ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​កើត​មាន​ជំងឺ គឺ​បណ្តាល​មក​ពី​ចំណីអាហារ ដូច្នេះ​ចំណីអាហារ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​កើត​មាន​ជំងឺ គឺ​បណ្តាល​មក​ពី​ចំណីអាហារ ដូច្នេះ​ចំណីអាហារ ទន្ទឹម​នឹង​ឲ្យ​មនុស្ស​រស់ ក៏​ជា​កត្តា​បង្ក​ឲ្យ​មនុស្ស​កើត​មាននូវ​ជំងឺ​ផ្សេង​ៗ​ផង​ដែរ នា​ពេល​បច្ចុប្បន្ន​នេះ​។ ដើម្បី​លើកកម្ពស់​នូវ​គុណភាព​ចំណី អាហារ​បាន​ល្អ​ប្រសើរ​នោះ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ  មន្ត្រី​ជំនាញ​កាំកុងត្រូល សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ចាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​លក់ដូរ នៅ​ផ្សារ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កុំ​ឲ្យ​លក់ដូរ​នូវ​ចំណីអាហារ​ខូចគុណភាព ដូច​ជា​គ្រឿង​កំប៉ុង​ក្រពឹត​ប៉ោង​អាច​មាន​ច្រេះ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់  គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ក្លែងក្លាយ​ជាដើម​។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បាន​ឲ្យ​ដឹង​ថា​៖ ការ​ចុះ​ត្រួតពិនិត្យ និង​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​គុត្ត​សត​នេះ ឲ្យ​គាត់​បាន​យល់​ដឹង​អំពី​កាលបរិច្ឆេទ​ទំនិញ ឬ​ចំណីអាហារ​ដែល​ហួស​កាលកំណត់ ទំនិញ ឬ​ចំណីអាហារ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ មុន​នឹង​ឈាន​ដល់​ការ​ផាកពិន័យ និង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល​តាម​ផ្លូវច្បាប់ ដែល​តម្រូវ​ឲ្យ​ដកហូត​យក​ទៅ​កម្ទេច​ចោល ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា​។​លោក​អនុប្រធាន​ក៏​បាន​បញ្ជាក់​ថា​៖ ក្នុង​ការ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​ផ្សារ​គុត្ត​សត​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ផ្សារ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​ចម្រុះ បាន​រក​ឃើញ និង​ដកហូត​នូវ​ទំនិញ​ខូចគុណភាព​មួយ​ចំនួន និង​ហាមឃាត់​មិន​ឲ្យ​បន្ត​លក់​តទៅ​ទៀត ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មុន​នឹង​ទិញ​ទំនិញ​ចំណីអាហារ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន អំពី​គុណភាព កាលបរិច្ឆេទ និង​ការ​វេច​ខ្ចប់​មិន​ត្រឹមត្រូវ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​។ ជាង​នេះ​ទៀត​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ធ្វើ​បទ​បង្ហាញ​អាជីវករ​ទាំងអស់ អំពី​វិធីសាស្ត្រ​នៃ​ការ​ថែរក្សា ដាក់​តាំង​លក់​តាម​លក្ខណៈ​ត្រឹមត្រូវ និង​មាន​អនាម័យ​រាល់​ទំនិញ ចំណីអាហារ​។ បើ​តាម​ការ​វាយតម្លៃ​ពី​មន្ត្រី​ជំនាញ ឃើញ​ថា​អាជីវករ​មួយ​ចំនួន គាត់​បាន​យល់​ច្រើន ហើយ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​កន្លង​មក​៕