ខេត្តព្រៃវែង ៖ ជារឿងមិនសមនឹងកើតឡើង ហើយមិនដឹងថា តើគួរនិយាយបែបណា? ព្រោះតែការធ្វេសប្រហែសមួយ ខណៈបុរសម្នាក់ឡើងផ្សារដំបូលរោងដែកដាក់ចំបើង ទាំងដែលនៅខាងក្រោមមានចំបើងគរដូចជាភ្នំ ថែមទាំងមិនបានប្រយ័ត្នទៀតនោះ ក៏ធ្វើអោយកម្ទេចផ្កាភ្លើងធ្លាក់មកក្រោមត្រូវគំនរចំបើង បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅខ្ទេចគ្មានសល់តែម្តង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា នៅចំណុចផ្លូវចូលភូមិព្រៃខ្លា ខាងលិចអ្នកតាអោង ស្ថិតក្នុងភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែកជនបង្ក និងជាម្ចាស់រោងដាក់ចំបើងផងនោះ មានឈ្មោះ អូន វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមក៍ ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ច បានអោយដឹងថា ចំបើងទាំងអស់នោះ គឺម្ចាស់រោងទើបតែប្រមូលយកមកពីវាលស្រែផង និងទិញគេខ្លះផង ហើយក៏យកមកគរទុកក្នុងរោង ដើម្បីត្រៀមសម្រាប់ធ្វើជាចំណីសត្វគោ ក្របីរផង និងទុកលក់ផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ដោយមើលឃើញដំបូលរោង មានកន្លែងធ្លុះធ្លាយ ហើយណាមួយខ្លាចភ្លៀងធ្លាក់មកលិចសើមចំបើងអស់ ទើបម្ចាស់រោងយកគ្រឿងផ្សារដែក ឡើងទៅផ្សារប៉ះដំបូលរោងដែលធ្លុះធ្លាយនោះ។ តែនៅពេលដែលផ្សារនោះ ម្ចាស់រោងអត់មានយកអ្វីមកគ្របចំបើងនោះទេ ធ្វើអោយកម្ទេចផ្កាភ្លើងតូចៗនោះធ្លាក់ចុះមកក្រោម ប៉ះត្រូវចំបើងក៏បណ្ដាលឱ្យក្លាយជាអណ្ដាតភ្លើងឡើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់អ្នកជិតខាងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលមានភ្លើងឆេះភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចភ្លាមដែរ ហើយសមត្ថកិច្ចបានប្រើឡានទឹកចំនួន៣គ្រឿង បាញ់ទឹកពន្លត់អស់៦ឡាន ទើបពន្លត់ភ្លើងបានជាស្ថាពរវិញ ដោយភ្លើងមិនបានឆ្លងរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះទេ ប៉ុន្តែចំបើង និងរោងដាក់ចំបើង ត្រូវភ្លើងឆេះអស់ទាំងស្រុង មិនអាចជួយបានឡើយ។

តាមការអះអាងរបស់ម្ចាស់ចំបើងថា អគ្គីភ័យនេះ បានឆាបឆេះចំបើងអស់១ម៉ឺនដុំ ដែលសរុបជាថវិកាអស់ចំនួន២៥លានរៀល តែមិនបានបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ។


ចែករំលែកព័តមាននេះ