ខេត្តបន្ទាយមានជ័យ ៖ សាលារៀន១ខ្នងដែលមានសភាពប្រេះស្រាំ និងចាស់ទ្រុឌទ្រម ក្រោយពីសាងសង់រួច សិស្សរៀនបានប្រហែល២ឆ្នាំ បែរជាផ្អាកដំណើរការទៅវិញ ដោយសង្ស័យថា មកពីការសាងសង់គ្មានគុណភាព? ហើយសិស្សមិនអាចចូលរៀនបាន ព្រោះតែខ្លាចមានហានិភ័យកើតឡើង ទើបគេទុកចោលជាង១០ឆ្នាំ រហូតក្លាយជាខ្មោចសាលាទៅហើយ។

សាលារៀន១ខ្នងខាងលើនេះ នៅក្នុងបរិវេណអនុវិទ្យាល័យបន្ទាយមានឬទ្ធិ ស្ថិតក្នុងភូមិ-ឃុំគោករមៀត ស្រុកថ្មពួក។ ហើយសាលា១ខ្នងនេះ មាន៥បន្ទប់ សាងសង់អំពីថ្ម និងដំបូងប្រក់ក្បឿង ប៉ុន្តែបន្ទប់ខ្លះក្បឿងជ្រុះជាបណ្តើៗ ចំណែកជញ្ជាំងសាលាវិញ មានស្នាមប្រេះស្ទើរតែគ្រប់បន្ទប់ ធ្វើឱ្យសិស្សមិនអាចចូលរៀនបានទេ។

បើតាមប្រភពអ្នកស្រុក បានលើកឡើងថា ខ្មោចសាលា១ខ្នងនេះ បើទុកគ្មានប្រយោជន៍ ហេតុអ្វីគេមិនរុះរើចេញ ឬសាងសង់ថ្មី? ព្រោះថា កំណើនមនុស្សកាន់តែកើន ហើយអនាគតសិស្សក៏កាន់តែច្រើន ឬមួយគេទុកខ្មោចសាលា១ខ្នងនេះ ដើម្បីលងបន្លាចគេឯងមែនទេ?។

ជុំវិញករណីខាងលើនេះ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មពួក លោក ជិន សុផាន បានបដិសេធតាមទូរស័ព្ទថា ធាតុពិត មិនមែនដោយសារការសាងសង់គ្មានគុណភាពនោះទេ។ លោកបញ្ជាក់ថា សាលាប្រេះស្រាំ និងខូចខាតនេះ ដោយសារបាតសាលាមានថ្មដុះទូលឡើងពីដី។

លោកបន្តថា ទីតាំងសាងសង់សាលា១ខ្នងខាងលើនេះ ដំបូងពេលជីករណ្តៅគ្រឹះឃើញមានត្រឹមថ្មតិចតួចតែប៉ុណ្ណោះចំណុចបាតសាលា លុះពេលសាលាសាងសង់រួច និងសិស្សរៀនបានប្រហែល២ឆ្នាំ បែរជាជញ្ជាំងសាលាមានស្នាមប្រេះស្រាំកាន់តែខ្លាំងឡើៗពី១ឆ្នាំទៅ១ឆ្នាំ ហើយនៅពេលគ្រូៗធ្វើការពិនិត្យមើល ទើបដឹងថា ខាងក្រោមបាតសាលាមានថ្មដុះឡើង។

ប្រធានការិយាល័យរូបនេះ ប្រាប់បន្តថា សាលាខាងលើនេះ សាងសង់កាលពីជាង១០ឆ្នាំមុនប្រហែលជានៅឆ្នាំ២០១៣ ។ ពេលនេះថ្នាក់ដឹកនាំមន្ទីរសម្រេចនឹងរុះរើសាលា១ខ្នងនេះចោល ដើម្បីធ្វើថ្មីក្នុងពេលឆាប់ៗខាងមុខនេះហើយ។
លោកបន្តទៀតថា បច្ចុប្បន្ន នៅក្នុងស្រុកថ្មពួក មានអនុវិទ្យាល័យចំនួន៣កន្លែងរួចទៅហើយ នៅតាមបន្ទាត់ព្រំដែន ប៉ុន្តែដោយសារគិតពីការលំបាករបស់សិស្សានុសិស្ស នឹងកាត់បន្ថយការធ្វើដំណើរទៅរៀនតាមវិទ្យាល័យឆ្ងាយៗពីក្នុងស្រុក ខាងការិយាល័យបានពិភាក្សាសុំយោបល់ជាមួយប្រធានមន្ទីរ គ្រោងបង្កើតវិទ្យាល័យមួយ នៅចំណុចសាលាខាងលើ ដើម្បីឲ្យសិស្សបានរៀននាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សាលារៀងខាងលើនេះ កោះសន្តិភាពធ្លាប់ផ្សាយម្តងរួចមកហើយមុនសម័យកាលកូវីដ១៩ ប៉ុន្តែដោយសារឥឡូវឃើញនៅដដែល ទើបលើកយកមកសរសេរម្តងទៀត គ្រាន់តែកាលពីមុននាយកសាលាបឋមសិក្សាគោករមៀត មិនមានការបកស្រាយដូចពេលនេះ៕
ចែករំលែកព័តមាននេះ