ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជិះទូក​មើល​អំពិលអំពែក​ចាប់ផ្ដើម​កើនឡើង​វិញ

6 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នក​ផ្ដល់​សេវាកម្ម​ជិះទូក​មើល​អំពិលអំពែក​ពេល​រាត្រី​នៅ​ខេត្តកំពត បាន​អះអាង​ថា

ខេត្តកំពត ៖ អ្នក​ផ្ដល់​សេវាកម្ម​ជិះទូក​មើល​អំពិលអំពែក​ពេល​រាត្រី​នៅ​ខេត្តកំពត បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​មាន​កំណើន​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​ទូក​បុក​គល់ឈើ​លិច បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​កាលពី​ប៉ុន្មាន​ខែ​មុន ។

ម្ចាស់​ទូក Lovely Boat លោក អុ​ិ​ត សារី បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មើលឃើញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ទឹកដី​ខេត្តកំពត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​កើន​ឡើងជា​ហូរហែ ពិសេស​ការ​ជិះទូក​មើល​អំពិលអំពែក និង​គយគន់​ទេសភាព​កំពុង​ពេញ​និយម លោក​ក៏​បាន​បើក​សេវាកម្ម​នេះ ដោយ​ទទួល​បាន​ចំណូល​គួរសម ។

លោក​បន្ដ​ថា ៖« ក្នុង​១​ថ្ងៃ ខ្ញុំ​ដឹក​ភ្ញៀវ​ប្រហែល​៥០​នាក់ ដោយ​ក្នុង​១​នាក់​សម្រាប់​ភ្ញៀវ​ជាតិ តម្លៃ​១​ម៉ឺន​រៀល និង​បរទេស​តម្លៃ​៥​ដុល្លារ ។ បើ​គិត​ពី​ចំណូល​ក្នុង​១​ខែ ខ្ញុំ​អាច​រកបាន​ប្រហែល​២​ទៅ​៣​លាន​រៀល​ដែរ ប៉ុន្ដែ​ត្រូវ​ចំណាយ​ច្រើន​ទៅ​លើ​ប្រេងសាំង និង​បុគ្គលិក ដែល​អាច​សល់​បន្ដិចបន្ដួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​» ។

លោក សារី បន្ត​ទៀត​ថា ៖« ទោះបីជា​សេវា​នេះ​អាច​ថា​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ភ្ញៀវ​ដែល​បាន​ជិះទូក​កម្សាន្ត ពួក​គាត់​អាច​ទស្សនា​ទេសភាព​តាម​ដងព្រែក គយគន់​ថ្ងៃ​លិច ជា​ពិសេស ចាប់ពី​ម៉ោង​ប្រហែល​៧​យប់​ទៅ យើង​អាច​មើល​អំពិលអំពែក​នៅ​តាម​ដងព្រែក​ខេត្តកំពត​បាន​យ៉ាង​ប្លែក​ភ្នែក វា​ជា​ក្ដី​បំណង​របស់​ភ្ញៀវ​ដែល​គាត់​មក​ជិះទូក​កម្សាន្ត​ពេល​រាត្រី​»​។ លោក​ថា ៖« ខ្ញុំ​មានចិត្ត​សប្បាយ​រីករាយ និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​មុខរបរ​មួយ​នេះ ព្រោះ​វា​ជា​របរ​សុចរិត និង​មាន​ពេល​សប្បាយ​ជាមួយ​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ ទោះបី​ចំណូល​បាន​តិចតួច​ក៏​ដោយ » ។

កញ្ញា ថន លី​លី ដែល​បាន​ជិះទូក​កម្សាន្ដ​នា​ពេល​រាត្រី​កាលពី​ថ្ងៃ​ទី​១៣ តុលា កន្លង​ទៅ បាន​ប្រាប់​ថា ៖« ខ្ញុំ​ចូល​ចិត្ត​មក​ជិះទូក​លេង​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ធុញថប់ និង​ពេលទំនេរ​ពី​ការ​សិក្សា ហើយ​ពេល​ខ្លះ​ជួបជុំ​មិត្តភក្តិ​ចាស់​ៗ​ម្ដងម្កាល » ។

កញ្ញា​បន្ត​ថា ៖« សម្រាប់​តម្លៃ​អាច​ថា ថ្លៃ​គួរសម​ដែរ ព្រោះ​អី​ការ​ជិះទូក​នេះ គឺ​យើង​អាច​មើល​ទេសភាព​បាន​គ្រប់​ជ្រុងជ្រោយ​តាម​ដងព្រែក ស្រូប​ខ្យល់អាកាស​បរិសុទ្ធ ហើយ​អ្វី​ដែល​ប្លែក​ភ្នែក​នោះ គឺ​បាន​មើល​អំពិលអំពែក​ពេល​យប់​ទៀត​ផង » ។

អ្នកលក់​សំបុត្រ​ទូក lovely Boat បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ ទូក​ចេញដំណើរ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច រហូត​ដល់​ម៉ោង​៧​យប់ ដែល​មាន​អាហារ និង​ភេសជ្ជៈ​សម្រាប់​ទទួលទាន​នៅ​លើ​ទូក ក្នុង​តម្លៃ​សមរម្យ​បំផុត ។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បញ្ជាក់​ថា មុន​នឹង​ទូក​ទេសចរណ៍​អាច​ដំណើរការ​បាន ទូក​នីមួយ​ៗ​ត្រូវ​តែ​បំពេញ​សំណុំ​បែបបទ​តាម​លក្ខខណ្ឌ​របស់​មន្ទីរ​ពាក់ព័ន្ធ​ជា​មុន​សិន ដូច​ជា​៖ ត្រូវ​មាន​ឈៀក​(​លក្ខណៈ​បច្ចេកទេស​ទូក​) ដែល​ចេញ​ដោយ​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​ខេត្ត ។ ទូក​ដឹក​ភ្ញៀវ​ទេសចរ​ធំ​ៗ មិន​អាច​ផ្ទុក​ភ្ញៀវ​លើស​ពី​៤៥​នាក់​បាន​ឡើយ​។ ត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ដើម្បី​មន្ទីរ​ធ្វើការ​ត្រួតពិនិត្យ​មុន​នឹង​បម្រើ​សេវាកម្ម​ដឹក​ភ្ញៀវ ៕