ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ គណៈកម្មការចំណីអាហារ និងឱសថនៅអាមេរិក (FDA) បានអនុម័តទទួលស្គាល់ថ្នាំបញ្ចុះទម្ងន់របស់ក្រុមហ៊ុនណូវ៉ូ ន័រឌីស (Novo Nordisk) របស់ដាណឺម៉ាក។ ដូច្នេះទៅថ្ងៃមុខ ឱសថគ្រាប់សម្រាប់លេបប្រភេទនេះនឹងទទួលបានប្រកាសនីយប័ត្រសម្រាប់ដាក់លក់នៅលើទីផ្សារអាមេរិកប្រកួតជាមួយឱសថដទៃទៀតដូចជាអេលី លីលី (Eli Lilly) ជាដើម។

ឱសថឈ្មោះវេហ្គោវី (Wegovy) ក្នុងមួយគ្រាប់ៗផ្ទុកសារធាតុសេម៉ាគ្លូទីត២៥ក្រាម។ នេះជាសារធាតុផ្សំដែលមាននៅក្នុងឱសថវេហ្គោវីទឹក និងអូហ្សេមពិកទឹក (Ozempic) សម្រាប់ចាក់តាមសរសៃ។ ដូច្នេះអស់បញ្ហាហើយសម្រាប់អ្នកចង់បញ្ចុះទម្ងន់មិនចាំបាច់ចាក់តាមសរសៃទេ អាចលេបឱសថវេហ្គោវីគ្រាប់មួយថ្ងៃមួយគ្រាប់ជារៀងរាល់ថ្ងៃ លេបពេលព្រឹកព្រលឹមអុរនៅពេលក្រពះនៅទំនេរស្អាតមិនទាន់ញ៉ាំអ្វីទាំងអស់ ហើយត្រូវលៃធ្វើម៉េចឱ្យមានគំលាតគ្នារយៈពេល៣០នាទីមុនពេលលេបឱសថផ្សេងទៀត។ ក្រៅពីថ្នាំបញ្ចុះទម្ងន់វេហ្គោវី ក្រុមហ៊ុនណូវ៉ូ ន័រឌីសក៏បានដាក់លក់រួចហើយនូវថ្នាំគ្រាប់ដែលផ្ទុកសារធាតុសេម៉ាគ្លូទីតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២។ នោះគឺឱសថឈ្មោះរីបែលស៊ូស (Rybelsus) ដែលមានទាំងប្រភេទលេប និងប្រភេទចាក់។

ការអនុម័តទទួលស្គាល់គុណភាពឱសថវេហ្គោវីរបស់ក្រុមហ៊ុនណូវ៉ូ ន័រឌីសអាចនឹងជួយឱ្យក្រុមហ៊ុនស្ដារដើមឡើងវិញបន្ទាប់ពីក្រុមហ៊ុនថយចុះប្រាក់ចំណូលរយៈពេលមួយឆ្នាំមកហើយដោយសារមានគេប្រកួតប្រជែង។ ពោលគឺឱសថឈ្មោះវេហ្គោវីដែលចាក់តាមសរសៃរបស់ក្រុមហ៊ុនណូវ៉ូ ន័រឌីសត្រូវប្រកួតប្រជែងជាមួយឱសថរបស់ក្រុមហ៊ុនលីលី (Lilly)។ គ្រាន់តែអនុម័តទទួលស្គាល់ភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុនណូវ៉ូ ន័រឌីសហក់ឡើង៨%ភ្លាម។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុនលីលីធ្លាក់ចុះ១%ភ្លាមៗតែម្ដង។

លទ្ធផលបានមកពីការពិសោធរយៈពេល៦៤សប្ដាហ៍បង្ហាញថាអ្នកចូលរួមពិសោធដែលលេបឱសថឈ្មោះវេហ្គោវីទម្ងន់២៥ក្រាមក្នុងមួយថ្ងៃមួយគ្រាប់ជារៀងរាល់ថ្ងៃអាចស្រកទម្ងន់មិនគួរឱ្យជឿរហូតដល់១៦,៦%។ ទន្ទឹមនឹងនោះ អ្នកចូលរួមពិសោធដែលប្រើប្រាស់ឱសថផ្សំពីសារធាតុផ្លាសេបូ (placebo) អាចស្រកបានត្រឹមតែ២,៧%ប៉ុណ្ណោះនៅក្នុងរយៈពេលដូចគ្នា។
ឱសថវេហ្គោវីផ្ដោតសំខាន់ទៅលើអ្នកដែលធាត់លើសទម្ងន់ និងអ្នកធាត់ខ្លាំងដុះក្បាលពោះធំដែលនៅរ៉ាំរ៉ៃរយៈពេលវែងមិនអាចប្រើប្រាស់ឱសថអ្វីមកបញ្ចុះឱ្យមានប្រសិទ្ធភាព។ ដូច្នេះទុកឱ្យវេហ្គោវីជាអ្នករ៉ាប់រងធ្វើកិច្ចការនេះ។ ថ្នាំនេះត្រូវគេព្យាករថានឹងត្រូវប៉ាន់សម្បើមណាស់ព្រោះមនុស្សរាប់សិបលាននាក់នឹងទិញយកទៅប្រើប្រាស់។ គេប៉ាន់ស្មានថាក្រុមហ៊ុនអាចនឹងរកប្រាក់ចំណូលពីការលក់ឱសថនេះប្រហែល១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗនារយៈពេលដប់ឆ្នាំខាងមុខនេះ។

សូមបញ្ជាក់ថាអត្ថបទនេះគឺជាព័ត៌មានពាក់ព័ន្ធនឹងឱសថបញ្ចុះទម្ងន់ដែលអនុម័តដោយអាជ្ញាធរសុខាភិបាលអាមេរិកដែលពិនិត្យឃើញថាវាមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់។ សម្រាប់អ្នកដែលចង់ប្រើប្រាស់ឱសថបញ្ចុះទម្ងន់ មិនថាឱសថនេះ ឬឱសថដទៃទេ សូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ហើយគួរជៀសវាងកុំទិញតាមឱសថស្ថានដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជា។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ