ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោក ថោង ទេន តំណាងឲ្យម្ចាស់ក្រុមហ៊ុន ដីឡូតិ៍ «ភូមិមរតក» ស្នើសុំឲ្យកោះសន្តិភាពចុះផ្សាយកែតម្រូវអត្ថបទដែលចុះផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «ប្រជាពលរដ្ឋ៤៧គ្រួសារ ក្នុងចំណោម៩៩គ្រួសារសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៌» ដោយមានខ្លឹមសារមួយចំនួនមានការភាន់ច្រឡំ គឺប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងក្រុមហ៊ុន «ភូមិមរតក» រំលោ.ភលើកិច្ចសន្យា ទិញដីប្រជាពលរដ្ឋ៤៧ហិកតា មិនទាន់ឲ្យប្រាក់គ្រប់ រួចយកទៅចាក់ដីពុះឡូតិ៍លក់ និងអ្នកទិញបង់ប្រាក់គ្រប់ហើយ មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ធ្វើឲ្យផ្ទុះការតវ៉ា ចំណែកម្ចាស់ក្រុមហ៊ុនគេចមិនព្រមចូលខ្លួនដោះស្រាយ ទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យសម្តេចតេជោ ហ៊ុនសែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌។

ការពិត ខ្ញុំសូមជម្រាបជូនក្រុមការងារលោកអភិបាលកាសែតកោះសន្តិភាព មេត្តាជ្រាប អំពីទិន្នន័យបច្ចុប្បន្នភាពផ្លូវការណ៍ ដែលគម្រោង «ភូមិមរតក» បានទិញដីអភិវឌ្ឍន៍ក្នុងក្រុងស្វាយរៀង គឺ៖

១- ផ្ទៃដីបានទិញពីប្រជាពលរដ្ឋសរុបចំនួន ៣ហិចតា មិនមែន៤៧ហិកតាទេ។
២- ម្ចាស់ដីសរុបមានចំនួន១២១គ្រួសារ មិនមែន៩៩គ្រួសាទេ។ ហើយក្នុងចំណោម១២១គ្រួសារ គឺក្រុមហ៊ុនបានទូទាត់ថ្លៃដីជូនប្រជាពលរដ្ឋម្ចាស់ដីបាន១០០% ចំនួន៩៨គ្រួសារ ហើយមិនទាន់ទូទាត់បញ្ចប់តាមកិច្ចសន្យា គឺនៅចំនួន២៣គ្រួសារ។ ក្រុមហ៊ុនកំពុងបន្តដោះស្រាយទូទាត់ជូនប្រជាពលរដ្ឋ (មិនមែន៤៧គ្រួសារទេ គឺ២៣គ្រួសារមិនទាន់ទូទាត់បញ្ចប់)។

៣- ចំពោះចំណុចថា ប្រជាពលរដ្ឋ អ្នកទិញបានបង់ប្រាក់គ្រប់ចំនួន ហើយមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ធ្វើឲ្យផ្ទុះការតវ៉ា ម្ចាស់ក្រុមហ៊ុនគេចមិនព្រមចូលខ្លួនដោះស្រាយ គឺមិនពិតទេក្រុមហ៊ុនសូមបដិសេធ។

ជាក់ស្តែងក្រុមហ៊ុន បានរៀបចំឯកសារកាត់ឈ្មោះផ្ទេរកម្មសិទ្ធិជូនពួកគាត់ហើយ គឺបានបង់ពន្ធដារួច បញ្ជូនទៅច្រកចេញចូលតែមួយខេត្តស្វាយរៀង។ ហើយក៏បានបញ្ជូនទៅដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង កំពុងដំណើរការចុះបញ្ជីចេញវិញ្ញាបនបត្រអចលនវត្ថុម្ចាស់កម្មសិទ្ធិជូនប្រជាពលរដ្ឋបានមួយចំនួន ហើយបច្ចុប្បន្នបាន៥០ប័ណ្ណ និងកំពុងបន្តចុះបញ្ជី។

នៅពេលមន្ទីរសុរិយោដីខេត្ត ចុះបញ្ជី ចេញប័ណ្ណរួចរាល់ ក្រុមហ៊ុននឹងរៀបចំពិធីប្រគល់ជូន សូមអព្យាស្រ័យ។ ហើយកន្លងមក ដោយបានពន្យារពេលការទូទាត់ គឺដោយសារមានបញ្ហាផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាសកល ទើបមានការយឺតយ៉ាវ។

ដូច្នេះ គឺក្រុមប្រឹក្សាសង្កាត់ម្នាក់ លោកបានភាន់ច្រឡំផ្តល់ព័ត៌មានខុសការពិត សូមសាធារណជនមេត្តាជ្រាប។
គួររំលឹកថា ៖ ប្រជាពលរដ្ឋ៤៧គ្រួសារ ក្នុងចំណោម៩៩គ្រួសារសុំឱ្យសម្តេចតេជោជួយរកយុត្តិធម៌ ៕

ចែករំលែកព័តមាននេះ