ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ តាំងពី​ឆ្នាំ​២០១៣​មក ប្រទេស​ចិន​បាន​ព្យាយាម​សម្រេច​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ខ្លួន ដែល​មាន

ទីក្រុង​ញូ​វ​យ៉​ក ៖ តាំងពី​ឆ្នាំ​២០១៣​មក ប្រទេស​ចិន​បាន​ព្យាយាម​សម្រេច​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ខ្លួន ដែល​មាន​គោលដៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ត​ភ្ជាប់​គោលនយោបាយ​រវាង​ប្រទេស​ប្រមាណ​៦០ នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ។

អ្នក​រិះគន់​បារម្ភ​ថា ចិន​អាច​នឹង​ផ្តោត​លើ​ការ​ពង្រីក​ឥទ្ធិពល​ភូមិសាស្ត្រ និង​នយោបាយ​របស់​ខ្លួន ដើម្បី​ប្រកួត​ជាមួយ​សហរដ្ឋអាមេរិក និង​ជប៉ុន ហើយ​ធ្វើ​ឲ្យ​ការ​ផ្តួចផ្តើម​គំនិត​នេះ​មិន​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ខ្លាំងក្លា ។ ប៉ុន្តែ​ប្រសិនបើ​លក្ខខណ្ឌ​មួយ​ចំនួនសម្រេច​នោះ អត្ថប្រយោជន៍​សេដ្ឋកិច្ច​បាន​ពី​គំនិត​ផ្តួចផ្តើម​នេះ គឺ​ច្រើន​ណាស់ ។

របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ឲ្យ​ដឹង​ថា ប្រទេស​ជា​ច្រើន​ដែល​ចូលរួម​ផ្តួចផ្តើម​គំនិត​នេះ ត្រូវការ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ​យ៉ាងច្រើន​ដូច​ការ​សន្យា​របស់​ចិន ។

ប្រទេស​បង់​ក្លា​ដែ​ស និង​កា​ហ្សា​ក់​ស្ថាន​ខ្វះខាត​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​អាច​ទុកចិត្ត​បាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម និង​ការ​នាំ​ចេញ ។ រីឯ​ឥណ្ឌូ​ណេ​ស៊ី​គ្មាន​កំពង់​ផែ​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងស្រុក និង​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ។

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​នេះ​សន្យា​ថា នឹង​ជួយ​ដល់​ប្រទេស​ទាំងឡាយ​អាច​ឆ្លងកាត់​ឧបសគ្គ​ទាំងនោះ តាម​រយៈ​ការ​ផ្តល់​ថវិកា​បរទេស​សម្រាប់​សាងសង់​កំពង់​ផែ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​វា​រី​អគ្គិសនី​ជាដើម ។

ប្រាកដ​ណាស់ ការ​ផ្តល់​ថវិកា​បរទេស​តែ​ម្ខាង គឺ​មិន​គ្រប់គ្រាន់​ទេ ប្រទេស​ដែល​ទទួល​ថវិកា​ទាំងនោះ​ត្រូវធ្វើ​កំណែទម្រង់​សំខាន់​ៗ ដោយ​បង្កើន​តម្លាភាព និង​អាច​ប្រមើល​ទុក​បាន តាម​រយៈ​ការ​កាត់​បន្ថយ​ហានិភ័យ​វិនិយោគ ។ ដូច្នេះ ការ​អនុម័ត​នៃ​កំណែទម្រង់​ទាំងនេះ គឺជា​កត្តា​ដ៏​សំខាន់​ដែល​បង្ក​ឲ្យ​មាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច ឬ​អត់​ពី​ការ​វិនិយោគ​នេះ ។

សម្រាប់​ចិន ការ​វិនិយោគ​លើ​ខ្សែក្រវាត់ និង​វិ​ថី គឺ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច ជា​ពិសេស ពេល​ក្រុមហ៊ុន​ចិន​ដឹកនាំ​ការ​សាងសង់ ។ ក្នុង​ឆ្នាំ​២០១៣ ពេល​ចិន​ស្នើ​ឲ្យ​មានគំនិត​ផ្តួចផ្តើម​នេះ​ដំបូង ប្រទេស​នេះ​មាន​រូបិយប័ណ្ណ​បរទេស​សរុប​៤​ទ្រី​លាន​ដុល្លារ ។

ហេតុនេះ ការ​វិនិយោគ​លើ​គំនិត​ផ្តួចផ្តើម​នេះ មិន​ត្រូវការ​ចំណាយ​ច្រើន​ទេ​សម្រាប់ចិន ជា​ពិសេស ពេល​ពួក​គេ​អាច​ទាញ​អត្ថប្រយោជន៍​បាន​ខ្ពស់ ។ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ស្មើ​៤០% នៃ GDP ក្នុង​ប្រទេស គឺ​ខ្ពស់​ជាង​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​បើ​ចិន​វិនិយោគ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិនល្អ ឬ​មិន​គ្រប់គ្រាន់  ពួក​គេ​អាច​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះ​បាន និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន និង​ពលករ​ថែម​ទៀត ។

ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា ការ​វិនិយោគ​ទាំងនេះ​គ្មាន​ហានិភ័យ​ទេ​សម្រាប់​ចិន ។ ប្រាក់​ចំណេញ​ដែល​បាន​មក​វិញ នឹង​ពឹងផ្អែក​លើ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​ទាំងនោះ ជា​ពិសេស បើ​ពួក​គេ​មិន​ផ្តោត​សំខាន់​លើ​ប្រសិទ្ធភាព​ទេ​នោះ ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​អាច​នឹង​វិនិយោគ​លើ​គម្រោង​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​តិច ។

នេះ​ជា​មូលហេតុ​ដែល​ដំណើរការ​ធ្វើ​កំណែទម្រង់​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន ត្រូវការ​តាមដាន​យ៉ាង​ដិត​ដល់ ។ យ៉ាងណា​ក្តី អត្ថប្រយោជន៍​សេដ្ឋកិច្ច​បាន​មក​ពី​ការ​វិនិយោគ​នេះ​នៅ​តែ​ច្រើន​ដដែល ។

សូ​ម្បី​តែ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ ក៏​អាច​ទាញ​អត្ថប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​ដែរ​។ ប្រមាណ​១​ទសវត្សរ៍ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កើត​មាន​ឡើង ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​ផ្នែក​មួយ​ចំនួន​លើ​ពិភពលោក នៅ​ទន់ខ្សោយ​នៅឡើយ ។ ការ​វិនិយោគ​ខ្នាត​ធំ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាច​ជំរុញ​រយៈពេល​ខ្លី​ដល់​តម្រូវការ​សកល​បាន ។ សហរដ្ឋអាមេរិក​អាច​នឹង​មើលឃើញ​ការ​នាំ​ចេញ​កើនឡើង ខណៈ​តម្រូវការ​រថយន្ត ក្បាលរថភ្លើង យន្តហោះ ឧបករណ៍​សាងសង់​ទំនើប​ៗ សេវាកម្ម​ហិរញ្ញវត្ថុ គណនេយ្យ អប់រំ និង​ផ្នែក​ច្បាប់​កើនឡើង ។

ក្នុង​រយៈពេល​វែង ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​នឹង​ជួយ​សម្រួល​ផ្នែក​ភស្តុ​ភារ និង​កាត់​បន្ថយ​តម្លៃ​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម ។ លទ្ធផល គឺ​កំណើន​សមត្ថភាព​ផលិត និង​ការ​លូតលាស់​កាន់តែ​លឿន ។

ប្រសិនបើ​គម្រោង​ទាំងនេះ​ប្រព្រឹត្ត​ឡើង​តាម​ស្តង់ដា​បរិស្ថាន និង​សង្គម​ខ្ពស់​នោះ បញ្ហា​បម្រែបម្រួល​បរិយាកាស និង​វិសមភាព ក៏​អាច​ដោះស្រាយ​កាន់តែ​ច្រើន​ផង​ដែរ ។ ឱកាស​សម្រេច​បាន​ស្តង់ដា​ទាំងនេះ នឹង​ពឹងផ្អែក​លើ​ចំនួន​ប្រទេស​ចូលរួម​ក្នុង​គម្រោង ៕