ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ចៅហ្វាយខេត្ត​ចេញ​បញ្ជា​​ភ្លាម​ ចាប់​​ចោរ​លួច​ខ្សែភ្លើង​​​០៣​​នាក់​​​បាន​ភ្លែត​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ពេល​យប់​បាន​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ មេ​សា នៅ​ម្ដុំ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​ពី​លោក​អភិ​បាលខេត្ត​ស្ដីបន្ទោស​យ៉ាង​ចាស់ដៃ​…

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ពេល​យប់​បាន​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ មេ​សា នៅ​ម្ដុំ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្រោយ​ពី​លោក​អភិ​បាលខេត្ត​ស្ដីបន្ទោស​យ៉ាង​ចាស់ដៃ​ ពី​ភាព​អសកម្ម​របស់​សមត្ថកិច្ច ដែល​មិន​អើពើ​នឹង​រឿង​
«​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​បុណ្យអុំទូក​»​ ។

​ជនសង្ស័យ​ទាំង​០៣​នាក់​នោះ ១-ឈ្មោះ បាន គឹ​ម​ហុង ហៅ​វិត អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ២-ឈ្មោះ ប៉ា​ង វ៉ា​ន់​ថន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សួរ​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​៣-​ឈ្មោះ គា​ម ភ​ត្រា អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ ក្រុម​នេះ ​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ក្រោយ​ពី​មាន​ករណី​លួច​កាត់​ខ្សែភ្លើង​ជា​បន្តបន្ទាប់ នៅ​វេទិកា​បុណ្យអុំទូក​ ។

​បើ​តាម​ប្រភព​ព័​ត៌​មាន មាន​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ម្ដុំ​វេទិកា​បុណ្យ​អុំទូក នៅ​ចំ​កណ្ដាល​បេះដូង ក្រុង​បាត់ដំបង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ ពួក​ចោរ​បាន​លួច​កាត់​យក​អស់​រាប់រយ​ម៉ែត្រ និងជា​ច្រើន​ខ្សែ​ចាប់តាំងពី​ម្ដុំ​ខាងកើត​ផ្សារណាត់ រ៉​ប​មាត់​ស្ទឹង​សង្កែ រហូត​ដល់​វេទិកា​បុណ្យអុំទូក​ ។

អំពើ​ចោរកម្ម​នេះ​ បាន​ស្ងប់​ស្ងាត់បាត់​ឈឹង ហាក់​គ្មាន​សមត្ថកិច្ច​ណា​ចុះ​ពិនិត្យ ​ឬ​ធ្វើការ​ស្រាវជ្រាវ​ឡើយ​។ លុះដល់​ថ្ងៃ​ទី​១៨ មេ​សា ទើប​មាន​គេ​រាយ​ការ​ណ៍​ប្រាប់​លោក​អភិបាលខេត្ត​ជ្រាប​អំពី​រឿង​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​អុំទូក​នេះ តែ​មិនមែន​សមត្ថកិច្ច ឬ លោក​ចៅហ្វាយ​ក្រុង​ជា​អ្នក​រាយ​ការ​ណ៏​ទេ​។ ទំនង​ដោយសារ​តែ​គ្មាន​សមត្ថកិច្ច​ណា​អើពើ​នឹង​រឿង​ចោរលួច​កាត់​ខ្សែភ្លើង​បែប​នេះ​ហើយ ទើប​លោក​អភិបាលខេត្ត ក្ដៅ​មុខ​ក៏​បាន​ស្ដីបន្ទោស​យ៉ាង​ចាស់ដៃ​ទៅ​លើ​កម្លាំង​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន រួម​ទាំង​លោក​អភិបាលក្រុង​ផង ហើយ​បាន​ចេញ​បញ្ជា​ភ្លាម​ៗ ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ចោរលួច​ខ្សែភ្លើង​នេះ​។

នៅ​ក្នុង​សារ​ជា​សម្លេង ដែល​លោក​អភិបាលខេត្ត​បាន​និយាយ​អំពី​រឿង​«​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​អុំទូក ហើយ​បាន​ផ្ញើ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម ទៅ​កាន់​មេ​ៗ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ រួម​ទាំង​លោក លាង វាសនា ចៅហ្វាយ​ក្រុង​ផង ​។ លោក សុខ លូ បាន​មាន​ប្រសា​ស​ន៍​ដូច្នេះ​ថា « បង​សាន (​មេ​ស្នងការ​) និង​បង​ធី (​មេ​ប៉េ​អឹម​ខេត្ត​) ជួយ​មើល​ផង​ណា​..! នៅ​ខេត្ត​យើង​គ្មាន​សុវត្ថិភាព​អី​សោះ​ហើយ​នៀក​…»​។

លោក​អភិបាលខេត្ត​បាន​ស្ដីបន្ទោស និង​ចង្អុល​ចំ​ៗ​ថា «​អធិការ និង ប៉េ​អឹម​​ក្រុង ឬ​កម្លាំង​យើង មិនដឹង​ធ្វើ​អី​ទេ​..! ដល់​ថ្នាក់​នៅ​វេទិកា​បុណ្យអុំទូក​គេ​កាត់​ខ្សែភ្លើង​កាត់​អី គ្មាន​ពី​ណា​ដឹង​»​ ។ ដោយឡែក​ អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា ឯណោះ​វិញ​ក៏​ត្រូវ​ប៉ុយ​លោក​អភិ​បាល​ខេត្ត​ដែរ​រឿង​ចោរលួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​អុំទូក​នេះ​ ។ ព្រោះ​ស្ពឹក​ស្រពន់ មិន​អើពើ​នឹង​បទ​ល្មើស​ដែល​បាន​កើតឡើង មិន​រួស​រាន់​ក្នុង​ការ​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​ ។ មិនតែប៉ុណ្ណោះ លោក​អភិបាលខេត្ត​ផ្ញើ​សារ​ជា​សម្លេង​សួរនាំ​ហើយ នៅ​មិន​ព្រម​ឆ្លើយ​តប​វិញទៀត​(​ឡូយ​ណាស់​)​ ។​

នៅ​ក្នុង​សារ​សម្លេង​នោះ លោក សុខ លូ បាន​ស្ដីបន្ទោស​លោក​ចៅហ្វាយ​ក្រុង រឿង​ចោរ​កាត់​ខ្សែភ្លើង​នេះ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ប្រាប់​អភិបាលក្រុង តាំងពី​ម្សិល​ល្ងាច មក​ដល់​ម៉ោង​នេះ​មិន​ទាន់​ឆ្លើយ​នឹង​ខ្ញុំ​ផង ឥឡូវ​គេ​រាយ​ការ​ណ៏​មក​ឲ្យ​ទៅ​មើល​ខ្សែភ្លើង​គេ​កាត់​ទៀត​ហើយ​… តិច​ទៀត​ប្រហែល​គេ​ទៅ​កាត់​តាម​អង្គភាព​រដ្ឋ​ទាំង​អស់ហើយ​មើលទៅ​..»​។

ក្រោយ​ពី​លោក​អភិបាលខេត្ត​ចេញ​បទបញ្ជា​បែប​នេះ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច មាន​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត ក្រុង កម្លាំង​នគរបាល​ក្រុង រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ខ្លះ​ផង បាន​ស្ទុះស្ទារ​ប្រមូល​កម្លាំង​ចេញ​ល្បាត ព្រោងព្រាត​ពាសពេញ​ក្នុង​ក្រុង នៅ​យប់​ថ្ងៃ​ទី​១៨ មេ​សា រហូត​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង ហើយ​មាន​គ្រឿងញៀន​ផង​ដែរ​ ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាត់​ខ្សែភ្លើង​នៅ​វេទិកា​ប​ណ្យ​អុំទូក​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ​ ។

ព្រោះ​ពេល​នេះ​ គេ​បាន​ប្រគល់​ជន​ទាំង​០៣​នាក់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​អធិការ​ក្រុង ជា​អ្នក​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​ ។ សូ​ម្បី​រំលឹក​ផង​ដែរ​ថា កន្លង​មក ​ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ពេល​យប់​នេះ បាន​ធ្វើ​សកម្មភាព​ស្ទើរ​រាល់​យប់ និង​ស្ទើរ​គ្រប់​ភូមិ សង្កាត់​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ក្រុម​ចោរលួច​កាត់​ខ្សែភ្លើង​ទាំងនេះ មួយ​ចំនួន​ជិះ​កង់ ធ្វើ​ជា​ដើរ​រើស​អេ​ត​ចាយ​តាម​ធុងសំរាម​ពេល​យប់ និង​មួយ​ចំនួន​ទៀត​ ជិះ​ម៉ូតូ​កញ្ចាស់​ៗ ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ ។

ប្រជាពលរដ្ឋ​តែង​ប្រទះ​ឃើញ​ក្រុម​ចោរ​រាត្រី​នេះ​ជា​ញឹក​ញាប់ ហើយ​ក៏​តែង​រាយ​ការ​ណ៏​ជួន​លោក​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ដែរ តែ​ភាគច្រើន​អ្នក​រាយ​ការ​ណ៍​មិនសូវ​ទ​ទូល​បាន​លទ្ធផល​ល្អ​ពី​សមត្ថកិច្ច​វិញ​ទេ​។ ពេល​ខ្លះ ​ត្រូវ​សមត្ថកិច្ច​ស្ដីបន្ទោស​តប​វិញ​ថា «​ជា​ការ​រំខាន ជា​រឿង​កំប៉ិកកំប៉ុក​»​។ ប៉ុន្តែ​យ៉ាងណា កន្លង​មក​ កម្លាំង​សមត្ថកិច្ច​ក៏​ធ្លាប់​ក្របួច​បាន​ក្រុម​ចោរ​រាត្រី​ទាំងនោះ​បាន​ច្រើន​នាក់​ដែរ បញ្ជូន​ទៅ​តុលាការ​៕ ​

អត្ថបទសរសេរ ដោយ