និង​​​កំពុង​ដាក់​ផែន​ការ​​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​បទ​ល្មើស​​ផលិត​​​ផល​ឱសថ​ក្លែង​ក្លាយ​​ និង​បទល្មើស​កម្ម​សិទ្ធិ​បញ្ញា​ក្នុង​ឆ្នាំ​២០១១​នេះ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ។ ​ផែន​ការ​ និង​សកម្ម​ភាព​​ខាង​លើ​​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​​ថែ​រក្សា​ការ​​ពារ​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ និង​លុប​​បំបាត់​ឈ្មួញ​ដែល​​រក​សីុ​ល្មើស​ច្បាប់​ សំដៅ​រួម​ចំណែក​​អភិ​​វឌ្ឍ​​​ប្រទេស​ជាតិ​​​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​​រដ្ឋា​ភិបាល៕