ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់នារី​តៃវ៉ាន់​ម្នាក់​ក្រោយ​វះ​កាត់​កែ​សម្ផស្ស​នៅ​វៀតណាម​បាន​ប៉ុន្មាន​ថ្ងៃ​​​

2 ឆ្នាំ មុន

​​ស្លាប់​ដោយ​សារ​កែ​សម្ផស្ស​ទៀត​ហើយ​បង​ប្អូន​! លើក​នេះ​​​នៅ​ទី​ក្រុង​ហូជីមិញ​ ប្រទេស​វៀត​ណាម​​​។​ ថ្មីៗ​នេះ សមត្ថកិច្ច​​វៀត​ណាម​ សហការ​ជា​មួយ​​មន្ទីរ​​សុខាភិបាល​ទីក្រុង​ហូជីមិញ​​ បាន​​ចុះ​ស៊ើប​អង្កេតករណី​នារី​​​​​តៃវ៉ាន់​​ម្នាក់​អាយុ​៤៥​ឆ្នាំ​​បាន​ស្លាប់​​​​​ ​បន្ទាប់​ពី​​​វះ​កាត់​កែ​ស​ម្ផស្ស​នៅ​​គ្លីនិក​ ​​​ខូរៀន ​ស្តា…

​​ស្លាប់​ដោយ​សារ​កែ​សម្ផស្ស​ទៀត​ហើយ​បង​ប្អូន​! លើក​នេះ​​​នៅ​ទី​ក្រុង​ហូជីមិញ​ ប្រទេស​វៀត​ណាម​​​។​ ថ្មីៗ​នេះ សមត្ថកិច្ច​​វៀត​ណាម​ សហការ​ជា​មួយ​​មន្ទីរ​​សុខាភិបាល​ទីក្រុង​ហូជីមិញ​​ បាន​​ចុះ​ស៊ើប​អង្កេតករណី​នារី​​​​​តៃវ៉ាន់​​ម្នាក់​អាយុ​៤៥​ឆ្នាំ​​បាន​ស្លាប់​​​​​ ​បន្ទាប់​ពី​​​វះ​កាត់​កែ​ស​ម្ផស្ស​នៅ​​គ្លីនិក​ ​​​ខូរៀន ​ស្តា ខូស​ស្មេទិច​ (Korean Star Cosmetic)​ បាន​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​​។​ ​​ជន​រង​គ្រោះ​​​បាន​ទៅ​​គ្លីនិក​​​កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា​​ ឆ្នាំ​២០២៣​។​

គ្លីនិក​ខូរៀនស្តា (Korean Star) ដែល​វះ​កាត់​នារី​តៃវ៉ាន់

​​ក្រោយ​​​វះ​កាត់​រួច​,​ នារី​រូប​នោះ​​ត្រូវ​គ្លីនិក​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​​​ទៅ​​កន្លែង​ស្នាក់​នៅ​​វិញ​​នៅ​​​ខេត្ត​ដុង​ណៃ​ (Dong Nai)​​។​ ​​​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ស្ត្រី​រង​គ្រោះ​ចាប់​ផ្ដើម​​​​ស្ទះ​ផ្លូវ​ដង្ហើម​​​ និង​ហារ​មាត់​​​​និយាយ​មិន​​​ចេញ​​​​​។ ក្រុម​គ្រួ​សារ​​​បាន​ដឹក​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​។ ប៉ុន្តែ​រយៈ​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក​​​​, នារី​រូប​នោះ​​ក៏​បាន​ស្លាប់​ទៅ​​​​។​ ​សមត្ថ​កិច្ច​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​​​ថា​ជន​រង​គ្រោះ​​​ស្លាប់​ដោយ​សារ​មូល​ហេតុ​អ្វី​​ទេ​​​​​។​ ប៉ុន្តែ​​គ្លីនិក​​នេះ​ត្រូ​វតែ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​​​។​ ​​

ក្រុម​គ្រូ​ពេទ្យ និង​​គិលានុប្បដ្ឋាក​នៅ​គ្លីនិក​ខូរៀន​ស្តារ ដែល​វះ​កាត់​នារី​តៃវ៉ាន់​

អាជ្ញា​ធរ​រក​ឃើញ​ថា​​​​​​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយ​​សារ​ការ​វះ​កាត់​កែ​សម្ផស្ស​​។​ សូម​បញ្ជាក់​ថា​កែ​សម្ផស្ស​ធម្មតា​ដូច​ជា​ញេច​មុន ញេច​អាចម៍​រុយ​ សាក់​ចិញ្ចើម​ ឬ​អ្វី​ផ្សេង​ដែល​សើ​ស្បែក​មិន​មាន​​​បញ្ហា​ទេ​។ បញ្ហា​គឺ​ពាក់​ព័ន្ធ​នឹង​ការកែ​សម្ផស្ស​ដែល​​វះ​កាត់ និង​ចាក់​ថ្នាំ​សណ្ដំ​​។

– ខែ​មីនា ឆ្នាំ​២០២២​នៅ​​ហូជីមិញ​​ ស្ត្រី​វ័យ​៣៣​ឆ្នាំ​ម្នាក់​​ទៅ​គ្លីនិក​អ័រតូផេឌីក(​Orthopedics and Rehabilitation Hospital​) ​ដើម្បី​ពង្រីក​ដើម​ទ្រូង​។ ​នៅ​ពេល​​គ្រូ​ពេទ្យ​កំពុង​វះ​កាត់​​សុខ​ៗ​, នារី​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ​​​។ គ្រូ​ពេទ្យ​សង្ស័យ​ថាមក​​ពី​ថ្នាំ​សណ្ដំ​​​។​​​​​​
– ខែមេសា​ ឆ្នាំ​២០២២​នៅ​ហូជីមិញ​ដដែល​​ ស្ត្រី​​ម្នាក់​អាយុ​ឡើង​៦១​ឆ្នាំ​ហើយ​នៅ​ចង់​ពង្រីក​ដើម​ទ្រូង​ទៀត​។ គាត់​ទៅ​គ្លីនិក​​​​កាង​ណាម ​សៃហ្កន​​(Kangnam Saigon)​​​​​ដើម្បី​​​​វះ​យក​​​​​​​ខ្លាញ់​ពី​ក្នុង​ខ្លួន​ទៅ​ពង្រីក​​​​​។ ពេល​កំពុង​វះ​​យក​ខ្លាញ់​​សុខ​ៗ​, គាត់​ក៏​​ស្លាប់​ទៅ​​​។

នៅ​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​នៃ​គ្លីនិក​ខូរៀន​ស្តារ


– ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នារី​ជនជាតិ​អាមេរិក​​ដើម​​​កំណើត​វៀតណាម​​វ័យ​៥៩​ឆ្នាំ​​បាន​​វះ​កាត់កែ​ទម្រង់​មុខ​នៅ​គ្លីនិក​កាង​ណាម ផ្លាស្ទិច សឺជើរី ហូសស្ពីថល​(Kangnam Plastic Surgery Hospital)​។ ​​​​វះ​កាត់​មិន​បាន​ប៉ុន្មាន​ផង​, នារី​នោះ​ក៏​ស្លាប់​ទៅ​។​​​
– ថ្ងៃ​ទី​១៨ ខែ​តុលា ​ឆ្នាំ២០២២ ​ស្ត្រី​​វ័យ​៣៣​ឆ្នាំ​ម្នាក់​វះ​កាត់​ពង្រីក​ដើម​ទ្រូង​នៅ​ក្នុង​គ្លីនិក​១​កន្លែង ហើយ​​ក៏​​បាន​ស្លាប់​ភ្លាម​ៗ​។​​
– ខែ​វិច្ឆិកា​ ឆ្នាំ​២០២២, នារី​វ័យ​២៥​ឆ្នាំ​ម្នាក់​​ទៅ​​គ្លីនិក​ ឃី ​ប៊ីយូធី​ សិនថឺ​(Key Beauty Center)​​ដើម្បី​​​វះ​កាត់​​ខ្លាញ់​ដើម​ដៃ​។ បន្ទាប់​ពី​​ចាក់​ថ្នាំ​សន្លប់​ភ្លាម​​​​​​​, ​នារី​នោះ​ក៏​គាំង​​​បេះ​ដូង​ស្លាប់​តែ​ម្ដង​​។​ ទោះ​បី​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ក៏​សង្គ្រោះ​មិន​បាន​ដែរ​។​​​

នៅ​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​នៃ​គ្លីនិក​ខូរៀន​ស្តារ

អាជ្ញាធរ​រក​ឃើញ​ថា​មិន​មែន​តែ​នៅ​ហូជីមិញ​ទេ​ នៅ​ហាណូយ​ក៏​មាន​បញ្ហា​​ផង​ដែរ​។ ​កាល​ពី​ឆ្នាំ​២០២២​ ​នារី​ម្នាក់​វ័យ​២៨​ឆ្នាំ​​ទៅ​​រក​សេវា​វះ​កាត់​សម្រក​ខ្លាញ់​ក្បាល​ពោះ​នៅ​​​គ្លីនិក​១​​ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​គីមងូ (Kim Nguu Street)។​ កំពុង​​វះ​កាត់​សុខ​ៗ​, ​ស្រាប់​តែ​​នារី​​​នោះ​ស្រឺត​​បាត់​មាត់ ​បាត់​ក​​​ ​និង​​​ប្រកាច់​ចាប់​មិន​ឈ្នះ​​​។ ​គេ​បាន​ដឹក​គាត់​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​។​

អ្នក​ជំនាញ​យល់​ថា​មាន​កត្តា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​អ្នក​ទៅ​រក​សេវា​វះ​កាត់​កែ​សម្ផស្ស​​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ និង​ក្លាយ​ជា​ជន​រង​គ្រោះ​រហូត​ដល់​បាត់​បង់​អាយុ​ជីវិត​។​

ទី១- ​​គ្លីនិក​វះ​កាត់​កែ​សម្ផស្ស​រីក​ដុះ​ដាល​ដូច​ផ្សិត​​៖ ​មនុស្ស​​បាក់​តាម​គ្នា​ទៅ​កែ​សម្ផស្ស ព្រោះ​មនុស្ស​ហ៊ាន​ចំណាយ​លើ​ការ​កែ​សម្ផស្ស​ដែល​ពួក​គេ​គិត​ថា​នឹង​ជួយ​កែ​ប្រែ​វាសនា​ និង​អនាគត​របស់​ពួក​គេ​។ ដូច្នេះ​​​​​វិស័យ​នេះ​​ក្លាយ​ជា​មុខ​របរ​​​ត្រូវ​ប៉ាន់​​​។ ​​អ្នក​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​មិន​ចង់​ឱ្យ​ឱកាស​កន្លង​ផុត​ទៅ​ទេ​​។ ​ជួន​កាល ​គ្លីនិក​ខ្លះ​​ទទួល​បាន​អាជ្ញាប័ណ្ណ​វះ​កាត់​ទូទៅ​។ ប៉ុន្តែ​​​ពួក​គេ​ផ្ដល់​សេវា​​វះ​កាត់​កែ​សម្ផស្ស​​​។

​​គ្លីនិក​ខ្លះ​គ្មាន​គ្រូ​ពេទ្យ​ជំនាញ​កម្រិត​ដុក​ទ័រ​ទេ​។ ពួ​កគេ​មាន​ត្រឹម​បុគ្គលិក​ពេទ្យ​ដែល​រៀន​​វគ្គ​ខ្លី​ៗ​ពី​របីខែ។ រួច​ហើយ ពួក​គេ​ចុះ​​អនុវត្ត​ការ​​​​​វះ​កាត់​​​​ជាក់​ស្ដែង​តែ​ម្ដង​។ ​ពួក​គេ​គិត​ថា​ចំណេះ​ដឹង​មិន​ស្មើ​នឹង​ចំណេះ​ធ្វើ​​​​។ អ្នក​ខ្លះ​​​មាន​ទស្សនៈ​ថា​ការ​ងារ​ជា​អ្នក​បង្រៀន​មនុស្ស​។ ដូច្នេះ ​ពួក​គេ​​មិន​សូវ​គិត​គូរ​​​​រៀន​សូត្រ​ឱ្យ​​មាន​ជំនាញ​​ច្បាស់​លាស់​​​ទេ​​។ ​ពួក​គេ​​ចង់​អនុវត្ត​ជាក់​ស្ដែង​តែ​ម្ដង​។​​​


ទី២- គ្លីនិក​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​​៖ ​​គ្លីនិក​ខ្លះ​មិន​បាន​​​​ស្នើ​សុំ​អាជ្ញាប័ណ្ណ​​, ​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​លក្ខណៈ​សម្បត្តិ​​របស់​គ្រូ​ពេទ្យ ​និង​​​​​គ្រឿង​បរិក្ខារ​​​​​នៅ​ក្នុង​គ្លីនិក​​ទេ​​។​​ ជាក់​ស្ដែង​ គ្លីនិក​​ ឃី ប៊ីយូធី សិនថឺ​ ​​ជា​ហាង​កែ​សម្ផស្ស​សើ​ស្បែក​។​ លុះ​ពេល​អតិ​ថិជន​កាន់​តែ​​​ច្រើន​ឡើង​​​ៗ​សួរ​រក​សេវា​ពង្រីក​នេះ​ពង្រីក​នោះ វះ​កាត់​នេះ​វះ​កាត់​នោះ គ្លីនិក​ក៏​ចាប់​ផ្ដើម​​ប្រមូល​មនុស្ស​ដែល​ចេះ​ល្មម​ៗ​​​ដើម្បី​​ផ្ដល់​សេវា​​វះ​កាត់​​​។ ​ពួក​គេយល់​ថា​​លុយ​នៅ​នឹង​មុខ,​​​ បើ​​​បណ្ដោយ​​ឱ្យ​របូត​ពី​ដៃ​ទៅ​វិញ​​​​ហាក់​ដូច​ជា​មិន​សម​​។​​​

ផ្នែក​បដិសណ្ឋារកិច្ច​នៃ​គ្លីនិក​ខូរៀនស្តារ

ទី៣- ​អតិថិជន​ចូល​ចិត្ត​​​សេវា​ធូរ​ថ្លៃ​៖ ជា​ការ​ពិត, បញ្ហា​តម្លៃ​ជា​រឿង​សំខាន់​។ ដោយ​សារ​​ថវិកា​មាន​កំណត់,​ អ្នក​​ខ្លះ​​ចង់​​​ស្អាត និង​ចំណាយ​លុយ​តិច​។ ​​ពួក​គេ​ក៏​គិត​អំពី​​​ហានិភ័យ​​​ដែរ​ ប៉ុន្តែ​​សុខ​ចិត្ត​ប្រថុយ​។​ ព្រោះ​មាន​លុយ​តិច ​ចង់​ស្អាត​ ​និង​ចង់​ឆាប់​។ អីចឹង​ជម្រើស​មាន​តែ​​​​វះ​កាត់​នៅ​​កន្លែង​ធូរ​ថ្លៃ​​​។ ​អ្នក​ខ្លះ​មាន​លុយ​ច្រើន​​ ក៏​សុខ​ចិត្ត​ថាំ​លុយ​ ​​និង​​សុខ​ចិត្ត​ទៅ​គ្លីនិក​ធូរ​ថ្លៃ​ផង​ដែរ​​​​។​​​​


ទី​៤- គ្លីនិក​ធ្វើ​តាម​ការ​ចង់​បាន​របស់​​អតិថិជន៖​ គ្លីនិក​ខ្លះ​ក៏​គិត​អំពី​​​​សុវត្ថិភាព​ជា​ចម្បងផង​ដែរ​។ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង,​ ដូច​បាន​ជម្រាប​ជូន​ពី​ខាង​ដើម​ស្រាប់​។ ​អតិថិជនចង់​​សំចៃ​ថវិកា​ និង​ចង់​​បាន​​សេវា​ធូរ​ថ្លៃ​។ ម៉្លោះ​ហើយ​, គ្លីនិក​ខ្លះ​ដែល​ធ្លាប់​មាន​ស្តង់​ដារ​កម្រិត​​ខ្ពស់​ ជួល​សុទ្ធ​តែ​គ្រូ​ពេទ្យ​​ជំនាញ​​ៗ​ និង​​​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ៗ ចាយ​​អស់​លុយ​​មួយ​គំនរ។

​យូរ​ៗ​ទៅ, ពួក​គេ​​នឹង​ងាក​ទៅ​ប្រើ​វិធី​ចាប់​ឆាយ​​ដែរ​។ បើ​មិន​អីចឹងទេ​​ មិន​អាច​ប្រកួត​ប្រជែង​ឈ្នះ​គេ​ទេ​។ ​ឧប​មា​ថា​គ្លីនិក​ធូរ​ថ្លៃ​​អាច​រក​​បាន​អតិថិជន​រាប់​រយ​​​ រាប់​ពាន់​នាក់​។ រីឯ​គ្លីនិក​ស្តង់​ដារ​រក​​បាន​ត្រឹម​តែ​​ម្នាក់​ពីរ​នាក់​។​​ ដូច្នេះ​​ ​​រក​ស៊ី​ម៉េច​នឹង​ទាន់​គេ​?​ គិត​សេវា​ថ្លៃ​ពេក​​បែរ​ជា​មិន​​​សូវ​មាន​អតិថិជន​។ យូរ​ៗ​ទៅ​, គ្លីនិក​ផ្សេង​ដណ្ដើម​ម៉ូយ​អស់​។ ម៉្លោះ​ហើយ​ ​ពួក​គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​វិធី​ធូរ​ថ្លៃ​​​។ ​រី​ឯ​បុគ្គលិក, គ្រឿង​បរិក្ខារ និង​​គ្រូ​ពេទ្យ​វះ​កាត់​ក៏​អាច​នឹង​​មាន​គុណ​ភាព​ទៅ​តាម​តម្លៃ​ផង​ដែរ​​​។

​ដូច្នេះសរុប​សេចក្ដី​មក​, វា​​ជា​រឿង​សំខាន់​ណាស់​ដែល​អតិថិជន​គួរ​​​គិត​អំពី​សុវត្ថិភាព​ជា​ចម្បង​​​។ ​ពាក្យ​ចាស់​លោក​ពោល​ថា​ «ជីវិត​រស់,​ របស់​បាន»។​ ​លោក​អ្នក​ដែលមាន​គម្រោង​វះ​កាត់​កែ​សម្ផស្ស​​គួរ​ណាស់​គិត​ទៅ​ដល់​ការ​ថែ​​រក្សា​ជីវិត​ឱ្យ​បាន​​​គង់​វង្ស​​​​។ លុយ​អាច​រក​បាន​នៅ​ពេល​​​ក្រោយ​​។ ​ប៉ុន្តែ​​ជីវិត​មនុស្ស​ដែល​បាត់​បង់​ទៅ​ហើយ​​ មិន​អាច​វិល​ត្រឡប់​មក​វិញ​ទេ​​៕​

ប្រភព៖ Vietnam Express, Vietnamnet

អត្ថ​បទ​ដែល​ទាក់​ទង​នឹង​ការ​ស្លាប់​នៅ​ពេល​​វះ​កាត់​កែ​សម្ផស្ស​
ទីបំផុត! ក្រសួងសុខាភិបាល​បាន​សម្រេច​បិទ​មជ្ឈមណ្ឌល​កែ​សម្ផស្ស អឹ​ម​២៥ ប៊ី​យូ​ធី ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ