ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវអ្នកភូមិចាប់ប្រគល់ឱ្យសមត្ថកិច្ចក្រោយពីគេព្រួតគ្នាវាយទ្រមខ្លួ និងបែកក្បាល ដោយសារហ៊ានលួចដឹកយកមេគោគេទាំងថ្ងៃនៅចំណុចខាងក្រោយភូមិរលួស ឃុំមោង ស្រុកមោងឫស្សី កាលពីរសៀលថ្ងៃទី២៩ មេសា ។
តាមព័ត៌មានពីមន្ត្រីនគរបាលផ្នែកកសាងសំណុំរឿងនៃអធិការដ្ឋានស្រុកមោងឫស្សី លោកណុប មុនី បានឱ្យដឹងថា ជនសង្ស័យឈ្មោះទីម ដន ហៅថា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ។ ប្រភពបន្តថា បុរសនេះត្រូវបានម្ចាស់គោឈ្មោះរ៉ង រ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិរលួស ឃុំមោង តាមចាប់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចក្រោយពីជននេះលួចដឹកមេគោរបស់គាត់១ក្បាល ក្នុងចំណោម១១ក្បាលដែលគាត់លែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ។
លោករ៉ង រ៉េន ម្ចាស់គោបាននិយាយថា ជនសង្ស័យនេះបានឆ្មក់ចូលមកលួចមេគោរបស់គាត់ក្នុងគ្រាដែលរូបគាត់ និងម្ចាស់គោដទៃទៀតទៅហូបបាយមួយភ្លែត។ លុះពេលគាត់ត្រឡប់មកវិញ នាំគ្នាដេញគោទៅឱ្យផឹកទឹក ស្រាប់តែបាត់មេគោ១ក្បាល ភ្លាមនោះពួកគាត់ជាម្ចាស់គោនាំគ្នាដើររកក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងដើរដឹកកាត់វាលស្រែ ទើបពួកខ្លួនស្ទាក់ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការ ក្រោយពីវាយបែកក្បាល។
ជនសង្ស័យឈ្មោះទីម ដន ហៅ ថា បានសារភាពថា ខ្លួនពិតជាបានលួចមេគោ១ក្បាលនោះមែន ។ ចោរជើងឆើតនេះនិយាយថា ខ្លួនបានលបមើលឃើញម្ចាស់គោទាំងនោះទៅហូបបាយអស់ ខណៈនោះខ្លួនក៏ទៅដឹកមេគោមួយក្បាលសម្បុរសកំពុងស៊ីស្មៅនៅឆ្ងាយពីគេចេញទៅ ។ លុះដឹកចេញបានបន្តិចស្រាប់តែឃើញម្ចាស់គោទាំងនោះដេញតាមខ្លួន ឃើញដូច្នេះខ្លួនក៏លែងមេគោនោះ រួចរត់គេចខ្លួន តែត្រូវម្ចាស់គោស្ទាក់ចាប់បាននាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ ទើបប្រគល់ឱ្យសមត្ថកិច្ចជាក្រោយ ។ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តហើយ ហើយមន្ត្រីនៃការិយាល័យជំនាញកំពុងសាកសួរបន្ថែមមុនពេលបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ