រឿងលក់ដីបន្ទាយទាហាន302ការពារព្រំដែនគោកកំពង់ត្រាចមានបញ្ហាហើយ !
- កំពត
ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាច រួមមានមន្ត្រីរៀបចំដែនដី និងមន្ត្រីទាហានស្រុកប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៦ មេសា បានចុះមកធ្វើការវាស់វែងព្រំដីប្រជាពលរដ្ឋមួយគ្រួសារ ដែលមានម្ចាស់ដីឈ្មោះការ សារឿន ជាអតីតនាយនគរបាលប៉ុស្តិ៍កំពង់ត្រាច និងប្រពន្ធឈ្មោះង៉ែត សុធា នៅភូមិកំពង់ត្រាចទី1 ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ដែលបានទិញដីមួយកន្លែងពីលោករត្ន័ ប៊ុនឈឿន មេបញ្ជាផ្នែកសិករងកំពង់ត្រាចក្នុងឆ្នាំ2010 ។

ទោះជាមានការចម្រូងចម្រះយ៉ាងណាក៏ដោយ ដីបន្ទាយទាហានវរព្រំដែន302 និងដីមួយផ្នែកទៀតជាដីផ្នែកសិករស្រុកកំពង់ត្រាច ត្រូវបានដោះដូរទៅឱ្យឈ្មោះសេង វ៉ាន់ រួចទៅហើយដែលមានផ្ទៃដីសរុបចំនួន5ហិកតា ។ ប៉ុន្តែដីអតីតបន្ទាយទាហានទាំងនោះ មិនទាន់ដោះស្រាយគ្នាចប់នៅឡើយទេ ដោយសារតែមានប្រជាពលរដ្ឋមួយគ្រួសារមិនយល់ព្រមអោយដីដែលខ្លួនបានទិញពីមេបញ្ជាការនៅមុខបន្ទាយទាហានប្រគល់អោយម្ចាស់ក្រុមហ៊ុន គឺលោកសេង វណ្ណ ឡើយ ។

លោកឡោ សុខន អភិបាលរងស្រុកកំពង់ត្រាច ជាអ្នកដឹកនាំកំលាំងចុះពិនិត្យព្រំដីបាននិយាយប្រាប់អោយដឹងថាការចុះពិនិត្យព្រំដីអតីតបន្ទាយទាហានមានទំនាស់ ជាមួយប្រជាពលរដ្ឋមួយគ្រួសារនោះ គ្រាន់តែអោយជំនាញមកបញ្ជាន់ប្លង់មើលទេថាតើដីបន្ទាយទាហានមានត្រឹមណា ។ ហើយអ្នកទិញដីពីមន្ត្រីទាហាននោះសំអាងលើឯកសារអ្វីខ្លះ។

លោករត្ន័ ប៊ុនឈឿន អតីតមេបញ្ជាការទាហានប្រតិបត្តិការផ្នែកសិករងកំពង់ត្រាច ក៏បានចេញមុខមកបង្ហាញឯកសារ និងខ្លួនគាត់ពិតជាបានលក់ដីនៅមុខបន្ទាយទៅអោយឈ្មោះការ សារឿន និងប្រពន្ធឈ្មោះង៉ែត សុធារមែន។មន្ត្រីរៀបចំដែនដីកំពង់ត្រាចក៏បានលើកឡើងថា ការចុះវាស់វែងបញ្ជាន់ប្លង់មើលផែនទីនេះ មិនមែនក្រុមការងារវាស់ដីចែកគ្នាទេ គ្រាន់តែចង់ដឹងទំហំប៉ុន្មានដីមានទំនាស់នៅបន្ទាយទាហាន និងដីប្រជាពលរដ្ឋបានទិញ។

ទោះជាបែបណា ម្ចាស់ដីដែលបានទិញដីពីមេទាហាននោះ នៅតែតវ៉ាមិនព្រមប្រគល់ដីអោយទៅអ្នកទិញដីពីបន្ទាយទាហានដែរ ព្រោះគាត់បានទិញដីនៅមុខបន្ទាយទាហាននេះជាយូរឆ្នាំហើយ។





ចែករំលែកព័តមាននេះ