ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លា.ប់យ៉ាងអាណោចអធ័មនៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរចំនួន៦នាក់ទៀត រងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុក្រឡាប់រថយន្តដោយខ្លួនឯង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់។
សេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ម៉ាកកាមរី(ឆ្លាម) ពាក់ស្លាកលេខ ភ្នំពេញ 2c-5408 អ្នកបើកបរដោយឈ្មោះ សុខ លឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសិរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល។

តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះក្នុងរថយន្តនោះ សុទ្ធតែរងគ្រោះទាំងអស់ ដែលមានចំនួន៨នាក់ ក្នុងនោះរួមមាន ៖ ១- ឈ្មោះ សុខ លឿន ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកបើកបរ (ស្លា.ប់), ២- ឈ្មោះ សែម សុខគឿន ភេទស្រី អាយុ៥៣ឆ្នាំ (ស្លា.ប់), ៣- ឈ្មោះ ទោច សុខគា ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់), ៤- ឈ្មោះ លាន សុខុម ភេទប្រុស អាយុ៦៥ឆ្នាំ (របួសធ្ងន់), ៥- ឈ្មោះ រើត សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ (របួសធ្ងន់), ៦- ឈ្មោះ រ័ត្ន រីណា ភេទស្រី អាយុ១០ឆ្នាំ (របួសធ្ងន់), ៧- ឈ្មោះ រើត រ៉ាណា ភេទប្រុស អាយុ៨ឆ្នាំ (របួសធ្ងន់) និង ៨- ឈ្មោះ រើត សាណា ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)។ ពួកគេគឺជាបងប្អូន និងក្រុមគ្រួសារ រស់នៅក្នុងភូមិសិរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល។

លោក ស៊ីម ពីទូ នាយប៉ុស្ដិ៍នគរបាលឃុំឈើទាល បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺរងគ្រោះក្រោយពេលចេញពីផឹកស៊ីជួបជុំគ្នានៅផ្ទះបងប្អូន ស្ថិតនៅភូមិអន្លង់តាមី ហើយពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់តែម្ដង។
លោកនាយប៉ុស្ដិ៍ បញ្ជាក់ថា រថយន្តនេះក្រឡាប់ខ្លួនឯង ដែលទំនងអ្នកបើកបរស្រវឹង ហើយបើកលឿនទៀត ទើបមិនអាចគ្រប់គ្រងចង្កូតបានក៏ក្រឡាប់តែម្ដងទៅ។
ហើយមានសាក្សីមួយចំនួនដែលប្រទះឃើញរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍បាននិយាយថា រថយន្តនោះបើកលឿន ហើយពេលទៅដល់ចំណុចគ្រោះថ្នាក់ គេមិនឃើញមានបើកជែង ឬ បើកគេចអ្វីនោះទេ ស្រាប់តែរ៉េចង្កូតក្រឡាប់ជាច្រើនត្រឡប់តែម្តង។ គ្រានោះអ្នកភូមិ និងអ្នកដំណើរឆ្លងកាត់ទីនោះ នាំគ្នាទៅជួយអន្តរាគមន៍ទាញមនុស្សចេញពីក្នុងរថយន្ត ដោយម្នាក់ៗសុទ្ធតែរងរបួសធ្ងន់ និងមានមនុស្ស០២នាក់ ហាក់ធ្ងន់ធ្ងរជាងគេបាត់មាត់ឈឹង ក្នុងនោះមានអ្នកបើកបរម្នាក់ផង។

លោក ស៊ីម ពិទូ នាយប៉ុស្ដ៏រដ្ឋបាលឈើទាល ក៏បានបញ្ជាក់ដែរថា បើតាមការសួរនាំសាច់ញាតិ គឺក្រុមគ្រួសារជនរងគ្រោះមួយរថយន្តនេះ ទើបចេញពីផឹកស៊ីជួបជុំបងប្អូន ហើយទំនងមានទំនាស់ពាក្យសំដីជាមួយបងប្អូនបន្តិចបន្តួចផងដែរ នៅពេលកំពុងជួបជុំគ្នាសប្បាយនោះ។ ដោយសារតែប៉ះពាក្យសម្ដីបែបនេះ ទើបគ្រួសារជនរងគ្រោះនាំគ្នាឡើងរថយន្តត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លា.ប់ និងអ្នករបួសពេញផ្លូវលំតែម្តង។
យ៉ាងណា មន្ត្រីចរាចរណ៍បានចុះទៅពិនិត្យ និងជួយដឹកជនរងគ្រោះដែលរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ រីឯជនរងគ្រោះដែលស្លា.ប់បាត់បង់ជីវិត ត្រូវមន្ត្រីជំនាញធ្វើកំណាត់ហេតុ រួចប្រគល់ស.ពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ចែករំលែកព័តមាននេះ