ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​រត់​ចូល​សាលា​ឱ្យ​គេ​ជួយ ក្រោយ​ត្រូវ​ក្រុម​ចោរ​ជាង​១០​នាក់​ដេញ​តាម​កា​.​ប់​ប្លន់​មិន​រើស​មុខ

2 ឆ្នាំ មុន
  • បាត់ដំបង

ក្រុម​ចោរ​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្សពួក​យ៉ាងតិច​១៥​នាក់ ដែល​ជិះ​ម៉ូតូ​ទាំង​ហ្វូង​តាម​ស្ទាក់​កា​.​ប់ «​ប្លន់​» នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ គិត​ត្រឹម

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្សពួក​យ៉ាងតិច​១៥​នាក់ ដែល​ជិះ​ម៉ូតូ​ទាំង​ហ្វូង​តាម​ស្ទាក់​កា​.​ប់ «​ប្លន់​» នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ គិត​ត្រឹម​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ ក្រោយ​ពី​ក្រុម​ជន​ទាំងនេះ​ធ្វើ​សកម្មភាព​ស្ទាក់​កា​.​ប់ «​ប្លន់​» អ្នកដំណើរ​មិន​រើសមុខ​តាម​ដងផ្លូវ ស្ថិត​ក្នុងស្រុក​ថ្មគោល​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អំពើ «​ប្លន់​» ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ពពាលខែ ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

យោង​តាម​ព័ត៌មាន​បឋម​ថា ក្រុម​ចោរ​ទាំងនេះ​មាន​គ្នា​ប្រហែល​១៥​នាក់ ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង ប្រដាប់​ដោយ​កាំ​បិ​.​ត និង​ដាវ​សាំ​ម៉ូ​រៃ​។ ហើយ​ក្រុម​នេះ​ជិះ​ម៉ូតូ​ទាំង​ហ្វូង​ហែរ​ហម​គ្នា​តាម​ដងផ្លូវ ដើម្បី​ស្វែងរក​មុខសញ្ញា​ដែល​ពួក​គេ​ត្រូវ​ស្ទាក់​កា​.​ប់ «​ប្លន់​» យក​ម៉ូតូ ឬ​ទ្រព្យសម្បត្តិ ដោយ​មិន​រើសមុខ​នោះ​ឡើយ​។ នេះ​បើ​តាម​សាក្សី​នានា​ដែល​បាន​ប្រទះ​ឃើញ​សកម្មភាព​របស់​ពួក​គេ​នៅ​យប់​កើតហេតុ​នោះ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា ក្រុម​ចោរ​មួយ​ហ្វូង​នេះ ជិះ​ម៉ូតូ​ចុះ​តាម​ផ្លូវលំ​មួយ នៅ​ម្ដុំ​វត្ត​វាល​ទ្រា ស្ថិត​ក្នុងភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ហើយ​ក៏​ប្រទះ​នឹង​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បញ្ច្រាស់ទិស​គ្នា​។ លោក​និយាយ​បន្ត​ថា ពេល​នោះ​ក្រុម​ជន​ដៃដល់​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ រួច​ដេញ​តាម​កា​.​ប់​ជន​រង​គ្រោះ​ត្រូវ​ចំ​ស្មា​ខាងស្ដាំ បណ្ដាល​ឲ្យ​របួសធ្ងន់​តែ​ម្តង តែ​ជន​រង​គ្រោះ​ព្យាយាម​ជិះ​រត់​ខ្លួន រហូត​ដល់​សាលា​បឋម​សិក្សា​ពពាលខែ ក៏​ចូល​ក្នុង​សាលា​ដើម្បី​ឲ្យ​គេ​ជួយ​។ ហើយ​ជន​រង​គ្រោះ​រូប​នេះ​មានឈ្មោះ ញ៉ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​។

ប៉ុន្តែ​លោក​អធិការ​ប្រាប់​បន្ត​ថា ហាក់ជា​រឿង​ចៃដន្យ នៅ​ពេល​ជន​រង​គ្រោះ​ខាងលើ ជិះ​ម៉ូតូ​ទាំង​របួស​ស្មា​ឈា​.​មក​ក្លាក់​ចូល​ក្នុង​សាលា​ឲ្យ​គេ​ជួយ ខណៈ​ក្រុម​ជន​ដៃដល់​ទាំង​ហ្វូង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​យ៉ាង​ប្រកិត ស្រប​ពេល​នោះ​ក៏​មាន​យុវជន​០៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្នុង​សាលា ក៏​ជួបនឹង​ក្រុម​ជន​ដៃដល់​នៅ​ខាង​មុខ​ខ្លោងទ្វារ ហើយ​ក៏​ត្រូវ​ក្រុម​ជន​ដៃ​ជល់​នេះ​ចុះ​ស្ទាក់​កា​.​ប់​យ៉ាង​សាហា​.​វ​បំផុត ធ្វើ​ឲ្យ​យុវជន​ទាំង​៣​នាក់​នោះ​ភ័យ​តក់ស្លុត​ក៏​ចុះ​រត់​ចោល​ម៉ូតូ ហើយ​ក្រុម​ចោរ​ទាំងនោះ​ក៏​ប្លន់​យក​ម៉ូតូ​នោះ​ជិះ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការ​ស្រុក​ថ្មគោល ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បក្សពួក​ក្រុម​ចោរ​ទាំងនេះ​បាន​ម្នាក់​ភ្លាម​ៗ ខណៈ​ពេល​ចុះ​អន្តរាគមន៍ ព្រមទាំង​ដកហូត​កាំ​បិ​.​ត​មួយ​ដើម​ជា​វត្ថុ​តាង​ផង​ដែរ ប៉ុន្តែ​បាន​បាក់​ជា​២​កំណាត់ ដោយសារ​លោក​ចោរ​កា​.​ប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​។ ចំណែក​ជន​រង​គ្រោះ (​ម្ចាស់​ម៉ូតូ​) ទី​២ ដែល​ទទួលថ្មបាក់​ពី​ជន​រង​គ្រោះ​ទី​១ ហើយ​ត្រូវ​ក្រុម​ចោរ «​ប្លន់​» យក​ម៉ូតូ​ទៅ​បាត់​នោះ មានឈ្មោះ ចិត ចិន​សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។ ដោយឡែក​បក្សពួក​ក្រុម​ចោរ​ម្នាក់ ដែល​ត្រូវ​កម្លាំង​អធិការ​ស្រុក​ថ្មគោល ចាប់​បាន​ភ្លាម​ៗ ក្រោយ​ពេល​កើតហេតុ​បន្តិច​នោះ មានឈ្មោះ វ៉ា​ន់ ជូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល​។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច ដែល​កំពុង​បន្ត​នីតិវិធី​លើ​ករណី «​ប្លន់​» នេះ ជាមួយនឹង​កម្លាំង​ការិយាល័យ​ជំនាញ បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ដំបូង​គេ បាន​សារភាព​ទទួលស្គាល់​កំហុស​ហើយ​។

លោក​អធិការ បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា​នេះ កម្លាំង​របស់​លោក ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​ផង បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​ជន​ដៃដល់​ចំនួន​៤​នាក់​បន្ថែម​ទៀត គឺ​សរុប​ចំនួន​០៥​នាក់​ហើយ តែ​នៅ​មាន​បក្សពួក​យ៉ាងតិច​ជាង​១០​នាក់​ទៀត ដែល​កំពុង​សម្ងំ​លាក់ខ្លួន ហើយ​កម្លាំង​យើង​កំពុង​ដុតដៃដុតជើង តាម​ច្បាម​មុខសញ្ញា​ទាំងនេះ ដែល​យើង​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ