ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងក្រុមហ៊ុន «ភូមិមរតក» រំលោភលើកិច្ចសន្យាទិញដីប្រជាពលរដ្ឋ៤៧ហិកតា មិនទាន់ឲ្យប្រាក់គ្រប់ រួចយកទៅចាក់ដីពុះឡូត៍លក់អ្នកទិញបង់ប្រាក់គ្រប់ហើយមិនទាន់ទទួលបានបណ្ណ័កម្មសិទ្ធិ ធ្វើឲ្យផ្ទុះការតវា ម្ចាស់ក្រុមហ៊ុនគេចមិនព្រមចូលខ្លួនដោះស្រាយទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យសម្តេចតេជោ ហ៊ុនសែនមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌។

ករណីនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ មេសា ២០២៣ នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។ បើតាមស្ត្រីឈ្មោះ ឃួន សាមាន អាយុ៤៤ឆ្នាំ នៅភូមិចំបក់សង្កាត់ចេក ក្រុងស្វាយរៀង និងជាតំណាងប្រជាពលរដ្ឋ៩៩គ្រួសារ ក្នុងភូមិចំបក់ បានឲ្យដឹងថា មានក្រុមហ៊ុនឈ្មោះ «ភូមិមរតក» ដែលមានលោក សោម សុធា ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយក មុខរបរពាណិជ្ជករ មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង កាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ លេខ០៩០៥៦៦៩១៩ ចុះថ្ងៃទី០៥ខែមិថុនា២០១៣ បានមកប្រមូលទិញដីរបស់ប្រជាពលរដ្ឋចំនួន៤៧ហិកតា ក្នុងតម្លៃ១ម៉ែត្រការ៉េ ១៥ដុល្លារ កាលពីឆ្នាំ ២០១៩ដោយក្នុងកិច្ចសន្យា ប្រគល់ប្រាក់ជា០៣ដំណាក់កាល ឲ្យគ្រប់ចំនួន ក៏ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនបានចាក់ដីពុះដីឡូត៍លក់អស់ ហើយមិនព្រមប្រគល់ប្រាក់ឲ្យប្រជាពលរដ្ឋម្ចាស់ដីទេ បានតែធ្វើកិច្ចសន្យារួចគេចវេស មិនទទួលខុសត្រូវ។

ចំណែកឈ្មោះ សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិចំបក់បានឲ្យដឹងថា ខ្លួន បានលក់ដីស្រែទំហំ៩២ម៉ែត្រX១០០ម៉ែត្រ ក្នុង១ម៉ែត្រការ៉េ១៥ដុល្លារ ក្រុមហ៊ុនទើបតែប្រគល់ប្រាក់បាន២ជំហ៊ាន នៅខ្វះប្រាក់ជិត៣ម៉ឺនដុល្លារទៀត មិនទាន់ប្រគល់ ក៏ប៉ុន្តែក្រុមហ៊ុនបានជីករណ្តៅយកអាចម៍ដី ជីកជម្រៅ១៨ម៉ែត្រ ក្នុងដីទាំងមូល ហើយមិនព្រមប្រគល់ប្រាក់គ្រប់ទេរ ហូតមកដល់ថ្ងៃទី២១ មេសានេះ។

ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋដែលមានដីនៅជុំវិញរណ្តៅដី ក៏ទទួលរងផលប៉ះពាល់ដែរ
គឺបាក់ដីស្រែនិងដីលំនៅឋាន ចូលក្នុងរណ្តៅដី មាន៤គ្រួសារ ១-ឈ្មោះមាសសុផល ប៉ះពាល់៤០ម៉ែត្រ។ ២-ឈ្មោះប៉ែនសាមឿន ភេទប្រុស អាយុ៥៩ឆ្នាំ ប៉ះពាល់ដីស្រែ១០ម៉ែត្រX១០០ម៉ែត្រ បាក់ចូលក្នុរណ្តៅដីទាំងស្រុង ។ ៣-ឃួនសាមាន ភេទស្រី អាយុ៤៤ឆ្នាំ ប៉ះពាល់ដីលំនៅឋានទំហំ៦០ម៉ែត្រ ។ ៤-ឈ្មោះទេពផល្លី ភេទស្រីអាយុ៦០ឆ្នាំប៉ះពាល់ដីស្រែទំហំ៦០ម៉ែត្រ។

រីឯឈ្មោះឃួនសំអឿន ភេទប្រុសអាយុ៥៩ឆ្នាំ បានលក់ដីឲ្យក្រុមហ៊ុលោកសោម សុធា ៥,០០០ម៉ែត្រការ៉េ តម្លៃ១ការ៉េ ១៥ដុល្លារ គឺមិនទាន់ទទួលប្រាក់គ្រប់ទេ ទើបទទួលបាន២០ភាគរយ។

ឈ្មោះម៉ែន សាភាន់ ភេទប្រុស អាយុ៤២ឆ្នាំ លក់ដីស្រែ ទំហំ២៦A ទូទាត់ប្រាក់២ជំហ៊ានបាន២ម៉ឺនដុល្លារ នៅខ្វះ២ម៉ឺនដុល្លារក្រុមហ៊ុន ប្តូរឲ្យដីឡូដ៍២ឡូដ៍ ស្មើ១០ម៉ែត្រX៣០ម៉ែត្រ គាត់ក៏យល់ព្រមទទួលយក ក៏ប៉ុន្តែមិនទាន់ទទួលបានដីមកគ្រប់គ្រងស្របច្បាប់ ដោយមិនទាន់កាត់ឈ្មោះចេញ
ប័ណ្ណបាន។

បើតាមអាជ្ញាធរសង្កាត់ចេកបានប្រាប់ឲ្យដឹងថា ករណីក្រុមហ៊ុន «ភូមិមរតក»ទិញដី របស់ ប្រជាពលរដ្ឋយកទៅវិនិយោគគម្រោងពុះដីឡូត៍លក់នេះ គឺមានបញ្ហាទូទាំងគម្រោងទាំងមូល ដោយក្រុមហ៊ុនលក់ដីឡូដ៍អស់ប្រមាណ៨០%ទៅហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនព្រមប្រគល់ប្រាក់ឲ្យប្រជាពលរដ្ឋម្ចាស់ដីគ្រប់ចំនួនតាមកិច្ចសន្យា បែរជាបែកធ្លាយថា ប្រធានក្រុមហ៊ុនឈ្មោះសោម សុធា យកប្រាក់ទៅទិញដីកន្លែងផ្សេងគ្រោងថ្មី នៅខេត្តផ្សេង ហើយគេចវេសមិនចូលមកដោះស្រាយជាមួយប្រជាពលរដ្ឋ ទើបមានការតវ៉ា និងសុំឲ្យសម្តេចតេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ។

ទាក់ទិនករណីនេះដែរ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍ថា រដ្ឋបាលក្រុងស្វាយរៀងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ហើយនៅព្រឹកថ្ងៃទី២១ មេសា ២០២៣នេះ គឺមានបញ្ហាស្មុកស្មាញ ដូច្នេះលោកកំពុងរៀបចំក្រុមការងាររដ្ឋបាលក្រុងសហការ
ជាមួយមន្ត្រីសុរិយោដី ក្រុងដើម្បីចុះសិក្សា និងកោះហៅប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុនមកដើម្បីដោះស្រាយ ។

ចំណែកលោកសោម សុធា នាយកក្រុមហ៊ុន «ភូមិមរតក» មិនអាចរកការបំភ្លឺបានទេ ដោយទូរសព្ទ័ចូលហើយគ្មានមនុស្សលើក ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ