រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៩ ដល់២៥ មេសាខាងមុខនឹងកើនកម្តៅដល់៣៩អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមដោយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យមគួបផ្សំ និងខ្យល់ប្រែប្រួល ។
ក្រសួងបានឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ និងមានសីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។



ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៦- ៣៨អង្សាសេ ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សសេ ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕


ចែករំលែកព័តមាននេះ