ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បង្កើត​មុខរបរ​ធ្វើ​បាយសី​លក់​ឱ្យ​អ្នក​ភូមិ លក់​ដាច់​ស្ទើរតែ​ធ្វើ​មិន​ចង់​ទាន់

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន កំពុង​តែ​មមាញឹក ដោយ​នាំ​គ្នា​យក​ដើម​ចេក​កាត់​ជា​កង់​ៗ ហែក​ស្លឹកចេក​បត់​ធ្វើ​បាយសី រួម​មាន

ខេត្ត​ប៉ៃលិន ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ២០២៣ ដែលនឹងចូលមកដល់នារសៀលថ្ងៃទី ១៤ មេសា ស្អែកនេះ គេសង្កេតឃើញថា អ្នកលក់បាយសី ហាក់ត្រូវប៉ាន់ជាខ្លាំង។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន កំពុង​តែ​មមាញឹក ដោយ​នាំ​គ្នា​យក​ដើម​ចេក​កាត់​ជា​កង់​ៗ ហែក​ស្លឹកចេក​បត់​ធ្វើ​បាយសី រួម​មាន ទៀន ធូប និង​គ្រឿងផ្សំ​ផ្សេង​ៗ ដើម្បី​លក់​ឱ្យ​អ្នក​ភូមិ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ដាក់​តាំង​សែន​តាម​រាន​មុខ​ផ្ទះ ទទួល​ទេវតា​ឆ្នាំ​ថ្មី នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃស្អែក​នេះ​។

បើ​តាម​ការ​រៀបរាប់​ពី​លោក នួន ប៊ុ​ន​ថា​ច បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ លោក​តែងតែ​ទិញ​ដើម​ចេក ស្លឹកចេក ទៀន ធូប និង​គ្រឿង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន យក​មក​វេច​ខ្ចប់​ធ្វើ​ជា​បាយសី​ជា​ឈុត​ៗ ដើម្បី​លក់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ក្នុង​ក្រុងប៉ៃលិន ដែល​បាន​កុម្ម​ង់​ទិញ​យក​ទៅ​សែន​ថ្វាយ ឬ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​បាយសី​លក់​នេះ គឺ​ដាច់​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​អត់​ចេះ​ធ្វើ​បាយសី​ខ្លួនឯង​នោះ​ទេ ទើប​នាំ​គ្នា​ទិញ​ពី​លោក​យក​ទៅ​ដាក់​សែន​ថ្វាយ​ទេវតា ឬ​ទទួល​ទេវតា​តែ​ម្តង​។

លោក​បញ្ជាក់​ថា ការ​លក់ដូរ​បាយសី​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ ១​ឈុត តម្លៃ ៣៥០០០​រៀល ដោយ​លោក​នាំ​ប្រពន្ធ​កូន បងប្អូន​ធ្វើ​លក់​ឱ្យ​គេ​ស្ទើរតែ​មិន​ទាន់​នោះ​ឡើយ ពោល​គឺ​ដាច់​អស់​រាប់រយ​ឈុត​តែ​ម្តង​។ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ លោក​ក៏​បន្សល់​ទុក​១​ឈុត ដើម្បី​រៀបចំ​នៅ​ខាង​មុខ​ផ្ទះ សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង​ដែរ​។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ ចែ​ម គ​ន្ធី ភេទ​ស្រី រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​តែងតែ​ទិញ​បាយសី​ពី​កសិករ​ខាងលើ ព្រោះ​គាត់​អត់​ចេះ​បត់ស្លឹក​ចេក ឬ​កាត់​ដើម​ចេក ដើម្បី​ធ្វើ​បាយសី​នោះ​ទេ ពោល​គឺ​ចាំ​ទិញ​ពី​អ្នក​ធ្វើ​លក់​ខាងលើ​តែ​ម្តង ដោយ​ណែនាំ​ឱ្យ​បងប្អូន​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ទិញ​យក​ទៅ​ដាក់​តាំង​សែនព្រេន ចាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។

សូម​បញ្ជាក់​ថា ៖ នេះ​គឺជា​មុខរបរ​មួយ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនាញ​អាច​ផលិត​ជា​ចូ​ម ឬ​បាយសី​លក់ដូរ​នា​ឱកាស​បុណ្យ​ទាន​ម្តង​ៗ ទទួល​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ