ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចោរលួច​កាត់​ខ្សែភ្លើង​​ទាល់តែ​អភិ​បាល​​ខេត្ត​​ស្រែក​ ទើប​​សមត្ថកិច្ច​ភ្ញាក់​​ពី​​ដំណេក

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​លោក​អភិបាលខេត្តស្រែក​ប្រកាស​អាសន្ន​ថា «​នៅ​ខេត្ត យើង​ពេល​នេះ​គ្មាន​សុវត្ថិភាព​សោះ​ហើយ​..! អធិការ និង​ប៉េ​អឹម​ក្រុង មិនដឹង​ធ្វើ​អី​ទេ​..​? ដល់​ថ្នាក់​នៅ​វេទិកា​បុណ្យ​ទូក គេ​កាត់​ខ្សែភ្លើង កាត់​អី​អស់…

ខេត្តបាត់ដំបង​៖ ក្រោយ​ពី​លោក​អភិបាលខេត្តស្រែក​ប្រកាស​អាសន្ន​ថា «​នៅ​ខេត្ត យើង​ពេល​នេះ​គ្មាន​សុវត្ថិភាព​សោះ​ហើយ​..! អធិការ និង​ប៉េ​អឹម​ក្រុង មិនដឹង​ធ្វើ​អី​ទេ​..​? ដល់​ថ្នាក់​នៅ​វេទិកា​បុណ្យ​ទូក គេ​កាត់​ខ្សែភ្លើង កាត់​អី​អស់ គ្មាន​ពី​ណា​ដឹង​» ស្រាប់តែ​នៅ​ថ្ងៃ​បន្ទាប់ ទាំង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទាំង​លោកស្នងការ​ខេត្ត បាន​ចេញ​បទបញ្ជា​ភ្លាម​ៗ​ជា​បន្តបន្ទាប់ តាម​រយៈ​សារ​ជា​សម្លេង​ផ្ញើ​តាម​គ្រុប​តេ​ឡេ​ក្រាម​នៅ​ក្នុង​អង្គភាព​រៀង​ៗ​ខ្លួន បញ្ជា​ឲ្យ​កងកម្លាំង​ក្រោម​ឱវាទ​ នៅ​តាម​មូលដ្ឋាន​ត្រូវ​ចាប់ផ្ដើម​ពង្រឹង​សន្តិសុខ​ឡើង​វិញ មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នានា​ដែល​បាន​កើតឡើង​ ។

​បទបញ្ជា​របស់​លោក ហែម វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បទបញ្ជា​របស់​លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត ដែល​ធ្វើ​ឡើង​ព្រម​ៗ​គ្នា និយាយ​អំពី​ «​ការ​ចាប់ផ្ដើម​ពង្រឹង​សន្តិសុខ​ឡើង​វិញ​នេះ​» ត្រូវ​គេ​មើលឃើញ​យ៉ាង​ច្បាស់​ថា គឺ​ធ្វើ​ឡើង​ក្រោយ​ពី​លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត​ផង បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​កម្លាំង​សមត្ថកិច្ច និង​លោក​ចៅហ្វាយ​ក្រុង ក្នុង​ករណី «​ចោរលួច​កាត់​ខ្សែភ្លើង​អស់​ខ្ទេចខ្ទី​នៅ​កន្លែង​វេទិកា​បុណ្យ​អុំទូក ហើយ​គ្មាន​នរណា​ដឹង​»​។

ពោល​ការ​ប្រកាស​អាសន្ន​របស់​លោក​អភិ​បា​ខេត្ត​អំពី ​«​គ្មាន​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​» គឺ​ហាក់ដូចជា​ការ​ស្រែក​ដាស់​មេ​ៗ​សមត្ថកិច្ច​ឲ្យ​ភ្ញាក់​ពី​ដំណេក​ងើប​ធ្វើ​ការងារ​ឡើង​វិញ​។ នៅ​ក្នុង​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​បុណ្យអុំទូក​នេះ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក ហែម វុ​ទ្ធី បាន​ដាក់​កំហិត​ដាច់ខាត​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ធ្វើការ​ស្រាវ​តាម​ចាប់​ជនសង្ស័យ​ឲ្យ​បាន​។ តាម​រយៈ​សារ​ជា​សម្លេង លោក មេបញ្ជាការ​រូប​នេះ បាន​ចេញ​បញ្ជា​យ៉ាង​ដូច្នេះ​ថា «​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ត្រូវ​ត្រូ​ត​ពិនិត្យ​មើល​ការងារ​ហ្នឹង​..! ហើយ​ស្រាវជ្រាវ​រក​ចោរលួច​ឲ្យ​ឃើញ ហើយ​ពង្រឹង​ការងារ​សន្តិសុខ និង​ការងារ​ទូទៅ​នៅ​ក្នុង​ទីរួមខេត្ត​»​។ បាន​ន័យ​ថា កន្លង​ទៅ​នេះ​(​ហាក់​ជិះសេះ​លេង​) មិនសូវ​អើពើ​នឹង​បទល្មើស​សោះឡើយ​។

ដោយឡែក បើ​និយាយ​ពីសារ​សម្លេង​របស់​លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត​វិញ លោក បាន​ចាត់​ទុក​ចោរលួច គោ ឬ លួច​កាត់​ខ្សែភ្លើង គ្រាន់តែ​ជា «​ចោរ​អំបុក ចោរ​អំបែង​»​ ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ប្រកាស​ឲ្យ​លោក​អធិការ និងលោក​ប្រធាន​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និងស្រាវជ្រាវ​បង្ក្រាប​។ លោកស្នងការ​ខេត្តបាន​មាន​ប្រសា​ស​ន៍​​ទៅ​កាន់​មន្ត្រី​ក្រោមឱវាទ​​យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ពី​មួយ​រយៈ​ចូល​ឆ្នាំ​ហើយ​នេះ ឃើញ​ថា សកម្មភាព​ក្រុម​ចោរ អំបុក​ចោរ​អំបែង ចោរលួច​ខ្សែភ្លើង លួច​អី​នេះ​…យប់មិញ​ឃើញ​មាន​ចូល​ផ្ទះ​គេ ផ្ទះ​អី​… និង លួច​គោ​លួច​អី​នេះ ចឹ​ង​សូម​ឲ្យ​បង្កើន​កិច្ច​ការពារ​។

ជា​ពិសេស​ ត្រូវ​សហការ​ជា​ប្រជា​ការពារ​។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​សារ​ជា​សម្លេង​នេះ លោក សាត គឺ​ម​សាន បាន​បញ្ជា​ឲ្យ​តាម​អធិការ ត្រូវ​បង្កើត​ប៉ុ​ស្ដិ៍​​ប្រជា​ការពារ​តាម​បណ្ដា​ភូមិ ត្រូវ​មាន​រោង​ប៉ុ​ស្ដិ៍​​ប្រជា​ការពារ​។ ចំពោះ​នៅ​ក្នុង​ក្រុង​បាត់ដំបង លោកស្នងការ​បាន​បញ្ជា​ឲ្យ​លោក​អធិការ ត្រូវដំឡើង​ទីតាំង​ប៉ុ​ស្ដិ៍​​ឡើង​វិញ ឲ្យ​មាន​រោង​ដេក​ប្រចាំការ ​។

ពាក់ព័ន្ធ​នឹង​រឿង​ចោរ​កាត់​ខ្សែភ្លើង​នៅ​កន្លែង​វេទិកា​អុំទូក ត្រូវ​ដាក់​កម្លាំង​សហការ​ជាមួយ​ប៉េ​អឹម ដេក​​ប្រចាំការ​នៅ​ទីនោះ​។ ជាមួយនឹង​បទបញ្ជា​ឲ្យ​កម្លាំង​តាម​បណ្ដា​អធិការ​ស្រុក និង ក្រុង ត្រូវ​មាន​វិធានការ​ប​ង្រឹ​ង​សន្តិសុខ​ឡើង​វិញ​នៅ​ក្នុង​មូល​ដ្ខា​ន​របស់​ខ្លួន លោក ស្នងការ ក៏​បាន​ស្ដីបន្ទោស​ផង​ដែរ ចំពោះ​អស់លោក លោកស្រី ស្នងការ​រង​ទ​ទូល​ផែន និង​ទ​ទួ​ល​ការងារ​តាម​បណ្ដា​ស្រុក ដែល​ស្ពឹក​ស្រពន់​មិន​កំរើក​រឿង​ការងារ​។

នៅ​ក្នុង​សារ​សម្លេង​ដែល​លោក​បាន​ផ្ញើ​ចូល​ក្ន​ង​គ្រុប​ថ្នាក់ដឹកនាំ​ស្នងការ​ខេត្ត លោក​សាត គឹ​ម​សាន បាន​ប្រកាស​ដូច្នេះ​ថា «​អស់លោក លោកស្រី ស្នងការ​រង​ទាំងអស់ ត្រូវ​ពិនិត្យ​សកម្មភាព​ការងារ​ឡើង​វិញ នៅ​តាម​បណ្ដា​ស្រុក ដូច​ជា​មិនឃើញ​អស់លោក លោកស្រី ណា​កំរើក​បន្តិច​សោះ​… បញ្ហា​​ចុះ​ទៅ​តាម​ស្រុក ពាក់ព័ន្ធ​បទល្មើស​ដែល​កើ​ត​ឡើង​នេះ​»​ ។

ក្នុង​ន័យ​នេះ លោកស្នងការ បាន​បញ្ជា​ឲ្យ​អស់លោក​ស្នងការ​រង ដែល​មាន​ចំនួន​ជាង​៤០​រូប ត្រូវ​ចុះ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ស្រុក​ណា ដែល​មាន​បទល្មើស គឺ​ត្រូវ​មានមុខ​ស្នងការ​រង​ដែល​ទ​ទូល​ខុស​ត្រូវ​លើ​ស្រុក​នោះ ត្រូវ​ចុះ​ធ្វើការ​វិភាគ និងស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​រាល់​បទល្មើស​ទាំង​ឡាយ​ដែល​បាន​កើតឡើង​។

សូម​រំលឹក​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ជន​មិន​ស្គាល់​មុខ បាន​លួច​កាត់​ខ្សែភ្លើង​ជា​បន្តបន្ទាប់ នៅ​កន្លែង​វេទិកា​បុណ្យអុំទូក នៅ​ក្នុង​ក្រុង​បាត់ដំបង បាត់បង់​អស់​រាប់រយ​ម៉ែត្រ តែ​ពុំ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ក្រុង បានដឹង និងរាយ​ការ​ណ៍​ជូន​លោក​អភិបាលខេត្ត​ទេ​ ។ ប៉ុន្តែ​ក្រោយមក នៅ​ថ្ងៃ​ទី​១៨ មេ​សា ស្រាប់តែ​មាន​អ្នក​ផ្សេង បាន​ផ្ដល់​ព័​ត៌​មានរឿង «​ចោរលួច​ខ្សែភ្លើង​» នេះ​បន្ថែម​ទៀត ជូន​លោក​​អភិបាលខេត្ត ទើប​លោក​អភិបាលខេត្ត មាន​ប្រតិកម្ម​ខ្លាំង​ៗ ទៅ​កាន់​សមត្ថកិច្ច និង​លោក​ចៅហ្វាយ​ក្រុង​បាត់ដំបង ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មីថ្មោង​នេះ​ ។

ដោយ​សារ​តែ​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​កន្លែង​វេទិកា​អុំទូក​ម្ដង​ហើយ​ម្ដងទៀត ​ពុំ​មាន​អ្នកដឹង គ្មាន​អ្នក​រាយ​ការ​ណ៍​ទើប​លោក សុខ លូ អភិបាលខេត្ត ប្រកាស​អាសន្ន​ប្រាប់​លោក​មេបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត និង​លោកស្នងការ​ខេត្ត រួម​ទាំង​លោក​ចៅហ្វាយ​ក្រុង​ផង​ថា «​នៅ​ក្នុង​ខេត្ត យើង​ពេល​នេះ​ គ្មាន​សុវត្ថិភាព​សោះ​ហើយ​នៀក​..! អធិការ និង ប៉េ​អិ​ម​ក្រុង មិនដឹង​ធ្វើ​អី​ទេ​..​? ដល់​ថ្នាក់​នៅ​វេទិកា​បុណ្យអុំទូក គេ​កាត់​ខ្សែភ្លើង កាត់​អី​អស់​គ្មាន​ពី​ណា​ដឹង​..! ខ្ញុំ ប្រាប់​អភិបាលក្រុង តាំងពី​ម្សិលមិញ​ល្ងាច រហូត​មក​ដល់​ម៉ោង​នេះ​ហើយ មិន​ទាន់​ឆ្លើយ​តប​ខ្ញុំ​ផង​។ តិច​ទៀត​ប្រហែល​ទៅ​កាត់​តាម​អង្គភាព​រដ្ឋ​ទាំង​អស់ហើយ តាម​មើល​..»​។

កន្លង​ទៅ ​អំពើ​ចោរកម្ម​លួច​កាត់​ខ្សែភ្លើង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ថា «​ជា​រឿង​តូចតាច កំប៉ិក​កំប៉ុក​» នៅ​ពេល​ប្រជាពលរដ្ឋ​រាយ​ការ​ណ៍​ជូន​ម្ដង​ៗ​ ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​ដែល​អះអាង​ថា ពួក​គេ​ជា​ក្រុម​បង្ក្រាប​បទល្មើស​ទាំងនោះ ថែម​ទាំង​ស្ដីបន្ទោស​តប​ទៅ​អ្នក​រាយ​ការ​ណ៏​វិញ​ផង​ថា «​ជា​ការ​រំខាន រឿង​កំប៉ិកកំប៉ុក​សោះ រាយ​ការ​ណ៍​​ដែរ​»​។ រហូត​ប្រជាពលរដ្ឋ​ឈប់​ផ្ដល់​ព័​ត៌​​មាន​នេះ​ដល់​សមត្ថកិច្ច បើ​ទោះជា​ដើរ​បុក​ចោរ​ក៏​មិនរ​វីរ​វល់​ដែរ​។

ប៉ុន្តែ​យ៉ាងណា ក្រោយ​ពី​លោក​អភិបាលខេត្ត​ប្រតិកម្ម​ខ្លាំង​ៗ អំពី​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិការ​អុំទូក​ខាងលើ​នេះ នៅ​យប់​ថ្ងៃ​ទី​១៨ មេ​សា កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព​ក្រុង បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​មុខសញ្ញា​លួច​កាត់​ខ្សែភ្លើង​ពេល​យប់​បាន​ចំនួន​០៣​នាក់ នាំ​យក​ទៅ​សួរនាំ​នៅ​អធិការ​ក្រុង​បាត់ដំបង​ ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ថា ពិតមែនតែ​ជន​ទាំង​០៣​នាក់​នោះ ត្រូវ​បាន​កំណត់​ជា​មុខសញ្ញា​លួច​កាត់​ខ្សែភ្លើង​មែន តែ​ក្រុម​នេះ​មិន​បាន​សារភាព​ថា ពួក​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាត់​ខ្សែភ្លើង​នៅ​ម្ដុំ​វេទិកា​អុំទូក​នោះ​ទេ​ ។

បើ​ដូច្នេះ​ ​បាន​ន័យ​ថា ចោរ​ដែល​លួច​កាត់​ខ្សែភ្លើង​នៅ​កន្លែង​វេទិកា​បុណ្យអុំទូក កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គេ​មិន​ទាន់​បង្ក្រាប​បាន​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ