រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះតេជគុណមួយអង្គដែលបងប្អូនមហាជនខ្លះបានស្គាល់ហើយនោះបានបង្កើតនូវការចាប់អារម្មណ៍ពីបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង តិកតុក ដោយព្រះតេជគុណបានស្មូតនូវបទមួយមានចំណងជើងថា «សត្វល្ងង់មានពីរយ៉ាង» ដែលបង្កប់ដោយអត្ថន័យ និងអត្ថរសដ៏ប្រពៃ ពិសេសនោះសំឡេងរបស់ព្រះអង្គពិតជាមានទឹកដមពិរោះក្រៃពេក។

ពោលមកដល់ត្រង់នេះ ពុកម៉ែបងប្អូនពិតជាចង់ដឹងថា ព្រះតេជគុណ ជានរណា និងមានព្រះនាមអ្វី? ព្រះសង្ឃដែលបានស្មូតបទ «សត្វល្ងង់មានពីរយ៉ាង»នោះគឺព្រះតេជគុណ ជ្រួញ ពិសី ដោយព្រះអង្គតែងតែបំពេរពុកម៉ែបងប្អូនជាមួយការស្មូតរបស់ព្រះអង្គជាពេលកន្លងមក ដូចជាបទ ដែលបានផ្ទុះនៅលើបណ្តាញសង្គម មានបទសត្វល្ងង់មានពីរយ៉ាង បទបំពេរកូន បទរស្មី៦ពណ៌ និងបទតាជូជកបំពេរអមិត្តធីតា ជាដើម។

ប្រាកដណាស់ ព្រះតេជគុណ គឺស្មូតពិរោះគ្រប់បទតែម្តង ដោយនៅពេលដែលតេជគុណនិមន្តទៅពិធីបុណ្យ ឬកម្មវិធីផ្សេងៗ គុណម្ចាស់តែងបំពេរតាយាយអោយលង់លក់ក្រោមការស្មូត និងការធម៌ទសនារបស់ព្រះអង្គ ដោយធ្វើចិត្តកាយរបស់ពុទ្ធិបរិស័ទទទួលបាននៅភាពជ្រះថ្លា និងភាពស្ងប់សុខនៅក្នុងជីវិត។
ទាក់ទងជាមួយការស្មូតនេះទៀតសោត មានបងប្អូនមហាជនខ្លះបែរជាខ្លាចដោយយល់ខុសថា ការស្មូតជារឿងមិនល្អ ការស្មូតអាចតែស្មូតនៅក្នុងពិធីបុណ្យស.ព ដូច្នេះថ្ងៃនេះព្រះតេជគុណ ជ្រួញ ពិសី នឹងធ្វើការពន្យល់ពុកម៉ែបងប្អូនអោយយល់ច្បាស់ពីការស្មូតថា អាចប្រើប្រាស់បាននៅកម្មវិធីអ្វីខ្លះ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ដោយព្រះតេជគុណ ភក្ខុអគ្គធម្មោ ជ្រួញ ពិសី មានសង្ឃដីកា បញ្ជាក់ថា កន្លងមកពិតជាមានបងប្អូនយើងខ្លះមានការយល់ខុសថា ការស្មូត គឺអាចស្មូតឡើងបានតែក្នុងពិធីបុណ្យស.ព ឬសម្រាប់មនុស្សស្លា.ប់ ។ បើតាមព្រះតេជគុណ ភក្ខុអគ្គធម្មោ ជ្រួញ ពិសី តាមពិតទៅការស្មូត អាចយកមកស្មូតនៅក្នុងពិធីបុណ្យជាច្រើនៗដូចជា បុណ្យបច្ច័យបួន ចម្រើនព្រះជន្ម និងពិធីបុណ្យផ្សេងៗ ។
គុណម្ចាស់ ជ្រួញ ពិសី បានមានថេរដីកាបន្តថា ការស្មូតមិនមែនជាធម៌ដែលត្រូវខ្លាចទេ ការស្មូតមិនមែនជាធម៌ដែលចាក់កំដរបុណ្យស.ព នោះទេ តែធម៌ស្មូតនេះជាការស្មូតឡើង ការពិពណ៌នាឡើងអំពីអត្តន័យនៃការអប់រំ ការពន្យល់ប្រាប់អំពីសភាវធម៌ដែលកើតឡើងមានការរលត់ទៅវិញជារឿងធម្មតា។

ព្រះតេជគុណ ភក្ខុអគ្គធម្មោ ជ្រួញ ពិសី មានសង្ឃដីកាបន្តថា ការស្មូតអោយមនុស្សមានចិត្តស្ងប់សុខ ដោយពុទ្ធបរិស័ទខ្លះស្តាប់ធម៌ទេសនាមិនសូវយល់ អាចស្តាប់ការស្មូតបាន ដោយការស្មូតក៏អាចអោយយើងរក្សាចិត្តទទួលបានសន្តិភាពតាមផ្លូវចិត្ត ដូច្នេះការដែលផ្លូវចិត្តបានស្ងប់សុខ ផ្លូវកាយក៏ទទួលបាននៅភាពល្អប្រសើរទៅតាមគ្នាដែរ ពោលល្អប្រពៃទាំងព្រមតែម្តងសុខផ្លូវកាយ សប្បាយផ្លូវចិត្ត។ ព្រះតេជគុណ ជ្រួញ ពិសីបន្តថា ការស្មូតជាការពន្យល់ពីដំណើរជីវិតរបស់មនុស្សកើតឡើងមិនទៀតទាត់ប្រែប្រួលជាទុក្ខ ដូច្នេះចូរប្រើជីវិតរស់នៅអោយជាប្រយោជន៍ទើបទទួលបាននៅភាពគាប់ប្រសើរក្នុងជីវិត ។

ព្រះអង្គបានបន្តថា ព្រះអង្គចេះស្មូតតាំងពីឆ្នាំ២០១៣ ដោយគិតមកដល់បច្ចុប្បន្នចេះស្មូតរយៈពេល៩ឆ្នាំមកហើយ ។ ដោយទទួលបានភាពល្បីល្បាញនឹងបងប្អូនមហាជនបានស្គាល់ គឺកាលពីឆ្នាំ២០២១ គឺអំឡុងពេលកូវីដ ដោយកាលនោះគុណម្ចាស់តែងថតដាក់បណ្តាញសង្គម ដូច្នេះទើបបានជាទទួលនៅភាពល្បីល្បាញ និងការគាំទ្រច្រើនកុះកររហូតមកដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងការស្មូត គុណម្ចាស់បានរៀបរាប់បន្តថា ការស្មូរត្រូវធ្វើចិត្តអោយមូលអោយស្ងប់ទើបស្មូតទៅពិរោះ ។ ទន្ទឹងនឹងការដែលពិរោះ គុណម្ចាស់ថា ក៏ត្រូវពឹងផ្អែកលើសំឡេងពីធម្មជាតិ និងការព្យាយាមហាត់រៀនផងដែរ ។

ដូច្នេះ ជាចុងក្រោយ ព្រះតេជគុណ ភក្ខុអគ្គធម្មោ ជ្រួញ ពិសី សង្ឃឹមថា ពុកម៉ែបងប្អូនឈប់ភ័យ ឈប់ខ្លាចជាមួយការស្មូត ព្រោះរាល់ការស្មូតសុទ្ធតែជាកាពន្យល់រៀបរាប់ដោយការអប់រំ អោយមនុស្សដើរនៅលើផ្លូវមួយដែលល្អប្រសើរ៕ ដោយ ៖ ឆ័យ

ចែករំលែកព័តមាននេះ