រាជធានីភ្នំពេញ ៖ គ្រាន់តែនិយាយដល់ភូមិកោះក្របី និងភូមិព្រែកថ្មីភ្លាម ប្រិយមិត្តប្រាកដជានឹកឃើញទៅដល់ផ្កាម្លិះមុនគេ ព្រោះថា អ្នកភូមិព្រែកថ្មី និងភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រៅពីដាំណាំមៀន ហើយនឹងចេកនោះ សឹងតែគ្រប់ផ្ទះទៅហើយ គឺតែងតែឃើញមានដាំផ្កាម្លិះ ដោយក្នុងមួយផ្ទះដាំមិនតិចជាងមួយរយដើមឡើយ គ្រាន់ប្រមូលផលបានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ហើយកសិករខ្លះដែលមានសមាជិកគ្រួសារច្រើន អាចប្រមូលបេះផ្កាម្លិះដោយខ្លួនឯង អ្នកខ្លះមានដីចម្ការធំ ត្រូវជួលគេ ដើម្បីប្រមូលបេះផ្កាម្លិះឲ្យទាន់តម្រូវការឈ្មួញ ដែលធ្វើអោយអ្នកភូមិអាចរកចំណូលបន្ថែមបានជារៀងរាល់ថ្ងៃ។

ជាមួយថង់ស្ពាយម្នាក់មួយ នៅពេលព្រឹកអ្នកភូមិព្រែកថ្មី ទាំងម្ចាស់ចម្ការ និងកូនឈ្នួលតែងតែម្នីម្នាទៅចម្ការផ្កាម្លិះ ដើម្បីបេះផ្កាលក់បន្តឲ្យឈ្មួញកណ្តាលយកទៅលក់បន្ត ឬច្នៃធ្វើតែ ក្រងជាកម្រងផ្កា ចាក់ជាចង្កាក់ សម្រាប់យកទៅបូជាថ្វាយព្រះ និងប្រើក្នុងកម្មវិធីនានាដូចជា ពិធីបុណ្យ, ពិធីរៀបអាពាណ៍ពិពាណ៍ជាដើម។

ផ្កាម្លិះក្រពុំ ក្លិនក្រអូបប្រហើរ ស.ក្បុស ពេញចម្ការ ត្រូវប្រជាកសិករប្រមូលបេះដាក់ថង់ក្រណាត់ ដោយអ្នកខ្លះបេះបាន១គីឡូផ្កា ខ្លះទៀតប្រមូលបាន២ទៅ៣គីឡូផ្កា ដាក់ចូលគ្នា រួចថ្លឹងលក់បន្តឲ្យឈ្មួញកណ្តាល រីឯមួយចំណែកទៀត ដាក់ទៅកន្លែងចាក់ផ្កាតាមការកម្មង់របស់ភ្ញៀវ ដោយមានការចាក់វិល ចាក់វែង និងចាក់ភួងជាដើម។ ក្រោយអាហារថ្ងៃត្រង់រួច នៅម៉ោងប្រមាណជា១២ គេឃើញមានមនុស្សគ្រប់វ័យមានទាំងក្មេងៗ វ័យកណ្តាល ក៏ដូចជាអ៊ុំៗមកជុំគ្នា ដើម្បីស៊ីឈ្នួលចាក់ផ្កាគ្រាន់បានថវិកាទិញម្ហូបប្រចាំថ្ងៃ និងទៅសាលារៀនផងដែរ។

អ្នកស្រី ស៊ីថា អាយុ៣១ឆ្នាំ ជាឈ្មួញកណ្តាលទិញផ្កាម្លិះ និងយកទៅលក់បន្តនៅលើទីផ្សារជារៀងរាល់ថ្ងៃ។ ក្រៅពីទិញលក់បន្តផ្កាម្លិះពីអ្នកភូមិហើយនោះ អ្នកស្រីក៏ស៊ីឈ្នួលបេះផ្កា និងចាក់ផ្កាផងដែរ ដោយពេលព្រឹកអ្នកស្រី ទៅបេះផ្កាម្លិះ ហើយពេលថ្ងៃអ្នកស្រីចាក់ផ្កាបន្ត។

ខណៈដៃកំពុងតែមមាញឹកចាក់ផ្កាយ៉ាងប៉ិនប្រសប់ និងរហ័សរហួនមើលសឹងមិនទាន់ផងនោះ អ្នកស្រីបានបន្តអោយដឹងទាំងញញឹមញញែមថា ក្នុងមួយថ្ងៃអ្នកស្រីចាក់ផ្កាបានមិនក្រោមពី២០០ចង្កាក់ឡើយ គឺចាក់គ្រប់ប្រភេទ ទាំងចាក់វិល ចាក់វែង ចាក់ភួង ដែលអាចរកចំណូលបន្ថែមបានសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីបានបន្តអោយដឹងថា សម្រាប់ការចាក់វិល គឺ១០០ចង្កាក់ បាន៥០០០រៀល ចាក់វែង ១០០ ចង្កាក់បាន ១០០០០រៀល និងចាក់ភួង ១០ចង្កាក់ទទួលបាន ៣០០០០រៀលផងដែរ។

ចំណែកកុមារី រស៊ី្មន (Reaksmin) រៀនថ្នាក់ទី៦ ក្រោយទំនេរពីការសិក្សាក៏ឆ្លៀតពេលមកចាក់ផ្កាជាមួយអ្នកភូមិផ្សេងទៀត ដើម្បីរកប្រាក់សម្រាលបន្ទុកគ្រួសារបានមួយកម្រិតដែរ។ កុមារី វ័យ ១៣ឆ្នាំរូបនេះ បានអោយដឹងថា ការចាក់ផ្កានេះ មិនមានភាពស្មុគស្មាញនោះទេ ដែលអាចឲ្យនាងតូចចាក់បានពី១០០ទៅ២០០ចង្កាក់ដែរក្នុងមួយថ្ងៃ ហើយថែមទាំងបានជជែកលេង មានភាពសប្បាយរីករាយជាមួយចាស់ទុំដទៃទៀត ជាជាងយកពេលទំនេរដើរលេងឥតប្រយោជន៍។

ងាកមកលោកស្រី វន វិញ ក្នុងវ័យ៥៣ឆ្នាំ បើទោះបីជាចាក់ផ្កាយឺតជាងអ្នកផ្សេងបន្តិចមែន តែលោកស្រីបានអោយដឹងទាំងទឹកមុខរីករាយថា អ្នកភូមិគេប្រកបរបរនេះជាអចិន្ត្រៃយ៍ទៅហើយ មិនថាដាំផ្កា បេះផ្កា ចាក់ផ្កា មិនទំនេរឡើយ ហើយក្រៅពីស៊ីឈ្នួលបេះផ្កាម្លិះនេះ ជាជាងការទុកពេលទំនេរចោល កែអផ្សុកលោកស្រីក៏បានមកចាក់ផ្កានឹងគេ គ្រាន់បានប្រាក់រួចថ្លៃម្ហូបប្រចាំថ្ងៃផងដែរ។ ចាក់បណ្តើរ និយាយគ្នាលេងបណ្តើរ ល្ងាចមិនទាន់អ្នកភូមិជិត១០នាក់ អាចចាក់ផ្កាម្លិះអស់ជាង៣០គីឡូក្នុងមួយថ្ងៃផងដែរ។

គួរបញ្ជាក់ផងដែរថា នៅភូមិព្រែកថ្មី និងភូមិកោះក្របី ជាជង្រុកផ្កាម្លិះ ដែលផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ ធ្វើការនាំចេញទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗផងដែរ។ ផ្កាម្លិះមានគុណសម្បត្តិ និងអត្ថប្រយោជន៍ជាច្រើន ដែលគេអាចទៅកែច្នៃធ្វើជាតែ ជាពិសេសផ្កាម្លិះ គេពេញនិយមចាក់ ឬក្រង ប្រើសម្រាប់យកទៅថ្វាយព្រះ ក្នុងពិធីបុណ្យ រៀបអាពាណ៍ពិពាហ៍ និងកម្មវិធីផ្សេងៗជាដើម។

ម្យ៉ាងវិញទៀត នៅសតវត្សរ៍ទី១៦ ផ្កាម្លិះត្រូវបានគេណែនាំដល់អឺរ៉ុប ហើយភ្លាមៗនោះ វាបានក្លាយជាការបន្ថែមដ៏ពេញនិយមនៅក្នុងសិល្បៈនៃការផលិតទឹកអប់ផងដែរ។ ហើយផ្កាម្លិះ ទទួលបានកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ និងត្រូវបានគេនិយាយថា ជារុក្ខជាតិនៃសេចក្តីស្រឡាញ់ដែលអាចជះឥទ្ធិពលវិជ្ជមានដល់ភេទទាំងពីរទៀតផង៕ ដោយ ៖ ស្រីនេត
ចែករំលែកព័តមាននេះ