ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ គ្រោងនឹងឱ្យម្ចាស់អាជីវកម្ម និងពលរដ្ឋបង់ថ្លៃលើសំណល់ទឹកស្អុយ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ពលរដ្ឋក៏​ដូច​ជា ​ម្ចាស់​អាជីវកម្ម​នានា​រួម​បង់ថ្លៃ​លើ​សំណល់​ទឹក​ស្អុយ ខណៈ​មួយ​ឆ្នាំ​ៗ​រដ្ឋ​ចំណាយ​ថវិកា​៣​ពាន់​លាន​រៀល (​ប្រមាណ​ជិត​ជាង៧៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​ឆ្នាំ​ៗ​ទៅ​លើ​ដំណើរការ​ និង​ការ​ថែ​នាំ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​៣ទីតាំង​។​ លោក​គួ​ច…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ពលរដ្ឋក៏​ដូច​ជា ​ម្ចាស់​អាជីវកម្ម​នានា​រួម​បង់ថ្លៃ​លើ​សំណល់​ទឹក​ស្អុយ ខណៈ​មួយ​ឆ្នាំ​ៗ​រដ្ឋ​ចំណាយ​ថវិកា​៣​ពាន់​លាន​រៀល (​ប្រមាណ​ជិត​ជាង៧៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​ឆ្នាំ​ៗ​ទៅ​លើ​ដំណើរការ​ និង​ការ​ថែ​នាំ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​៣ទីតាំង​។​

លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​រៀបចំ​ឱ្យ​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មាន​ចំនួន ៣ នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ដែល​មក​ដល់​ពេល​នេះ គឺ​មាន​ស្ថានីយ​ចំនួន​២ បាន​ដាក់​ឱ្យ​ដំណើរការ​ ។ លោក​អភិបាលខេត្ត​បាន​បន្ត​ថា ការ​រៀបចំ​ឱ្យ​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មាន​ចំនួន៣ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​បរិស្ថាន​ឆ្នេរសមុទ្រ​ស្អាត ព្រោះ​បើ​មិន​មាន​ស្ថានីយ​ប្រព្រឹត្តិកម្ម​នេះ​ទេទឹក​សំអុយ​ដែល​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្មប្រើប្រាស់​នឹង​ហូរ​ត្រង់​ទៅ​ឆ្នេរសមុទ្រ ដែល​អាច​ធ្វើ​ឱ្យ​ឆ្នេរសមុទ្រ​មាន​ពណ៌​ខ្មៅ និង​មាន​ក្លិន​មិនល្អប៉ះពាល់​ដល់​បរិស្ថាន​នៅ​សមុទ្រ​។​

សម្រាប់​ប្លង់​នគរូបនីយកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​ក្រុងព្រះសីហនុ​ក្លាយជា​ទីក្រុង​ដែល​មាន​ចរាចរណ៍​ល្អ​ប្រសើរ​ប្រកបដោយ​និរន្តរភាព ក៏​មានការ​រៀបចំ​នូវបណ្ដាញ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​ផ្សេង​គ្នា​ដោយឡែក​ផង​ដែរ ​។ ហេតុ​ដូច្នេះ​ហើយលោក គួ​ច ចំរើន ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ក្រុងព្រះសីហនុ​ទាំងអស់ ដូច​ជា ​អ្នក​រៀបចំ​ការ​កសាង​លំនៅ​ឋាន ក្រុមហ៊ុន ឬ​អាហារ​ដ្ឋា​ន នៅ​ពេល​ត​ភ្ជាប់​បណ្តាញ​លូ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត ហើយ​សុំ​ញែក​គ្នា​ឱ្យ​ដាច់​រវាង​បណ្តាញទឹក​សំអុយ និង​ទឹកភ្លៀង​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​សំណល់​ទឹក​ស្អុយ​នេះ​វិញ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដង​ថា អាជ្ញាធរ​ខេត្ត​កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់ថ្លៃ​ទឹក​សំណល់​ទឹក​ស្អុយ បើ​ទោះបីជា​បច្ចុប្បន្ន​នៅ​មិន​ទាន់ មាន​ពលរដ្ឋ​ចូលរួម​អនុវត្ត​នៅឡើយ​ ។ ​«​យើង​គិត​ថា យើង​នឹង​ចាប់ផ្តើម​ជម្រុញ​ការ​ប្រមូល​ចំណូល​ពី​អ្នក​ដែល​បង្កើត​ទឹក​សំអុយ​ដែរ​»​។ នេះ​ជា​បញ្ជាក់​របស់​លោក គួ​ច ចំរើន​ ។ លោក​បាន​បន្ត តែ​កិច្ចការ​ប្រមូល​លុយ​ថ្លៃ​ទឹក​ស្អុយ​នេះ​ជា​រឿង​ថ្មី​ដែល​ត្រូវការ​ពេលវេលា​គិតគូរ ស្ទាប់ស្ទង់​ឱ្យ​បាន​ស្រុះស្រួល ព្រោះ​បើ​ធ្វើ​មិន​ស្រួល​ប្រជាពលរដ្ឋ​មិនសូវ​យល់​នាំ​ផលវិបាក ព្រោះ​រឿង​បង់លុយ​មិនមែន​ជា​រឿង​ធម្មតា​ទេ​។ តែ​អ្វី​ដែល​ជា​ចំណុច​សំខាន់ លោក​អភិបាល​បន្ត​ថា យើង​ចង់បាន​នោះ គឺ​ចង់បាន​បរិស្ថាន​ល្អ ប៉ុន្តែ​ក៏​ត្រូវការ​ការ​គាំទ្រ​របស់​បងប្អូន​របស់​យើង​ដែរ​។ លោក គួ​ច ចំរើន បន្ត​ថា «​បើ​បងប្អូន​យើង​គាត់​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​បាន​រលូន ហើយ​ការ​ចូលរួម​មាន​ឆ​ន្ទះ​បង់​តម្លៃ​លើ​ថ្លៃ​ទឹក​ស្អុយ​ក្នុង​តម្លៃ​សម​ស្រប នឹង​ចំណេញ​ទាំងអស់​គ្នា​»​។​

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា​ផង​ដែរ​ថា ការ​ចូលរួម​ចំណែក​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បង់​ជូន​ក្នុង​តម្លៃ​ណាមួយ​លើ​តម្លៃ​ទឹក​សំអុយ​ដែល​បងប្អូន​បាន​បង្កើត គឺ​ពិតជា​សំខាន់​ណាស់​។ លោក​បាន​បញ្ជាក់​ថា ការ​ពិត​ទៅ​ការ​ចំណាយ​លុយ​ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​គឺ​ចំណាយ​ច្រើន​ជាង​ការ​ផលិត​ទឹក​ស្អា​តទៅ​ទៀត ដូច្នេះ​បើ​បងប្អូន​នៅ​ខេត្ត​ព្រះ​សីហ​នុយ​ល់​ដឹង​នូវ​ចំណុច​នេះ ហើយ​ចូលរួម​ចំណែក​បង់​ក្នុង​តម្លៃ​ណាមួយ គឺជា​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​នៅ​ខេត្ត​មាត់សមុទ្រ​ផង​ដែរ​។

​លោក​បាន​ផ្តល់​ជា​ឧទាហរណ៍​ថា បើសិនជា​បងប្អូន​យើង​បង់​តម្លៃ​នៃ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​តម្លៃ​ណាមួយ ដូច្នេះ​តម្លៃ​ទឹក​ស្អុយ​ដែល​បងប្អូន​បាន​បង្កើត​ឡើង ក៏​អាច​នឹង​ត្រូវ​បង់​ក្នុង​តម្លៃ​នោះ​ដូច​គ្នា​។ តែ​យ៉ាងណាមិញ តម្លៃ​ដែល​ពលរដ្ឋ​បង្កើត​ទឹក​ស្អុយ​នៅ​មិន​ទាន់​កំណត់​ជា​ផ្លូវការ​នៅឡើយ​នោះ​ទេ​។​

សូម​បញ្ជាក់​ថា ស្ថានីយ​ប្រព្រឹត្ត​កម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​សាងសង់​ឡើង ក្នុង​គោលបំណង ដើម្បី​បន្សុទ្ធ​ទឹក កខ្វក់ ទឹក​ស្អុយ​ឱ្យ​ក្លាយជា​ទឹក​មាន​សុវត្ថិភាព​ស្រប​តាម​ស្តង់ដា​បរិស្ថាន មុន​នឹង​បញ្ចេញ​ចោល​ទៅ​ក្នុង​សមុទ្រ ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ចុង​ក្រោយ MABR មក​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​បច្ចេកវិទ្យា​ដែល​មាន​ស្ថិរភាព ប្រសិទ្ធភាព​ខ្ពស់ សន្សំ​សំចៃ​ថាមពល គ្មាន​សំឡេង​រំខាន និង​គ្មាន​ក្លិន ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជុំវិញ ដោយ​ក្នុង​នោះ​៖ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ (​ចម្រុះ​ទឹក​ស្អុយ​) ក្នុង​បរិមាណ ៥.២00 ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៣ ដែល​មាន​ផ្ទៃដី ៣៦៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣​។ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ​៧.២00 ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៤ ដែល​មាន​ផ្ទៃដី ៤៨៦ ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣​។​

ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ កំពុង​ដំណើរការ​សាងសង់ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ២០.០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី តំបន់​ទី​៥ និង​តំបន់​ទី​៦ ដែល​មាន​ផ្ទៃដី ២.៦៩០​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ដែល​សាងសង់​ដោយ ក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ