រាជធានីភ្នំពេញ ៖ ពិតណាស់ ! ប្រជាជនយើងបច្ចុប្បន្នមានការពេញនិយមជាខ្លាំងទៅលើការទទួលទានគ្រឿងស្រវឹងនៅពេលជួបជុំគ្នា មិនថា ពេលពិធីជួបជុំជប់លៀង ពិធីអបអរតូចធំនានា រួមទាំងពិធីបុណ្យផ្សេងផងដែរ។

យ៉ាងណាមិញ បើនិយាយពីផ្លូវលោកវិញ ការទទួលទានសុរា ឬគ្រឿងស្រវឹងខ្លាំងពេក ឬទទួលទានជាប់ជាប្រចាំ នោះលោកអ្នកងាយនឹងប្រឈមមុខនឹងបញ្ហាសុខភាពខ្លាំងណាស់ ពិសេសគឺជំងឺមហារីកថ្លើមតែម្តង។ សម្រាប់ក្ដីបារម្ភមួយចំនួនទៀតនាពេលអនាគត ពោលការទទួលទានគ្រឿងស្រវឹងនេះ ពិតជាផ្ដល់ផលប៉ះពាល់ច្រើនទាំងសុខភាពផ្ទាល់ខ្លួន បញ្ហាក្នុងគ្រួសារ និងបង្កជាផលវិបាកដល់សង្គមជាតិផងដែរ។

ជាក់ស្តែង កាលពីកន្លងមកនេះព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា បានសម្តែងធម៌ទេសនា «អ្នកផឹកស្រាមានទោស៦យ៉ាង » ដោយព្រះធម្មវិជ្ជា ជួន កក្កដា បានមានសង្ឃដីកា ៖ មិនមែនតែអ្នកសុំសីលទេ ដែលធ្វើឲ្យដាច់សីលនោះ សូម្បីតែអ្នកមិនបានសុំសីលសោះសេពនូវគ្រឿងស្រវឹងហ្នឹងក៏នាំមកនូវផលមិនល្អសម្រាប់គាត់នោះដែរ ។ ទោសរបស់អ្នកផឹកស្រាមាន៦ទោស ដែលឃើញផ្ទាល់ភ្នែកនៅបច្ចុប្បន្ននេះ អ៊ីចឹងសូមផ្ញើទេសនានេះទៅដល់អ្នកផឹកទាំងអស់ឲ្យបានស្តាប់ទោស៦យ៉ាងនេះ ។

ជាមួយគ្នានោះដែរ ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាបន្តថា ៖ អ្នកផឹកមានទោស៦យ៉ាងនៅក្នុងបច្ចុប្បន្ន ។ នរណាអ្នកថា?ថាព្រះពុទ្ធអ្នកសម្តែង មិនមែនជួន កក្កដាទេ ។ អ៊ីចឹងអ្នកផឹកទាំងឡាយកាលណា ផឹកហើយរមែងទទួលបានទោស៦យ៉ាងក្នុងពេលបច្ចុប្បន្ននេះ ទី១ នាំឲ្យវិនាសទ្រព្យសម្បត្តិ ឃើញជាក់ស្តែងផ្ទាល់ភ្នែក ផឹកកាន់តែច្រើនឈ្លោះគ្នា វ៉ៃម៉ូតូ ឡាន បោកទូរស័ព្ទ អត់មានអ្នកឈ្លះជាមួយ ឈ្លះតែជាមួយប្រពន្ធហើយនឹងប្តី បោកខ្ទេចបោកខ្ទីទាត់នេះទាត់នោះដោយសារអី ដោយសារស្រវឹងនោះវាចូល អ៊ីចឹងទ្រព្យសម្បត្តិនោះត្រូវវិនាស ដោយឃើញផ្ទាល់ភ្នែក ។

លើសពីនេះទៅទៀត ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាបបន្ថែមថា ទី២ បង្កឲ្យមានជម្លោះក្នុងគ្រួសារ និងអ្នកជិតខាង ត្រឹមអ្នកផឹកខ្លះគាត់ផឹកតិចៗបាយឆ្ងាញ់វាមិនអីទេ ប៉ុនយើងនេះវាទៅជាថ្នឹកទៅហើយ ផឹកបើមិនបានស្រវឹងជោគជាំទេមិនចេះផឹក ទាល់ជោគបានសប្បាយចិត្ត បើមិនចឹងទេពេលដែលស្រវឹងជោគជាំ ដំបូងនិយាយរឿងស្រលាញ់ណា មិត្តភក្តិបងប្អូន ស្រលាញ់ណាស់ ស្រវឹងមែនទែនវានិយាយរឿងណាបងប្អូននេះចិត្តបាន នោះចិត្តមិនបាន ពូជនាងនេះចេះ ពូជអានោះចុះ ។ ដល់និយាយដើមខ្លួនឯងអស់ចិត្ត និយាយដើមប្រពន្ធម្តង បងប្អូនប្រពន្ធម្តង យូរទៅជាជម្លោះអាអ្នកផឹក និងអ្នកផឹកគឺវា.យគ្នាហើយ។ នេះគេហៅថា សុរាបង្កបញ្ហាគ្រប់សព្វទាំងអស់ ។ ហើយមិនត្រឹមតែជម្លោះក្នុងគ្រួសារទេ គឺជម្លោះដល់អ្នកជិតខាងទៀតផង ។ ហើយអ្នកខ្លះខូចឲ្យតែផឹកគឺបង្កបញ្ហាហើយ អ៊ីចឹងបានអាត្មាថា អ្នកផឹកហ្នឹងវាមានច្រើនប្រភេទ វាមានផឹកខ្លាំង ផឹកញញឹម ។

ទន្ទឹមនោះដែរ ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាបានបន្តទៀតថា ៖ ទី៣ នាំឲ្យកើតរោគផ្សេងៗ នៅក្នុងសុរាមួយកំប៉ុង មានរោគ មានថ្នាំផ្សំជាតិពុលនោះវាច្រើនណាស់ បើមិនចឹងមិនធ្វើឲ្យមនុស្សឡប់ស្មារតីអស់ទេ ។ ហើយមែនធម៌នេះទើបព្រះអង្គយកមកទេសសម្រាប់ឥឡូវទេ តាំងពីមុនព្រះអង្គត្រាស់ដឹងមកម្ល៉េះ វានាំឲ្យវិនាសដល់មួយនរគក៏មានដែររឿងហ្នឹង។ ឧទាហរណ៍ ៖ សម័យបច្ចុប្បន្ន ផឹកខ្លាំងហើម បើមិនហើមដុសក្បាលពោះ ផឹកយូរទៅវាបង្កទៅជារោគគ្រប់សព្វ ដូចជារលាកក្រពះពោះវៀន ឲ្យលើសជាតិខ្លាញ់ ធ្វើឲ្យអាស៊ីតវាឡើង ធ្វើឲ្យស្អីៗវាឡើងត្រឹមអាយុ៣០ ៤០ វានៅខ្លាំង ព្រោះសុខភាពយើងវានៅខ្លាំង ពួកអស់ហ្នឹងវាវាយលុកអត់ឈ្នះយើងទេ ជាតិពុកក្នុងស្រាទាំងអស់នោះ តែដល់ពេលប្រដាប់ការពារសុខភាពរបស់យើងវាខ្សោយអត់ហើយ អាយុ៥០ចូលដល់៦០ហើយចាប់ផ្តើមវាវាយលុកហើយ ចាំតែមើលចុះ។

បន្ថែមពីនេះទៀត ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាថា ៖ ទី៤នាំឲ្យខូចកេរ្តិ៍ឈ្មោះ(អសោច) ផឹកទៅដៀលគ្នា ហែកពូជគ្នា រួចពីហ្នឹងបែកខ្ទេចខ្ទីចានឆ្នាំងរបស់របរទាំងអស់ ។ អ្នកសុំសីលធម្មតាៗ គ្រាន់តែទៅដល់សាកស្រាភ្លាម ខូចភ្លាមហ្មងសាកមើល៎ បើមិនជឿ ទៅមង្គលការ ទៅពិធីអីក៏ដោយ គ្រាន់តែទៅដល់ដូចជាខាន តាំងពីចូលធម៌អាមក ប៉ុនថ្ងៃនេះ ដាក់១កំប៉ុងទៅព្រោះមិត្តភក្តិគេមកហឹកហ៊ាកហើយ ។ តែប៉ុណ្ណឹងទេចាំមើលទៅ អ្នកជុំវិញយើងហ្នឹងនាំគេឈ្មោះយើងអាសោចហ្មង ។ អ្នកខ្លះគេថា ទៅខ្ញុំមិនប្រាប់ណាទេ សុទ្ធតែគ្នាយើង៣ ៤នាក់ហ្នឹងទេ ។ អាត្មាថា កុំទៅជឿឲ្យសោះ ព្រោះ៣ទៅ៤នាក់នោះ ទៅខ្សឹបប្រាប់ប្រពន្ធគាត់ថា អាចារ្យនោះផឹក១កំប៉ុង ឬគេថតដាក់ក្រុមបងប្អូនគេ ទៅគឺអសោចកេរករ្តិ៍ឈ្មោះភ្លាម។

ព្រះតេជគុណ ជួន កក្កដា មានសង្ឃដីកាបន្តថា ៖ ទី៥ មិនលាក់លៀមកេរ្តិ៍ខ្មាស់ មួយនេះដល់កម្រិតហើយ តែដល់កហើយខោស្រា.តបង់កតែម្តង ព្រោះខ្លាចជ្រុះខោបាត់ អាណាឃើញអីឃើញសិនទៅ សំខាន់ឲ្យតែជាប់ខោសិន ។
ចំណែកទី៦ គឺ នាំឱ្យចុះខ្សោយប្រាជ្ញាស្មារតី ៖ ព្រោះថា គ្រឿងស្រវឹងរមែងធ្វើឱ្យខួរក្បាលស្ពឹក ជាហេតុធ្វើឱ្យការចងចាំ ការគិតមានសភាពថមថយជាងមុន មិនត្រឹមតែប៉ុណ្ណោះបុគ្គលអ្នកវក់វី និងគ្រឿងស្រវឹងអាចនាំឱ្យបាត់បង់ស្មារតី វង្វេងនិយាយស្តីលែងដឹងខុសត្រូវអស់ហើយ នេះដោយសារឥទ្ធិពលនៃគ្រឿងស្រវឹង៕
ចែករំលែកព័តមាននេះ