ខេត្តបន្ទាយមានជ័យ ៖ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅប្រទេសថៃវិញ ដើម្បីធ្វើការដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាហូរហែ ក្រោយពួកគេបានទៅជួបជុំក្រុមគ្រួសានៅស្រុកកំណើតរៀងខ្លួនៗ ខណៈពលករខុសច្បាប់បញ្ជូនពីថៃតាមរថយន្តទ្រុងមានជាង២០០០នាក់ រយៈពេល៣ខែដើមឆ្នាំ២០២៣ ។

នៅចំណុចបំពេញបែបបទចេញក្រៅប្រទេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញមានពលករតម្រង់ជួរត្រៀបត្រា ដើម្បីបំពេញឯកសារឆ្លងចូលទៅទឹកដីថៃ ខណៈឥវ៉ាន់ ឬកាបូបរបស់ពួកគេជួលរទេះកម្មករអូសចូលព្រោងព្រៀត ។

អ្នកបើកបររថយន្តសាំយ៉ុងប៉ោយប៉ែត-កំពង់ធំម្នាក់និយាយថា រថយន្តខ្លួនវិលជុំរហូតមិនបានសម្រាកទេ ព្រឹកដឹកអ្នកដំណើរពីកំពង់ធំ, សៀមរាបមកក្រុងប៉ោយប៉ែត ។ លុះវេលារសៀលត្រូវត្រឡប់ទៅវិញ ដើម្បីប្រមូលដឹកពលករជាម៉ូយតាមផ្ទះ ។ ព្រឹកស្អែកបន្តបើទោះជាកាវិលត្រឡប់ពីប៉ោយប៉ែតទៅកំពង់ធំ មានអ្នកជិះតិចតួច ឬអត់ក៏ដោយ ។ ប៉ុន្តែថា ត្រឹមរយៈពេលយ៉ាងយូរ៤ទៅ៥ថ្ងៃ ក្រោយពិធីបុណ្យជាតិតែប៉ុណ្ណោះ។

អ្នកបើកបររថយន្តរូបនេះបន្តថា អ្នកដំណើរដែលខ្លួនដឹកជញ្ជូនមួយរយៈខ្លីនេះ ៩០%ជាពលករខ្មែរទៅមកប្រទេសថៃ ។សមត្ថកិច្ចឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់កោះសន្តិភាពថា ចាប់ពីព្រឹកថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មេសា នេះ ឃើញមានពលករត្រឡប់ទៅប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនកកកុញដូចរយៈពេល២ទៅ៣ថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលពួកគេត្រឡប់ពីប្រទេសថៃឡើយ។

ស្ត្រីពលករចេញពីកម្ពុជា ឆ្ពោះទៅខេត្តឈុនបូរី ធ្វើការផ្នែករោងចក្រសាច់មាន់ម្នាក់និយាយថា នាងនិងពលកររួមអាជីពបានសម្រេចចិត្តទៅធ្វើការលើទឹកដីថៃវិញ តាមការកំណត់របស់ក្រុមហ៊ុនខ្លួន។ យ៉ាងណាក៏ដោយ ពលករខ្លះនិយាយថា មានពលករមួយចំនួនទៀត មិនទាន់វិលត្រឡប់ទៅប្រទេសថៃវិញនោះទេ ដោយពួកគេនៅជួបជុំក្រុមគ្រួសានៅឡើយ ។





ចែករំលែកព័តមាននេះ