ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ចេញ​មុខ​សុំ​ការ​«​អភ័យ​»ពី​មហាជនរឿង​រិះគន់«១​លាន​បេះដូង​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មន្ត្រី​ធំ​ៗ អ្នកសិល្បៈ និង​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នោះ លោក ឯម រៀម ដែល​គេ​ផ្តល់​រហស្ស​នាម «​បណ្ឌិត​ច្នៃ​ម៉ូ​ដ​»…

រាជធានី​ភ្នំពេញ ​៖ ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មន្ត្រី​ធំ​ៗ អ្នកសិល្បៈ និង​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នោះ លោក ឯម រៀម ដែល​គេ​ផ្តល់​រហស្ស​នាម «​បណ្ឌិត​ច្នៃ​ម៉ូ​ដ​» នោះ បាន​ចេញ​សារសុំ​ការ​អភ័យ​ពី​សំណាក់​មហាជន ដែល​លោក​បាន​សរសេរ​សារ​រិះគន់​ខុស​អត្ថន័យ​ពិត​របស់ «១​លាន​បេះដូង​» ដែល​ជា​ផ្នែក​មួយ​នៃយុទ្ធនាការ #BeyondTheGames ឬ​លើស​ពី​ការ​ប្រកួត បង្កើត​ការ​បំបែក​ឯតទគ្គ​កម្ម «​បេះដូង​ច្រើន​ជាងគេ​លើ​ពិភពលោក​»​នោះ​ ។

លោក ឯម រៀម ដែល​ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​លោកតា​មរយៈ​ការ​ច្នៃ​ម៉ូ​ដ​ដ៏​លេចធ្លោទាក់ទាញ ជា​ពិសេស​ ទៅ​លើ​ការ​ស្លៀកពាក់ និង​តែងខ្លួន​ប្លែក​ៗ ចូលរួម​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន ហើយ​ក៏​រង​ការ​រិះគន់​ច្រើន​លើ​ការ​ច្នៃ​របស់​លោក​នោះ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នា​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា « សូម​អ​ភ​យ័​ទោស​ពី​បងប្អូន ដែល​រូប​លោក បាន​សរសេរ​សារ (Caption) កាលពី​ថ្ងៃ​ទី១០ មេ​សា ម្សិល មិញ ខុស​អត្ថន័យ​របស់​១​លាន​បេះដូង​កាត់​បត់​។

ក្រៅពី​ការ​សុំ​ការ​យោគយល់​ពី​មហាជន លោក ឯម រៀម បណ្ឌិត​ច្នៃ​ម៉ូ​ដ ដែល​ពូកែ​ខាង​លេង​ម៉ូ​ដ​ពុកមាត់​ផង​ដែរ​នោះ បាន​ប្រកាស​ថា ​រូប​លោក​នឹង​មិន​ធ្វើការ​កែ​ច្នៃ​សិល្បៈ​ក្នុង​រូបភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​សង្គម​នោះ
​ទេ​។

លោក ឯម រៀម បាន​សរសេរ​សំ​ណេ​រ​បន្ត​ដែល​មាន​ខ្លឹមសារ​ថា «​ហើយ​ខ្ញុំ​ក៏​បាន​កែរ​សំរួល​រួច Caption ឡើង​វិញ​ហើយ ដូចនេះ​ហើយ​សូម​ខន្តី និង​អភ័យ​ផង ដោយ​ខ្ញុំ​មិន​បាន​ពិចារណា ហើយពី​ពេល​នេះ​ទៅ​សន្យា​ថា​នឹង​ធ្វើ​សិល្បៈ​របស់ខ្ញុំ និង​មិន​ប៉ះពាល់​ដល់​សង្គម​ឡើយ​… »​។

សូម​បញ្ជាក់​ថា ការ​ចេញ​មុខ​មក​សុំ​ការ​យោគយល់​និង​អភ័យទោស​ពី​សំណាក់​មហាជន ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​មាន​មន្ត្រី​ធំ​ៗ​ជា​ច្រើន​រូប រួម​ទាំង​អ្នកសិល្បៈ​និង​មហាជន​មួយ​ចំនួន​បាន​ផ្ទុះ​ប្រតិកម្ម​និង​ព្រលៈ​ចំ​ៗ​ទៅ​លើ បណ្ឌិត​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ដែល​បាន​បង្ហោះ​សារ​រិះគន់​រឿង បេះដូង​ប្រដា​ស ចំនួន ១ លាន​ដែល​កម្ពុជា​ខិតខំ​ដើម្បី​ជា​ធ្វើការ​បំបែក​ឯតទគ្គ​កម្ម តាម​រយៈ​ការ​បត់​បេះដូង​ឱ្យ​បាន ១​លាន​បេះដូង និង​ត្រូវ​បាន​រៀបចំ​នៅ​មុខ​ប្រាសាទអង្គរវត្ត​។

សារ​ដំបូង​ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​របស់​មន្ត្រី​ធំ​ៗ អ្នកសិល្បៈ និង​មហាជន​ជា​ច្រើន​រូប​នោះ គឺ​ដោយសារ​តែ​លោក ឯម រៀម បាន​បង្ហោះ​រូបភាព​បេះដូង​ក្រដាស​ចំនួន ១​លាន​បេះដូង​នៅ​មុខ​អង្គរវត្ត អម​នឹង​សំ​ណេ​រ​រិះគន់​ធ្ងន់​ៗ​ថា «១​លាន បេះដូង​ក្លែងក្លាយ បើ​ថវិការដ្ឋ សូម​ចូលរួម​សោកស្តាយ តែបើ​ជា​ទឹកចិត្ត​របស់​បងប្អូន មិន​គួរ​ធ្វើ​នៅ​ទី​នេះ​»​។

ភ្លាម​ៗ​ក្រោយ​បង្ហោះ​សារ​វាយប្រហារ​រឿង «​បេះដូង ១​លាន​» នេះ លោក​ជំទាវ បាន ស្រី​មុំ ដែល​ជា​អភិបាល ខេត្ត​ប៉ៃលិន ក៏​បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​លោក​ជំទាវ​លើក​ទៅ​កាន់​លោក ឯក រៀម ថា «​សូម​ជំរាប​លោក ឬ​លោក ស្រី​ប្អូន​ថា នៅ​ក្នុង​ចំណោម​បេះដូង​ពិត ១​លាន​នេះ ក៏​មាន​បេះដូង​ខ្ញុំ កូន​ៗ យុវជន​ខ្ញុំ បងប្អូន​មន្ត្រីរាជការ​របស់ ខ្ញុំ​ដែរ គឺជា​បេះដូង​ចេញពី​ចិត្ត​ពិត​ៗ ដោយ​ក្តី​គោរព​ស្រលាញ់​ពី​បេះដូង​ពិត​ៗ សូមជ្រាប​»​។

ចំណែក ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ ព័ត៌មាន​កម្ពុជា ក៏​បាន​បញ្ចេញ​ទស្សនៈ​ទៅ​លោក ឯម រៀម​ថា «​ប្អូន EM Riem ! ប្អូន​គួរ​លុប​សារ​ប្អូន​ចោល​ក៏​ល្អ​ដែរ​។ ប្អូន​កុំ​បំផ្លាញ​ខ្លួនឯង និង​ជាតិ​ឯង​លើ​ចំណុច​នេះ​! ប្អូន​គួរ​បើក​ចិត្ត​ទូលាយ និង​លើកទឹកចិត្ត ដល់​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ថ្លៃថ្នូរ និង​ការ​ចូលរួម​ដោយ​មិន​ខ្លាច​ការ​នឿយហត់ របស់​ប្រជាជន​យើង​រាប់​ម៉ឺន​លាន​នាក់ ក្នុង​ការ​ផ្សព្វផ្សាយ​កិត្យានុភាព និង​កិត្តិនាម​ដ៏​អស្ចារ្យ​របស់​មាតុភូមិ​យើង នៅ​លើ​ឆាក​អន្តរជាតិ »​។

យ៉ាងណាមិញ ក្រោយ​លោក ឯម រៀម បាន​កែតម្រូវ​នូវ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង «១​លាន​បេះដូង​» នោះ​មក ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏​បាន​បញ្ចេញ​នូវ​មតិ​ថា «​ប្អូន [​លោក ឯម រៀម​] បាន​កែ​ខ្លឹមសារ នៅ​រសៀល​នេះ រសៀល​ថ្ងៃ​ទី ១០ មេ​សា​] ទទួលយក​បាន ហើយ​តាម​រយៈ​សកម្មភាព​លើ​បញ្ហា​នេះ ប្អូន​បាន​ទាញ​ទម្លាក់​ជំនឿ និង​តម្លៃ​ប្អូន ឱ្យ​ឃ្លាតឆ្ងាយ​ពី​សាធារណជន​ហើយ​»​។

ក្រោយ​លោក ឯម រៀម ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ចូល​ទៅ​បញ្ចេញមតិ​ចម្រុះ​ភាព ដោយ​ក្នុង​នោះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​លើក​ឡើង​ថា «​លើក​នេះ​បង​ឯង​ខុស​មែន​! ដូច្នេះ​បង​ត្រូវ​ដឹង​ថា​បង​ជា​មនុស្ស​មាន Influence (​មាន​ឥទ្ធិពល​) ក្នុង​សង្គម​មួយ​ដែរ ដូច្នេះ រាល់​ការ​ផុស​អ្វីមួយ​ជា​សាធារណៈ​ទាក់ទង​ហ្នឹង​សង្គម សូម​គិត​អោយ​បាន​ឆ្ងាយ​បង​។ រឿង​ពីក្រោយ​ខ្នង​ដូច​ម្តេច ប្រសិនបើ​វា​ជា​ការ​ពិតមែន ក៏​បង​មិន​គួរ​និយាយ​អី​ដែរ ព្រោះ​រដ្ឋាភិបាល​ធ្វើ​នេះ​ក៏​សម្រាប់​មុខមាត់​ជាតិ​ដែរ​។ អរគុណ​បង​ដែល​ទទួលកំហុស​»​។ បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេង​ទៀត ក៏​បាន​បញ្ចេញមតិ​ថា ដោយសារ​តែ​លោក ឯម រៀម ជា «​អ្នក​ល្បី​ត្រូវ​ប្រយ័ត្ន រាល់​ការ​ផុស ឬ សរសេរ​អ្វីមួយ​ផុស​ចេញ​ទៅ បង​មាន​អ្នក​ចាប់អារម្មណ៍​ទាំង​អ្នក​ស្រលាញ់​និង​មិន​ចូល​ចិត្ត​យើង​» ជាដើម​។

លោក ឯម រៀម ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​លោកតា​មរយៈ​ការ​ច្នៃ​ម៉ូ​ដ​ដ៏​លេចធ្លោ ទាក់ទាញ ជា​ពិសេស​ទៅ​លើ​ការ​ស្លៀកពាក់ និង​តែងខ្លួន​ប្លែក​ៗ ចូលរួម​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន ដែល​ក្នុង​នោះ​ការ​ច្នៃ​ម៉ូ​ដ​ខ្លះ​ក៏​ទទួល​បានការ​គាំទ្រ តែ​ក៏​មានការ​កែ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​មួយ​ចំនួន ក៏​ត្រូវ​បាន​រិះគន់​ខ្លាំង​ៗ​ពី​មហាជន​ថា ជា​ការ​កែ​ច្នៃ​ប៉ះពាល់​ដល់​វប្បធម៌​សង្គម​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រវត្តិ​នៃ​ការ​សិក្សា​របស់​អ្នក​ច្នៃ​ម៉ូ​ដ ឯម រៀម ក៏​មិនធម្មតា​ដែរ​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គំនូរ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០០០ លោក ឯម រៀម ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​គ្រឿងសង្ហារិម​ឯ​ប្រទេស​បារាំង​។ នៅ​ប្រទេស​បារាំង លោក​សិក្សា​បាន ៦ ឆ្នាំ គឺ ថ្នាក់​បរិញ្ញាបត្រ ៥ ឆ្នាំ និង​ថ្នាក់បណ្ឌិត ១ ឆ្នាំ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ឯម រៀម គឺ​បាន​រៀន​ផ្នែក​ច្នៃ​ម៉ូ​ដ​គ្រឿងសង្ហារិម​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ