រាជធានីភ្នំពេញ ៖ ជំនួយការលោកឧកញ៉ាម្នាក់ កាលពីរៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធល្បែ.ងស៊ីសងអនឡាញខុសច្បាប់។

ជនសង្ស័យខាងលើនេះ មានឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ផ្កា និងជាជំនួយការលោកឧកញ៉ាម្នាក់ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សំណុំរឿងនេះ បានស្ថិតនៅលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
អង្គហេតុក្នុងសំណុំរឿងខាងលើនេះ ត្រូវបានគេដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យអះអាងថា ខ្លួនជាជំនួយការលោកឧកញ៉ាម្នាក់ អាចដោះស្រាយបញ្ហាជនជាតិចិនចំនួន៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីលេងល្បែ.ងស៊ីសងអនឡាញដោយខុសច្បាប់ ឲ្យរួចផុតពីការឃាត់ខ្លួន និងជួយពួកគេ «ជនជាតិចិន៣នាក់» ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់នោះ ឲ្យបានស្របច្បាប់ទៀតផង ប៉ុន្តែតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ចំនួន ១៥ ០០០ ដុល្លារអាមេរិក។

ដោយមានការជឿទុកចិត្តជំនួយការលោកឧកញ៉ានោះ ភាគីខាងដើមបណ្តឹបានប្រគល់លុយម្នាក់ ៥ ០០០ ដុល្លារអាមេរិក ស្មើនឹង ១៥ ០០០ ដុល្លារ ឲ្យទៅជនសង្ស័យ ដើម្បីយកទៅរត់ការដោះលែងចិនដែលសមត្ថកិច្ចចាប់ខ្លួន។ ក្នុងពេលភាគីទាំងពីរបានប្រគល់ និងទទួលប្រាក់ចំនួន ១៥ ០០០ ដុល្លារនោះ ជនសង្ស័យធ្វើកិច្ចសន្យាថា «បើសិនរត់ការក្នុងរយៈពេលមួយសប្តាហ៍មិនបានសម្រេចទេ គេនឹងប្រគល់ប្រាក់ឲ្យគ្រប់ចំនួនវិញ»។ ហើយដើម្បីឲ្យមានភាពស្មោះត្រង់ជាមួយគ្នា ជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ «សែក» មួយសន្លឹកឲ្យទៅភាគីដើមបណ្តឹងទៀតផង។
ទីបំផុត នៅពេលប្រាក់បានដល់ដៃហើយ ជនសង្ស័យមិនគោរពតាមកិច្ចសន្យានោះទេ ពោលគឺមិនអាចមានលទ្ធភាពទៅដោះលែងចិន៣នាក់នោះបានឡើយ ក៏ស៊ីដាច់លុយ ១៥ ០០០ ដុល្លារអាមេរិក រួមទាំងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» ទៀតផង ។

នៅដំណាក់កាលស៊ើបសួរទាំងសមត្ថកិច្ច និងអយ្យការ ជនសង្ស័យក៏សារភាពថា «ខ្លួនពិតជាទទួលរងការចោទប្រកាន់នោះមែន តែលុយទាំងអស់គឺបានឲ្យមនុស្សម្នាក់ទៀត យកទៅធ្វើកិច្ចការនេះដោយមិនបានជោគជ័យ ទើបត្រូវម្ចាស់លុយគេប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននោះ»។ ដូច្នេះហើយ មកដល់ពេលនេះ ជនសង្ស័យ បើសិនជាគ្មានប្រាក់ដាក់តម្កល់ធានាខ្លួនទេ កុំសង្ឃឹមបានទៅជួបជុំប្រពន្ធកូនវិញ គឺអាចទៅសម្រាកនៅពន្ធនាគារមួយរយៈហើយ៕

ចែករំលែកព័តមាននេះ