ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​តំបន់​ការពារ​ធនធានធម្មជាតិ​មិន​អាច​ទិញ​លក់​បាន​ទេ​… ប៉ុន្តែ​សព្វថ្ងៃ​រលាយ​បាត់​ហើយ

11 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់…

ខេត្ត​ប៉ៃលិន ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ក្នុង​ការ​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ច្បាប់ ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ តំបន់​បរិស្ថាន​ខេត្ត​ប៉ៃលិន នៅ​ក្នុង​សាល​ប្រជុំ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន ។

លើស​ពី​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ ការ​បើក​សិក្ខាសាលា​នេះ គឺ​មាន​គោលបំណង​បង្ហាញ​ពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​តំបន់​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ នៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើតឡើង​ចំពោះ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ច្រើន​យ៉ាង​សំឡូត​ប៉ៃលិន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​និង​ការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​ជន​ណា​ដែល ហ៊ាន​រុករាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន ព្រមទាំង​អ្នក​ដែល​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​តំបន់​បរិស្ថាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ព្រមាន​យ៉ាង​ច្បាស់​ថា នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​នរណា​ម្នាក់​ហ៊ាន​យក​ធ្វើ​ជា​កម្មវត្ថុ នៅ​ក្នុង​ការ​ទិញ​លក់​បាន​ឡើយ ជា​ពិសេស រាល់​ការ​ទិញ​លក់​ដី​នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ត្រូវ​បាន​ចោល​ជា​អសារ​បង់ ហើយ អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដូច​ជា​អ្នកទិញ​ពី​ប្រជាពលរដ្ឋ​ដែល​លួច​កាប់​ទន្ទ្រាន អ្នក​ដែល​លួច​កាប់​ឆ្កា​ដាំ​ដំណាំ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏​មាន​ប្រសាសន៍ ជំរុញ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ចូលរួម​ជា​មតិយោបល់ ធ្វើ​យ៉ាងណា​ឱ្យ​បាន​ផុលផុស​ប្រកបដោយ​ចំណេះដឹង​ជា​ពិសេស សម្រាប់​យក​ទៅ​អនុវត្ត​តាម​អង្គភាព​នីមួយ​ៗ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​៖ នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មាន​តំបន់​ការពារ​ធនធានធម្មជាតិ​១​កន្លែង គឺ​តំបន់​ប្រើប្រាស​ច្រើន​យ៉ាង​សំឡូត​ប៉ៃលិន​។ តែ​គួរ​ឱ្យ​ខ្លោចចិត្ត​យ៉ាង​ខ្លាំង ខណ​:​ដែល​បច្ចុប្បន្ន​នេះ​តំបន់​ខាងលើ​នោះ​ស្ទើរតែ​ក្លាយទៅជា​វាល​រហោស្ថាន​ជា​អន្លើរ​ៗ​ទៅ​ហើយ ដោយ​អស់​ព្រៃឈើ​រលីង និង​បាន​ប្រែ​ក្លាយជា​ដី​កម្ម​សិទ្ធ​បុគ្គល​ឯកជន ដែល​ជា​អ្នកមាន​លុយ មាន​អំណាច​មួយ​ចំនួន បែងចែក​គ្នា​យ៉ាង​រលូន​។

ជាក់ស្តែង កាលពី​ពេល​ថ្មី​នេះ ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចេញ​លិខិត​ណែនាំ​មួយ​ស្តី​ពី​ការ​ទប់ស្កាត់​ការ​រុករាន ការ​កេណ្ឌ​ប្រជាពលរដ្ឋ​ទៅ​កាប់​ឆ្ការ និង​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​បរិស្ថាន​ខាង​លើ​នោះ​ដែរ​។ ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​រស់នៅ​ក្បែរ​តំបន់​ខាងលើ មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ក្រែង​អស់​ព្រៃឈើ​ខាងលើ ព្រោះតែ​មាន​ដំណឹង​ខ្សឹបខ្សៀវ​គ្នា ពី​ការ​កំណត់ចំណាំ​ព្រំ​ដី​ខាងលើ​អស់​ទៅ​ហើយ ។

បើសិនជា​បន្ត​កាប់​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិច​ខាងលើ អាច​នឹង​នាំ​ឱ្យ​កើត​ទៅ​ជា​អាកាស​ធាតុ គ្មាន​លំនឹង បង្ក​ជា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ព្យុះ ផ្គរ​រន្ទះ ធ្វើ​ឱ្យ​កើត​ទៅ​ជា​គ្រោះ​រាំង​ស្ងួត ឬ​ក៏​ក្លាយទៅជា​គ្រោះ​ធម្មជាតិ​ជំនន់​លិចលង់ ខណ​:​ដែល​ព្រៃឈើ​កាន់តែ​អស់​ទៅ​ៗ ពី​តំបន់​អភិរក្ស​៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ