ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គ្រោង​ទុក​របស់​ក្លឹប​បាល់ទាត់​​នៅ​អឺរ៉ុប​ក្នុង​ការ​ទិញ​កីឡាករ​​នៅរដូវ​កាល​២០១១-២០១២

14 ឆ្នាំ មុន

*Chelsea ​យល់​ព្រម​​ចំណាយ​៤០​លាន​ផោន​​​ទិញ​កីឡាករ​ហ្គារ៉េត បេល​ពីក្លឹប​​ Spurs *ក្លឹប​ Man Utd នឹង​​ចំណាយ​​២៤​លាន​ផោន​ទិញ​អ្នក​ចាំទី​ក្លឹប​ Schalke ​តែ​កីឡាករ​​រូបនេះ​បដិសេធ​ថា​ក្លឹប​ Man Utd មិនមែន​​ជា​ជម្រើស​របស់​ខ្លួន *Chelsea ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​រ៉ូមេលូ លូកាហ្គូ របស់​ក្លឹប​ Anderlecht *កីឡាករដេលព្យែរ៉ូ យល់​ព្រម​​បន្ថយ​ប្រាក់​ឈ្នួល​បន្ត​កិច្ច​សន្យា​​ជាមួយ​ក្លឹប​ Juventus *​កីឡាករ​អាយ៉េន រ៉ប់បេន ប្រកាស​លេង​ឱ្យ​ក្លឹប​ Bayern Munich រហូត​ចូល​និវត្តន៍​

*Chelsea ​យល់​ព្រម​​ចំណាយ​៤០​លាន​ផោន​​​ទិញ​កីឡាករ​ហ្គារ៉េត បេល​ពីក្លឹប​​ Spurs

កីឡាករ​ហ្គារ៉េត បេល ខ្សែបម្រើ​​ក្លឹប​ Spurs ​អាយុ​២១ឆ្នាំ បាន​បង្ហាញ​លក្ខណៈនៃ​ការ​​លេង​​ដ៏​លេច​ធ្លោ​ ធ្វើ​ឱ្យ​ក្លឹប​ Spurs បន្ត​កិច្ច​សន្យា​​​​រយៈពេល​​៤ឆ្នាំដោយ​ទទួល​ប្រាក់​ឈ្នួល​៦០.០០០​​​ផោន​​ក្នុង​​មួយសប្តាហ៍​ ។ ស្ថានភាព​ខាង​​លើ​ធ្វើ​ឱ្យ​​អ្នក​គ្រប់​គ្រង​ក្លឹប​ Chelsea ​ត្រៀម​​ទិញ​កីឡាករ​ហ្គារ៉េត បេល ដ៏ជាក់​លាក់​នៅ​​រដូវ​កាល​ក្រោយ​ ព្រោះ​ត្រូវ​ការ​​កីឡាករ​​រូបនេះ​សម្រាប់​ជួយ​សម្រាល​បន្ទុក​របស់​កីឡាករ​ហ្វ្រែង ឡាំ​ផាដ និង​​កីឡាករ​ផ្លរ៉ង់ ម៉ាលូដា ដោយ​យល់​ព្រម​ចំណាយ​ទុន​៤០​លាន​ផោន ។ ទោះជាយ៉ាងណា​ក៏ដោយ ឥរិយាបថ​ក្លឹប​​ Chelsea ​អាច​នឹង​មិន​បាន​ទទួល​ជោគជ័យ​ទេ ព្រោះ​ក្លឹប​ Spurs ​មិន​ពេញ​ចិត្ត​ក្នុង​ការ​លក់​កីឡាករ​​ហ្គារ៉េត បេល ដែលជា​ខ្សែ​បម្រើ​ដ៏​ឆ្នើម ​នោះឡើយ ។​

*ក្លឹប​ Man Utd នឹង​​ចំណាយ​​២៤​លាន​ផោន​ទិញ​អ្នក​ចាំទី​ក្លឹប​ Schalke ​តែ​កីឡាករ​​រូបនេះ​បដិសេធ​ថា​ក្លឹប​ Man Utd មិនមែន​​ជា​ជម្រើស​របស់​ខ្លួន

កាសែត​«​ដេលីស្តារ» ផ្សាយ​​ថា ​ក្លឹប​បិសាច​ក្រហម​ Man Utd ​យល់​ព្រម​ចំណាយ​ប្រាក់​២​៤​លាន​​ផោន​ប្រជែង​​​ជាមួយ​ក្លឹប​ Bayern Munich  ទិញ​កីឡាករ​ម៉ានូអេល ណយ​អ៊័រ អ្នក​ចាំទីក្លឹប Schalke  ​យក​ទៅ​ពង្រឹង​ក្លឹប​នៅរដូវ​កាល​ក្រោយ ។ ​ក្លឹប​ Bayern Munich គ្រោងទទួល​បាន​​កីឡាករ​ម៉ានូអេល ណយអ៊័រ អ្នក​ចាំទី​ក្លឹប​ Schalke ​ទៅ​លេង​​ឱ្យ​​ក្លឹប​​នៅរដូវ​កាល​​ក្រោយ​ បន្ទាប់ពី​កីឡាកររូបនេះ​បង្ហើប​​ឱ្យ​ដឹង​ថា មិន​បន្ត​​កិច្ច​សន្យា​​ជាមួយ​ក្លឹប​ចាស់​​របស់ខ្លួន ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ​​ណយ​អ៊័រ ​​និយាយ​ថា « Man Utd ​មិន​​ធ្លាប់​ជា​ក្លឹប​​​ស្ថិត​ក្នុង​ជម្រើស​របស់​ខ្ញុំ​ ហើយ​ទោះជា​មានភាព​​​​ចម្លែក​អ្វីក៏ដោយ ក៏គ្មាន​​ភាព​សំខាន់​មក​លើ​រូប​ខ្ញុំ​​ដែរ នាពេល​បច្ចុប្បន្ន» ។

 *Chelsea ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​រ៉ូមេលូ លូកាហ្គូ របស់​ក្លឹប​ Anderlecht

​ក្លឹប​ជា​ច្រើន​នៅអឺរ៉ុប​ ប្រជែង​​គ្នា​ដណ្តើម​​កីឡាករ​លូកាហ្គូ ខ្សែ​​ប្រយុទ្ធ​​អាយុ​១៧ឆ្នាំ ​ក្នុង​នោះ​រួម​មាន​ក្លឹប​បាល់ទាត់​ Chelsea, Arsenal ​និង​ Barcelona ។ ជាក់​​ស្តែង​​​ក្នុង​រយៈពេល​ចុង​​ក្រោយ​នេះ ក្លឹប​ Chelsea នឹង​ទទួល​បាន​កីឡា​ករ​លូកាហ្គូ ក្នុង​តម្លៃ​ខ្លួន​១៩​លាន​ផោន ក្រោយពី​ក្លឹប​ Barcelona ​ត្រៀម​ទទួល​បាន​កីឡាករ​ចូសេប​ប៉េ រ៉ូស​ស៊ី ខ្សែ​ប្រយុទ្ធ​​ជន​ជាតិ​អ៊ីតាលី​​ របស់​ក្លឹប​​​ Villarreal ​មក​លេង​​ឱ្យ​ក្លឹប​នៅ​រដូវ​កាល​ក្រោយ។​ កីឡាករ​​លូកាហ្គូ និយាយ​ថា «​ខ្ញុំ​​មាន​​សេចក្តី​​​រីករាយ​​បំផុត​​ដែល​បាន​ទទួល​ការ​ប្រៀប​ប្រដូច​​នឹង​ខ្សែ​​ប្រយុទ្ធ​ឆ្នើម​ដូចជា​កីឡាករ​ដ្រក់បា​ ​របស់​ Chelsea ប៉ុន្តែ​​ក្នុង​ចិត្ត​​ក៏ចង់​បញ្ជាក់​ថា ខ្ញុំ​មាន​ទម្រង់​​លេង​ល្អ​​នៅ​ប្រទេស​អង់គ្លេស​​ ដូច្នោះ​ ទើប​មាន​ចំណាប់​អារម្មណ៍​​ថា ចង់​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​​ឬ​នៅ​ក្លឹប​ផ្សេងទៀត​​ក្នុង​អឺរ៉ុប រួម​ទាំង​​ក្លឹប​ Chelsea ​ដែរ» ។​

*កីឡាករដេលព្យែរ៉ូ យល់​ព្រម​​បន្ថយ​ប្រាក់​ឈ្នួល​បន្ត​កិច្ច​សន្យា​​ជាមួយ​ក្លឹប​ Juventus

សារព័ត៌​មាន​​កីឡា​របស់​អ៊ីតាលី ផ្សាយ​ឱ្យ​ដឹងថា កីឡាករ​អាឡេសសានដ្រូ ដេលព្យែរ៉ូ​ ខ្សែ​​ប្រយុទ្ធ​វ័យ​ចំណាស់​​របស់​ក្លឹប​ Juventus  បង្ហាញ​ទឹក​ចិត្ត​ភក្តីភាព​​ជាមួយ​ក្លឹប​ដោយ​សម្រេច​ចិត្ត​​យល់​ព្រម​បន្ថយ​ប្រាក់​ឈ្នួល​ដើម្បី​បន្ត​​កិច្ច​សន្យា​ថ្មីរយៈពេល​១ឆ្នាំ​ទៀត ។​ កិច្ច​សន្យា​​ចាស់​នាពេល​បច្ចុប្បន្ន​របស់​ប្រធាន​​ក្រុម​ក្លឹប​ Juventus ​នឹង​បញ្ចប់​​​នៅ​ថ្ងៃ​ទី៣០ មិថុនា​​ឆ្នាំ​នេះ ឯ​​ការ​ចរចា​​​ស្តីពី​កិច្ច​សន្យា​ថ្មី​នៅ​មិន​ទទួល​យក​ជា​ការ​បាន​និង​បាន​​អូស​បន្លាយ​​ពេល​យ៉ាង​យូរ ។ ប៉ុន្តែ​ក្នុង​មួយ​រយៈ​​ពេល​ចុង​ក្រោយ​នេះ មាន​របាយ​ការណ៍​របស់​ក្លឹប​បញ្ជាក់​ថា កីឡា​ករ​​​ដេលព្យែរ៉ូ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បន្ត​កិច្ច​សន្យា​​រយៈ​ពេល​១ឆ្នាំ​ដោយ​យល់​ព្រម​ទទួល​ប្រាក់​ឈ្នួល​ត្រឹម១​​លាន​យូរ៉ូ ខណៈ​​ពេល​មុននេះ​ធ្លាប់​ទទួល​បាន​​៤​លាន​យូរ៉ូ ក្នុង​មួយឆ្នាំ ។

*​កីឡាករ​អាយ៉េន រ៉ប់បេន ប្រកាស​លេង​ឱ្យ​ក្លឹប​ Bayern Munich រហូត​ចូល​និវត្តន៍​

អាយ៉េន រ៉ប់បេន ខ្សែ​បម្រើ​​ក្លឹប​ Bayern Munich  ​ប្រកាស​ថា​ ត្រូវ​ការ​លេង​ឱ្យ​ក្លឹប​រហូត​ចូល​និវត្តន៍​ពីអាជីព​បាល់ទាត់​របស់​ខ្លួន ។​ខ្សែ​បម្រើ​​អាយុ​២៧ឆ្នាំ​រូបនេះ​មាន​​ពាក្យ​ចចាម​អារ៉ាម​​ថា ត្រូវ​ការ​ផ្លាស់​​ចេញ​ពី Bayern Munich  ក្នុង​ករណី​ក្លឹប​របស់​ខ្លួន​មិនបាន​​ចូល​រួម​ប្រកួត​​យូហ្វា​ឆេមពាន​លីក នៅ​រដូវ​កាល​ក្រោយ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​សាមីខ្លួន​បាន​ប្រកាស​​​ថា នឹង​លេង​ឱ្យ​​ក្លឹប​ជាបន្ត​ដោយ​និយាយ​​ថា «​​បរិយាកាស​នៅទី​នេះ​ល្អ​ និង​ការ​សម្រាក​​ព្យាបាល​​របួស​ក៏ជា​គំរូដ៏​ល្អ​ ដោយ​ក្លឹប​​យក​ចិត្ត​ទុក​ដាក់​​បាន​ល្អ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​នៅទីនេះ» ។ កីឡាករ​អាយ៉េន​ រ៉ប់បេន​ បាននិយាយ​ត​ទៀត​ថា «ខ្ញុំ​​ប្រហែល​ជា​​​លេង​នៅ​ទីនេះ​រហូត​ផុត​អាជីព​ជាកីឡាករ​បាល់ទាត់​​ គឺមិនដូច​​​​ពាក្យ​​ចចាម​អារ៉ាមឡើយ » ៕​