ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អា​មេ​រិ​ក​ជម្លៀស​បុគ្គលិក​ចេញពី​ស៊ូ​ដង់​ហើយ

1 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២២ ​មេ​សា ពី​ការ​

ប្រទេស​ស៊ូ​ដង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២២ ​មេ​សា ពី​ការ​ជម្លៀស​បុគ្គលិក​ការទូត​ចេញពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ខា​ទុម ដែល​នៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ដែល​បែប​នេះ​នាំ​ឲ្យ​មានការ​បិទ​ស្ថានទូត​នោះ​បណ្ដោះអាសន្ន​។ គួររំលឹកថា អា​មេ​រិ​ក​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ស៊ូ​ដង់ ដើម្បី​ជម្លៀស​មនុស្ស​ចេញពី​ស្ថានទូត

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​បៃ​ដិ​ន​អះអាង​ថា ពេល​នេះ​តាម​បទបញ្ជា​របស់ខ្ញុំ កងទ័ព​អា​មេ​រិ​កបាន​ធ្វើ​ប្រតិបត្តិការ​មួយ​ជម្លៀស​បុគ្គលិក​ស្ថានទូត​ចេញ ដោយ​លោក​អំពាវនាវ​ម្យ៉ាងទៀត​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ដែល​គ្មាន​ន័យ​។ លោក​បាន​ថ្លែងអំណរគុណ​ជា​ពិសេស​ដល់​ប្រទេស​ហ្ស៊ី​​ប៊ូ​ទី អេ​ត្យូ​ពី​និង​អា​រ៉ា​ប៊ី​សា​អូឌីត ចំពោះ​ការ​ជួយ​ទ្រទ្រង់​របស់​ពួក​គេ​ដល់​ប្រតិបត្តិការ​នេះ​។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អាន​តូ​​នី​ប្លី​ន​កេ​ន​គូសបញ្ជាក់​ថា សេចក្ដី​សម្រេចចិត្ត​នេះ​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​ប្រកាន់​យក មក​ពី​គ្រោះថ្នាក់​ដែល​មិន​អាច​ទទួលយក​បាន ចំពោះ​បុគ្គលិក​ស្ថានទូត​។ លោក​មិន​បាន​បញ្ជាក់​ថា​តើ​បុគ្គលិក​ស្ថានទូត​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​របៀប​ណា​ឡើយ តែ​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​និយាយ​ពី​ការ​ប្រើ​បណ្ដា​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​យោធា​។

ពុំ​មានការ​បញ្ជាក់​ណាមួយ​ពី​ចំនួន​ជនជាតិ​អា​មេ​រិ​ក​ដែល​ត្រូវ​ជម្លៀស​ចេញ​ឡើយ តែ​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កម្នា​ក់ថា អាច​ទាក់ទិន​នឹង​មនុស្ស​យ៉ាងតិច​៧០​នាក់​។ ផែនការ​ជម្លៀស​ចេញ​នោះ​ដែល​រៀបចំ​ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​មុន​មក ទាក់ទិន​តែ​បុគ្គលិក​រដ្ឋាភិបាល មិនមែន​ជនជាតិ​អា​មេ​រិ​ក​រស់នៅ​ស៊ូ​ដង់​ដែល​មាន​ច្រើន​រយ​នាក់​ឡើយ​។

ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ដំបូង​ជម្លៀស​ជន​ស៊ី​វិល​បរទេស​ចេញពី​ស៊ូ​ដង់ បណ្ដា​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ជនជាតិ​ប្រទេស​ដទៃ​ៗ​ទៀត ត្រូវ​បាន​ដឹក​មក​ដល់ទី​ក្រុង​កំពង់​ផែ​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ហើយ​។ នាវា​ដំបូង​ដែល​ជម្លៀស​មនុស្ស​ចេញពី​ស៊ូ​ដង់ ដឹក​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​៥០​នាក់​និង​ជនជាតិ​ប្រទេស​មួយ​ចំនួន​ទៀត​។ ចំណែក​នាវា​៤​ទៀត​ដឹក​មនុស្ស​១០៨​នាក់​មាន​ដើម​កំណើត​ពី​ប្រទេស​១១​។

មនុស្ស​ច្រើន​រយ​នាក់​បាន​ត្រូវ​ស្លាប់​រួច​ហើយ ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​ប្រមុខ​កងទ័ព​ឧត្ដមសេនីយ​អាប់​ដែល​ហ្វា​តា​ហ៍​អាល់​បួ​ហាន និង​កងកម្លាំង​ប៉ា​រ៉ា​របស់​មេបញ្ជាការ​រង​លោក ឧត្ដមសេនីយ​ម៉ូ​ហា​ម៉េ​ដ​ហាម​ដាន​ដា​ក្លូ ដែល​ដឹកនាំ​កងកម្លាំង​ប៉ា​រ៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ