ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​គោ​២​ក្បាល​ដោយ​សុវត្ថិភាព ហើយ​ទុក​​តែ​​ស្បែក​ជើង​១​​គូ​ឱ្យ​​វិញ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាន់តែ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ភ្លាម ចោរ​បាន​លួច​ដឹក​មេគោ​អ្នក​ភូមិ​អស់​ចំនួន​០២​ក្បាល​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ម្ចាស់​អះអាង​ថា អាច​កើតឡើង​នៅ​វេលា​ជាង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ មេ​សា នៅ​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់…


ខេត្តបាត់ដំបង ៖ គ្រាន់តែ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ភ្លាម ចោរ​បាន​លួច​ដឹក​មេគោ​អ្នក​ភូមិ​អស់​ចំនួន​០២​ក្បាល​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ម្ចាស់​អះអាង​ថា អាច​កើតឡើង​នៅ​វេលា​ជាង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ មេ​សា នៅ​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដោយ​បន្សល់​ទុក​ស្បែកជើង​មួយគូ​នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​ឲ្យ​សមត្ថកិច្ច​ពិនិត្យ តែ​សមត្ថកិច្ច​មិន​បាន​យក​វត្ថុ​តាង​នោះ​ទៅ​រក្សា​ទុក​ទេ ។

លោក រ៉​ន ចាន់​រិ​ទ្ធ អាយុ​៤៤​ឆ្នាំ ដែល​ជា​ម្ចាស់​គោ​បាន​ប្រាប់​កោះសន្តិភាព​ថា គោ​របស់​គាត់​ចំនួន​០៣​ក្បាល​ចង​នៅ​ខាងក្រោយ​ផ្ទះ​ជាមួយនឹង​គោ​ជា​ច្រើន​ក្បាល​ទៀត​របស់​បងប្អូន តែ​ពួក​ចោរ​បាន​លួច​យក​តែ​មេគោ​គាត់​ចំនួន​០៣​ក្បាល តែ​ចៃដន្យ​ពេល​ដឹក​ចេញ​ផុត​បន្តិច ១​ក្បាល​បាន​រួច​ត្រឡប់​មក​វិញ ។

គាត់​និយាយ​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មេ​សា គាត់​បាន​ដឹក​យក​ទៅ​ចង​នៅ​ក្រោយ​ផ្ទះ ជាមួយ​ហ្វូងគោ​ជា​ច្រើន​ក្បាល​ទៀត​របស់​បងប្អូន ដែល​ជា​កន្លែង​ធ្លាប់​ចង​រាប់​ឆ្នាំ​កន្លង​មក​ហើយ ។ គាត់​បន្ត​ថា ក្រោយ​ពី​ចង​គោ​រួច​គាត់​ក៏​ចូល​សំរាន្ត​លក់​ភ្លាម​ៗ​តែ​ម្ដង សូ​ម្បី​ឆ្កែ​ព្រូស​ក៏​គាត់​មិនដឹង​ដែរ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ មេ​សា ពេល​គាត់​ងើប​ពី​ដំណេក​ទៅ​មើល​គោ​ក្រោយ​ផ្ទះ ស្រាប់តែ​បាត់​គោ​គាត់​អស់​០២​ក្បាល ខណៈ​០១​ក្បាល​ទៀត ឃើញ​បាត់​ខ្សែ​ប្រឡៅ​ក​ដែល​ទំនង​ចោរ​ដឹក​ទៅ​ទាញ​ដាច់ ហើយ​គោ​រត់​ត្រឡប់​មក​វិញ ។

ម្ចាស់​គោ​រូប​នេះ​បាន​បញ្ជាក់​ថា គាត់​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​តាមដាន​ជើងគោ​ដែល​ចោរលួច​យក​ទៅ​ឃើញ​ស្នាម​ដានជើង​ដឹក​តាម​វាលស្រែ​ខា​ក្រោយ​ភូមិ សំដៅ​ឡើង​ទៅ​ផ្លូវ​ហា​យ​វេ​ដែល​ឆ្ងាយ​ពី​ទៅ​នោះ​ប្រហែល​៣០០​ម៉ែត្រ​។ គាត់​បន្ថែម​ថា ពេល​នាំ​គ្នា​ដើរ​តាមដាន​ជើងគោ ស្រាប់តែ​ប្អូន​គាត់​ប្រទះ​ឃើញ​ស្បែកជើង​០១​សំរាប់ ដែល​គេ​សង្ស័យ​ជា​ស្បែកជើង​ពួក​ចោរ​បាន​បន្សល់​ទុក​ក្បែរ​របង​ខាងក្រោយ​ផ្ទះ ហើយ​គាត់​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។

ស្ត្រី​ម្នាក់​ត្រូវជា​បងប្អូន​ម្ចាស់​គោ​បាន​និយាយ​ដែរ​ថា នៅ​យប់​កើតហេតុ វេលា​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ គាត់​បាន​សំលេង​ឆ្កែ​ព្រូស ហើយ​គាត់​បាន​ដាស់​ប្ដី​គាត់​ឲ្យ​ងើប​មើល​ក្រោលគោ តែ​មិន​បានឃើញ​អ្វី​ចម្លែក​ទេ ។ គាត់​និយាយ​ថា ក្រោយ​ពី​ពិនិត្យ​រក​មើល​មិនឃើញ​មាន​អ្វី​ប្លែក បន្តិច​ក្រោយមក ប្ដី​របស់​គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បង់សំណាញ់​ទាំង​យប់​បាត់​ទៅ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​ចោរលួច​គោ​អស់​០២​ក្បាល ។

នៅ​ព្រឹក​កើតហេតុ ក្រោយ​ពី​ទ​ទូល​បាន​សេចក្ដីរាយការណ៍​ពី​ម្ចាស់​គោ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អូរ​ម៉ា​ល់​ម្នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ក្រោលគោ ។ នេះ​បើ​តាម​ម្ចាស់​គោ​និយាយ​ប្រាប់ ។ ម្ចាស់​គោ​បាន​បញ្ជាក់​ថា មន្ត្រី​ប៉ុស្ដិ៍​ម្នាក់​នោះ គ្រាន់តែ​សួរនាំ​បន្តិចបន្តួច​ធ្វើ​កំណត់ហេតុ និង​ពិនិត្យ​ស្បែកជើង​ដែល​គេ​សង្ស័យ​ជា​របស់​ចោរ​បន្សល់​ទុក រួច​ក៏​ចាកចេញ​បាត់​ទៅ តែ​មិន​បាន​យក​វត្ថុ​តាង​ស្បែកជើង​ទៅ​រក្សា​ទុក​ទេ ។

មានការ​កត់សម្គាល់​ដែរ​ថា មួយ​រយៈ​កន្លង​ទៅ​នេះ នៅ​ខេត្តបាត់ដំបង ចោរលួច​គោ​បាន​កើតឡើង​ច្រើន​ករណី​ហើយ តែ​សមត្ថកិច្ច​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​តាម​ស្រាវជ្រាវ​បង្ក្រាប​បាន​មួយ​ករណី​ណា​ឡើយ​រហូត​ដល់​ពេល​នេះ​។ ក្រុម​ចោរលួច​គោ​នេះ​មាន​សកម្មភាព​ទ្រង់ទ្រាយ​ធំដុំ សុទ្ធ​តែ​មាន​រថយន្ត​តាម​ដឹកគោ​ទាំង​ហ្វូង​ៗ ។

ដោយសារ​តែ​សមត្ថកិច្ច​បង្ក្រាប​មិន​បាន​ដូច្នេះ​ហើយ ទើប​ក្រុម​ចោរ​បានដៃ​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង ។ កាលពី​ស​ប្ដា​ហ៍​មុន ក្រុម​ចោរលួច​គោ​បែប​នេះ ក៏​បាន​ធ្វើ​សកម្មភាព លួច​ដឹកគោ​អ្នក​ភូមិ​០១​ក្បាល​ដែរ នៅ​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ តែ​គោ​នោះ​បាន​រើបំរះ​ដាច់​ខ្សែ​រត់​ត្រឡប់​ទៅ​ក្រោល​វា​វិញ ខណៈ​ប៉ុន្មាន​ខែ​មុន​ក្រុម​ចោរ​បាន​លួច​ក្របី​ចំនួន​០៤​ក្បាល​របស់​អ្នក​ភូមិ​សំរោង ឃុំ​ស្នឹង​នេះ​ដែរ ឡើង​រថយន្ត​ដោយ​សុវត្ថិភាព ។

រហូត​ដល់​សព្វ​ថ្ងៃនេះ គ្មាន​សមត្ថកិច្ច​ណា​អើពើ​នឹង​រឿង​ចោរលួច​ក្របី​នេះ​ទេ​។ ហើយ​ពេល​នេះ ក្រុម​ចោរ​កំពុង​តាម​យារ​យី​លួច​គោ​អ្នក​ភូមិ​ទៀត រហូត​អ្នក​ភូមិ​មួយ​ចំនួន​ដែល​មាន​គោ​ដេក​ព្រូ​យ​បារម្ភ​ពី​សុវត្ថិភាព​គោ​របស់​ពួក​គេ ហើយ​ក៏​មាន​អ្នកខ្លះ​ចាប់ផ្ដើម​ប្រកាស​លក់​គោ​ជា​បណ្ដើរ​ៗ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ