រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចនឹងបង្រៀនដល់ មន្ត្រីបក្ស ឲ្យនូវទ្រឹស្តី ចំនួន០៣ ទាក់ទងការវិភាគ វាយតម្លៃ សភាពការណ៍ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំនិយាយដោយត្រង់ថា ដោយសារសមត្ថភាព នៃការវិភាគរបស់មន្ត្រីមួយចំនួន គឺមានភាពខ្សោយ។ ខ្ញុំកំពុងគិតថា នៅពេលខាងមុខ គណបក្សប្រជាជន អាចនឹងបើកវគ្គបណ្ដុះបណ្ដាល តាមពិតបានបើកហើយ ក៏ប៉ុន្តែមានទ្រឹស្ដី០៣ ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនដោយខ្លួនឯង» ។
សម្តេចតេជោ បន្តថា ទ្រឹស្ត្រី ទី១. សម្ភារនិយមវិចារវិទ្យា ដើម្បីដាក់គ្រឹះ ឲ្យមន្ត្រីរបស់យើងចេះវិភាគ ។ ទី២. សម្ភារនិយមប្រវត្តិសាស្ត្រ ដើម្បីដាក់ជាគ្រឹះសម្រាប់រឿងវិភាគ ការវិភាគ ត្រូវសភាពការណ៍ គឺចាំបាច់ណាស់។ ការវិភាគរបស់អ្នកនយោបាយ ដូចគ្នានឹងគ្រូពេទ្យអញ្ចឹង បើសិនជាវិភាគជំងឺខុស គឺមិនអាចព្យាបាលជាទេ។ ករណីអ្នកនយោនបាយ ក៏ដូចគ្នា ដែរវិភាគខុស គឺដាក់វិធានការខុស និងទី៣. គឺវិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដែលបានសរសេរវានៅក្នុងឆ្នាំ១៩៨៣ ហើយសម្តេច បានទៅបង្រៀនមន្ត្រីជាន់ខ្ពស់ ។
សម្តេចតេជោ បានលើកឡើងបន្តថា សម្តេចចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយ អ្នកធ្វើគោលនយោបាយទាក់ទិន នឹងការវិភាគ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្តថា វិធីសាស្ត្ររបស់សម្តេច ក្នុងការវិភាគ សម្តេចប្រើវិធីសាស្ត្រ៣ ក្នុងការវិភាគ។ វិធីសាស្ត្រទី១. គឺសម្ភារនិយមវិចារវិទ្យា។ ២.គឺទស្សនៈប្រវត្តិសាស្ត្រ ។ ៣. គឺតក្កវិទ្យា ។ គួបផ្សំកត្តាបីនេះ ទើប ហ៊ុន សែន មិនងាយវាយតម្លៃសភាពការណ៍ខុសនោះទេ នៅក្នុងគណបក្ស គេគាំទ្រសម្តេច ដោយសារតែការវាយតម្លៃត្រឹមត្រូវ ។
សម្តេចតេជោ បញ្ជាក់ថា សម្តេចក៏បានឃើញភាពទន់ខ្សោយយខាងក្រុមប្រឆាំង ក្នុងការវិភាគវាយតម្លៃសភាពការណ៍របស់ផ្ទៃក្នុងគណបក្សប្រជាជន មិនដែលចេះត្រូវ អ៊ីចឹង បានសម្តេចប្រាប់ទៅសហការីរបស់សម្តេចថា ទុកឲ្យគេវ៉ៃតម្លៃខុសតទៅទៀតចុះ ៕



ចែករំលែកព័តមាននេះ