ខេត្តបាត់ដំបង ៖ ភ្លៀងមួយមេដែលលាយឡំដោយខ្យល់កន្ត្រាក់នារដូវប្រាំងយ៉ាងខ្លាំងក្លាផង បានប៉ះទង្គិចទៅលើស្រុកចំនួន០៥ក្នុងខេត្តបាត់ដំបងក្នុងពេលតែមួយ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៧ មេសា នេះ បណ្ដាលឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋអស់ជិត៣០ខ្នង និងប៉ើងរោងបុណ្យបញ្ចុះសីម៉ានៅក្នុងវត្តជាច្រើនខ្នងទៀត ។ នេះបើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលរាយការណ៍ពីតាមបណ្ដាស្រុកនានា ។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលរាយការណ៍នៅព្រឹកថ្ងៃទី០៧ មេសា បានឲ្យដឹងថា ស្រុកចំនួន០៥ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ«ខ្យល់កន្ត្រាក់»ខាងលើនេះ រួមមាន ១-ស្រុករុក្ខគិរីប៉ះទង្គិចទៅលើឃុំព្រៃត្រឡាច ខូចខាតផ្ទះពលរដ្ឋអស់ចំនួន០៥ខ្នង ។ ២-ស្រុកឯកភ្នំ ប៉ះទង្កិចទៅលើ ឃុំពាមឯក ខូចខាតផ្ទះពលរដ្ឋអស់ចំនួន៩ខ្នង និងឃុំព្រែកហ្លួងអស់ចំនួន០២ខ្នង ។

៣-ស្រុកគាស់ក្រឡ ប៉ះទង្កិចទៅលើ ឃុំហប់ ដើមឈើសង្កត់ផ្ទះពលរដ្ឋខូចខាតអស់០១ខ្នង ។ ៤-ស្រុកបវេលប៉ះទង្គិចទៅលើឃុំឃ្លាំងមាស ខូចខាតផ្ទះអស់ចំនួន០៤ខ្នង និងរោងដាក់កង់នៅក្នុងសាលា០១ខ្នង ឃុំក្ដុលតាហែន ខូចខាតផ្ទះអស់ចំនួន០១ខ្នង និងឃុំព្រៃខ្ពស់ ប៉ើងរោងបុណ្យបញ្ចុះសីម៉ានៅក្នុងវត្តម៉ាក់ឃ្លឿចំនួន០៥ខ្នង និង៥-ស្រុកសង្កែប៉ះទៅលើឃុំចំនួន០៤ គឺឃុំអូរដំបង ឃុំរាំងកែសី ឃុំតាប៉ុន និងឃុំកំពង់ព្រះ ខូចខាតផ្ទះពលរដ្ឋសរុបអស់ចំនួន០៧ខ្នង ។

បើគិតសរុបទាំង០៥ស្រុក ខូចខាតលំនៅឋានពលរដ្ឋអស់ប្រមាណ២៩ខ្នង រោងបុណ្យបញ្ចុះសីម៉ាចំនួន០៥ខ្នង និង រោងដាក់កង់ក្នុងសាលា០១ខ្នង ។ គាគច្រើនលំនៅឋានដែលខូចខាតទាំងនោះ របើកដំបូល តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយក៏ពុំមានខូចខាតផលដំណាំដែរ ។

ប្រភពពីអាជ្ញាធរខេត្តបានឲ្យដឹងដែរថា ភ្លៀងនិងខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី០៧ មេសា នេះ បានប៉ះពាល់ស្ទើរគ្រប់ស្រុក និងក្រុង តែតាមបណ្ដាស្រុកមួយចំនួនប៉ះពាល់តិចតួច លើកលែងតែស្រុកចំនួន០៥ខាងលើ ខូចខាតផ្ទះសម្បែង តែយ៉ាងណាអាចនឹងមានផលប៉ះពាល់តិចតួច ។

មានការកត់សម្គាល់ផងដែរ ក្នុងរយៈពេលជាង០១ខែកន្លងទៅនេះ ខេត្តបាត់ដំបងបានទទូលរងនូវភ្លៀងដែលលាយឡំទៅដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំងក្លាផងបានកើតឡើងជាបន្តបន្ទាប់ នារដូវប្រាំងនេះ បានធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់រាប់រយខ្នង តែពុំទាន់មានរបាយការណ៍គ្រោះថ្នាក់ដល់មនុស្សទេ ហើយក៏ពុំទាន់ខូចខាតផលដំណាំធ្ងន់ធ្ងរដែរ ។

ទោះយ៉ាងណា ពេលនេះ អាជ្ញាធរនិងមន្ត្រីកាកបាទក្រហមខេត្តបាននិងកំពុងចុះពិនិត្យ ដើម្បីជួយសង្គ្រោះបឋមហើយ៕





ចែករំលែកព័តមាននេះ