ខេត្តព្រៃវែង ៖ ស្ត្រីពីរនាក់ម្តាយ និងកូនត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រៃវែងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ មេសា នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្រោយពីឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន៤កញ្ចប់តូច ប្រាក់៧ម៉ឺនរៀល និងថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំមួយចំនួន ។ ស្ត្រីទាំង២នាក់នេះ កូនស្រីឈ្មោះឈុន រដ្ឋា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯម្តាយឈ្មោះសូ គន្ធា អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែង បានឱ្យដឹងថា យោងតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏ដូចជាបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទឹម ផន ស្នងការនគរបាលខេត្ត និងមានការឯកភាពពីការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ដោយមានការយល់ព្រមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៩ មេសា លោកបានដឹកនាំកម្លាំងក្រោមឱវាទបើកការបង្ក្រាបបទល្មើសជាក់ស្តែងមួយនៅចំណុចភូមិលេខ៨ សង្កាត់កំពង់លាវ ធ្វើការឆែកឆេរលំនៅឋានមួយរកឃើញថ្នាំញៀនមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូច ក្នុងនោះ២កញ្ចប់បិទជាប់ជាមួយលុយក្រដាស១០០រៀល និង២កញ្ចប់ទៀតលាក់នៅខាងក្រោមបាតប្រអប់ម្សៅ រួមជាមួយប្រាក់ចំនួន៧ម៉ឺនរៀល និងថង់ប្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួន ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់ខាងលើតែម្តង ។ លោកអធិការបានបន្តទៀតថា ក្រោយពីត្រូវចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀនដែលខ្លួនធ្វើការចែកចាយយកផលចំណេញទាំងនេះ គឺទទួលបានពីមុខសញ្ញានៅក្រៅភូមិសាស្ត្រ ហើយមនុស្សដែលខ្លួនចែកចាយថ្នាំទៅឱ្យគឺចាប់ពីអាយុ១៧ឆ្នាំទៅ៣០ឆ្នាំ ។ សមត្ថកិច្ចបានសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ។
លោកអធិការបានបញ្ជាក់ថា នេះជាលើកទី៥ហើយដែលសមត្ថកិច្ចនគរបាលក្រុងព្រៃវែង បានបើកការបង្ក្រាបក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ (ស្រី៤នាក់) រឹបអូសវត្ថុតាងថ្នាំញៀនបាន៣៧កញ្ចប់ រថយន្ត CR-V មួយគ្រឿង និងសំភារមួយចំនួនទៀត ។ ជាមួយនេះ លោកអធិការក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករក្នុងក្រុងព្រៃវែងទាំងអស់ដែលបានចូលរួមល្អក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលក្រុង ទើបយើងអាចសម្រេចបានជោគជ័យក្នុងការបង្ក្រាបបទល្មើសទាំងអស់ពិសេសគឺបទល្មើសគ្រឿងញឿន ហើយក៏សុំឱ្យបន្តការចូលរួមនេះឱ្យបានសស្រាក់សស្រាំតទៅទៀត៕
ចែករំលែកព័តមាននេះ