រាជធានីភ្នំពេញ ៖ ធ្វើជាមនុស្សត្រូវតែមានចិត្តបុណ្យក្នុងខ្លួន មានចិត្តល្អទៀងត្រង់ ចេះផ្ដល់ឱ្យ និងលះបង់ចំពោះមនុស្សជុំវិញខ្លួន ។ ការសាងបុណ្យ ការធ្វើអំពើល្អ គឺជារឿងដែលមនុស្សយើងគ្រប់គ្នាត្រូវតែមាននៅក្នុងជីវិត មានចិត្តជួយអ្នកដទៃ គឺជាសេចក្ដីសុខចេះចែករំលែកដល់អ្នកដែលខ្វះខាត ឬកំពុងត្រូវការជំនួយ វាគឺជារឿងដែលល្អ និងត្រឹមត្រូវបំផុត។

ជាក់ស្តែងកាលពីពេលកន្លងមកនេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកា បានឱ្យដឹងថា មនុស្សនៅលើដីក្រោមមេឃ គ្មាននរណាពូកែជាងមនុស្សនោះទេ នៅលើដីក្រោមមេឃគ្មាននរណាមានតេជ្ជៈ មានឥទ្ធិពល មានរិទ្ធស្មើនឹងមនុស្ស គឺអត់មានទេ។ លោកសម្តែងថាអ៊ីចឹង(ព្រះពុទ្ធ) ។ ដល់លោកសម្តែងប្រាប់ លោកឧទាហរណ៍ប្រាប់ហេតុ ពន្យល់យើងទៀត ថាមនុស្សពូកែរឿងអី? ព្រះអង្គថា បើគ្មានមនុស្សធ្វើល្អទេ ទេវតាក៏គ្មានដែរ អាហ្នឹងច្បាស់លាស់ចឹង លោកឲ្យតម្លៃមនុស្ស ។ មនុស្សល្អបែបថ្នាក់ណា?
ដោយមនុស្សល្អមាន៤ថ្នាក់ ៖ ល្អទី១ មនុស្សនោះមានចិត្តនោះស្អាត បរិសុទ្ធ មិនចូលចិត្តធ្វើអំពើបាប ឃើញទោសនៃសេចក្តីអាក្រក់ធ្វើពីបាប ឃើញកុសលផលល្អពីការធ្វើបុណ្យទានហ្នឹង ។ ប៉ុន្តែវាជាប់ជំពាក់ហ្នឹងកាមគុណ៥ រូប សំឡេង ក្លិន រស់ សម្ផស្ស អានេះគ្រឿងជាប់ជំពាក់ តែចិត្តបរិសុទ្ធ ធ្វើទាន ធ្វើសីល ។ ពួកចិត្តថ្នាក់ទី១នេះ ដល់អស់អាយុទៅកើតក្នុងឋានទេវតា៦ជាន់ ក្នុងឋានសួរគ៌៦ជាន់នេះលោកមានជីវិតរស់នៅដូចជាមនុស្សដែរ លោកត្រូវការបរិភោគ ម្ហូបអាហារដូចជាមនុស្សដែរមាន ស្រី មានប្រុស មានប្រពន្ធដូចមនុស្សអត់ខុសពីមនុស្សទេ តែវាប្លែកថារបស់មនុស្សគ្រឿងសំលៀកបំពាក់ម្ហូបអាហារអីយ៉ាងណាយើងត្រូវផលិត យើងត្រូវធ្វើ បានវាកើតប្រកម្ម ការងារបានវាកើត សូម្បីសំលយើងក៏យើងត្រូវបន្លែ គ្រឿង ធ្វើសាច់ ធ្វើសុទ្ធតែតួកម្មទាំងអស់ ។

ជាមួយគ្នានោះដែរ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកា ៖ តែទេវតាអត់ទេ ទេវតាលោកប្រើសុទ្ធតែរបស់ទិព្វទាំងអស់ បើលោកចង់បានអីគ្រាន់តែនឹកក្នុងចិត្តនោះ របស់នោះនឹងកើតឡើង លោកបរិភោគបាយសំលដូចយើង តែលោកអត់មានចង្ក្រានជើងឆ្នាំងអីទេ គ្រាន់តែចិត្តនឹកឡើងក៏កើត(របស់ទិព្វ) ។ អាហ្នឹងជាបុណ្យកុសលដែលគាត់នៅជាមនុស្សលោកធ្វើសេចក្តីល្អ ធ្វើទានធ្វើសីលនោះឯង ដល់អស់អាយុទៅកើតក្នុងឋានសួរ ៦ជាន់។ អាហ្នឹងចិត្តថ្នាក់ទី១ ។
ទន្ទឹមនេះដែរ ព្រះមហាវិមលធម្ម ពិន សែម បានមានសង្ឃដីកាបន្ថែមថា ៖ ចិត្តថ្នាក់ទី២ រូបាវចរកុសលចិត្ត លោកអ្នកដែលចម្រើនសមាធិកម្មដ្ឋាន លោកញាំងចិត្តឲ្យប្រព្រឹត្តិឲ្យចិត្តលោកដកចេញពីកិសេស ព្រោះចិត្តមនុស្សធម្មតាវាមានកិសេស៥នោះមកគ្របបង្កត់ ចិត្តហ្នឹងដែលជាប់ជំពាក់ក្នុងកាមគុណនោះ ។ ដល់តែលោកចម្រើនចិត្តនោះទើបសម្រេចឈាន (បីតិប្រែថា ការឆ្អែតកាយ ការឆ្អែតចិត្ត) ។ ការឆ្អែតកាយ ឆ្អែតចិត្តគឺកាយអត់ចេះចុក អត់ចេះរោយ អត់ចេះស្រពន់អីទេ ចិត្តអត់មានរសាបរសល់រវើរវាយ ខ្វល់ខ្វាយអីទេ ។
ចំណែកអ្នកចម្រើនថ្នាក់ចិត្តទី៣ អរូបាវចរកោសលចិត្ត ចម្រើនដល់អរូបឈាន ចិត្តឡើងទៅកាន់អរូបឈាន ការដែលលោកចម្រើនឈានលោកមិនយករូបមកជាទីទាំងនៃចិត្តទេ យកអាកាសល្ហល្ហេវជាទីតាំង ដល់ចិត្តសម្រេចឈានគេហៅអរូបឈាន ពួកហ្នឹងដល់អស់អាយុទៅកើតក្នុងឋានព្រហ្ម អត់រូប៤ជាន់ ព្រហ្មអត់មានរូបទេ ។ចំណែកឋានព្រហ្មអត់មានភេទជាស្រី ជាប្រុសអីទេ ហើយព្រហ្មក៏មិនបរិភោគម្ហូបអាហារអីដែរ ជីវិតរបស់ព្រហ្មតាំងនៅបានព្រោះអំណាចនៃបីតិឈាន ជួយទ្រទ្រង់រាងកាយជីវិតរបស់ព្រហ្មឲ្យតាំងនៅបាន ។

លើសពីនេះទៅទៀត ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកា ៖ ចំណែកចិត្តថ្នាក់ទី៤ រូបអលោកុត្តរចិត្ត ជាចិត្តរបស់ព្រះអរហន្ត មានព្រះសម្មាសម្ពុទ្ធ ជាប្រធាន គឺចិត្តដែលលោកចម្ចាត់កិសេសអស់ហើយ ។ពួកអស់លោកដែលអស់កិសេស លោកអត់ចេះភ័យ អត់ចេះខ្លាច អត់ចេះមានសេចក្តីតក់ស្លុត រន្ធត់អីទេ សូម្បីតែសេចក្តីស្លាប់ក៏លោកមិនខ្លាចដែរ ។
ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកា ៖ យើងមិនបានសិក្សារៀនសូត្រ នៅតែជឿថាទេវតាពូកែជាងមនុស្សហ្នឹងឯង ។ អាត្មាប្រាប់ថា ដែលញោមជឿថា ទេវតាពូកែជាងមនុស្សនោះ គឺមិនមែនសាសនាព្រះពុទ្ធទេ ព្រោះពុទ្ធប្រាប់ថា មនុស្សពូកែជាងទេវតា ហើយញោមគិតមើលឲ្យមែនទែនណា៎។ ពុទ្ធសាសនា អាត្មាបញ្ជាក់ហើយបញ្ជាក់ទៀតថា អ្វីដែលកើតមិនមានហេតុផល អត់ជឿទេណា អត់ទទួលយកបានទេ សូម្បីតែមនុស្សក៏មានហេតុផល បើវាមិនមានដូនតា ក៏វាមិនមានម៉ែឪ បើមិនមានម៉ែឪ ក៏មិនមានយើង បើមិនមានយើងក៏មិនមានកូន មិនមានចៅ ពូជមនុស្សដែរ។ ព្រះពុទ្ធថា គ្មានអ្វីដែលមានកម្លាំងស្មើនឹងការងារដែលមនុស្សធ្វើនោះទេ តែមនុស្សធ្វើការងារដែលធ្វើនោះទប់អត់ឈ្លះទេ ត្រូវតែឲ្យផលដល់អ្នកធ្វើហ្នឹង។

ជាចុងក្រោយព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកា ៖ ឋានមនុស្ស គឺឋានកណ្តាល មនុស្សលោកហៅថា ឋានកណ្តាល ហើយខ្មែរតែមានពាក្យថាកណ្តាលហើយ ដឹងតែមានលើ មានក្រោម មានមុន មានក្រោយ ។ ប៉ុន្តែក្នុងកណ្តាលទីនេះសម្តៅលើក្រោម ដែលលើយើងនោះគឺ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ទាំងអស់។ចំណែកក្រោមយើងគឺនរក ប្រេត តិរច្ឆាន អសូរកាយ ។ ខាងលើគេហៅសុគតិ ខាងក្រោមគេហៅទុក្ខគតិ ទៅដែលមានទុក្ខ សោយទុក្ខ ចំណែកសុគតិជាកន្លែងដែលសោយសុខ ។ សួរថាសុគតិ និងសោយគតិទៅពីណា?គឺទៅពីឋានកណ្តាលហ្នឹងឯង មនុស្សយើងជាអ្នកកណ្តាលគេ ទៅកាន់សុគតិ គឺមនុស្សដែលធ្វើល្អ ។ ហើយទៅនរក ប្រេត តិរច្ឆាន ក៏ជាមនុស្សដែរ កាយទុច្ចរិត វាចាទុច្ចរិត មនុស្សទុច្ចរិត ទាំងអស់ហ្នឹងទៅហើយ។ ផ្លូវទាំងពីរហ្នឹងគឺមនុស្សនោះឯង។

ព្រះពុទ្ធសាសនាលោកថា បំបាត់ហេតុបាន តែបំបាត់ផលអត់បានទេ តែធ្វើអាក្រក់ហើយ មកធ្វើបុណ្យលាងបាបអត់បានទេ តែធ្វើបាបបានបាបហើយ តែធ្វើបុណ្យគឺបានបុណ្យហើយ ប៉ុន្តែបើយើងធ្វើបុណ្យច្រើនវាសង្កត់បាបនោះទៅអាបាបនោះរើអត់រួចទេ ព្រោះបុណ្យវាខ្លាំងជាង៕
ចែករំលែកព័តមាននេះ