ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសស្ទើរដាច់ក.ដៃឆ្វេង ខណៈរូបគេយកដៃទៅរងកាំបិតប៉័ងតោគូទំនាស់ដែលបានកាប់សំដៅក្បាលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ មេសា នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ បុរសរងគ្រោះខាងលើមានឈ្មោះធឿន សុធី អាយុ២៥ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកស្អាង ខេត្តកណ្តាល ។ ប៉ុន្តែឈ្មោះនេះបានមកលេងម្តាយធំឈ្មោះប្រាក់ យឺន អាយុ៥២ឆ្នាំ រស់នៅភូមិកំពង់អុស ។
នៅយប់ថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិ៣នាក់ នៅមុខផ្ទះស្ត្រីឈ្មោះប្រាក់ យឺន ។ លុះពេលផឹកស៊ីស្រវឹងរៀងៗខ្លួនក៏កើតទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ខណៈនោះឈ្មោះញិន ពិសិដ្ឋ អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់អុស បានយកកាំបិតប៉័ងតោកាប់ក្បាលឈ្មោះធឿន សុធី ប៉ុន្តែត្រូវឈ្មោះធឿន សុធី លើកដៃឆ្វេងរង បណ្តាលឱ្យដាច់ក.ដៃខាងឆ្វេងដល់ឆ្អឹង ហើយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោកនាយប៉ុស្តិ៍ផ្សារឆ្នាំងបាននិយាយថា ជនសង្ស័យក្រោយពីកាប់ជនរងគ្រោះហើយបានរត់គេចខ្លួនបាត់។
ប្រភពដដែលបានបន្តទៀតថា ពីរនាក់នេះ គឺជាមិត្តសម្លាញ់នឹងគ្នា មានពេលខ្លះឈ្មោះញិន ពិសិដ្ឋ បានទៅស្នាក់នៅហូបបាយទឹកផ្ទះធឿន សុធី នៅឯខេត្តកណ្តាលទៀតផង ។ នៅថ្ងៃកើតហេតុពួកគេបានផឹកជុំគ្នាក៏កើតទំនាស់ជាពាក្យសម្តីរហូតឈានដល់ការប្រើអំពើហិង្សាបែបនេះ៕
ចែករំលែកព័តមាននេះ