ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី០៥ មេសា នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២៦០នាក់ ដែលមានជំនាញខាងវេចនំបុរាណ មកពីក្រុង និងស្រុកទាំង០៩នៅក្នុងខេត្តកំពត ។

ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅរោងមហាជនមុខសាលាខេត្តនោះ ឯកឧត្តមម៉ៅ ធនិន អភិបាលបានមានប្រសាសន៍ថា ការជួបជុំជាមួយគ្រួសាយើងនៅថ្ងៃនេះ សុទ្ធតែមានជំនាញនិងមានបទពិសោធន៍ខាងវេចនំបុរាណ ដូចជានំអន្សមជ្រូក, អន្សមដូង និងនំគម និងនំខ្មែរយើងជាច្រើនមុខទៀត ។

លោកបន្តថា ចំនួនអ្នកជំនាញវេចនំដែលអញ្ជើញគាត់តាមបណ្ដាស្រុក និងក្រុងមានចំនួន២៦០នាក់ ក្នុងចំនួននេះ គណៈកម្មការបានចែកជាក្រុមក្នុងមួយក្រុមមានគ្នាបីនាក់ មានជំនាញធ្វើនំរៀងៗខ្លួន សម្រាប់ដាក់ស្តង់លក់រយៈពេល៣ថ្ងៃ ក្នុងរដូវចូលឆ្នាំថ្មីខាងមុខ និងតម្លៃនំធូរថ្លៃបំផុត នំកងមួយត្រឹមតែ៣០០រៀលតែប៉ុណ្ណោះ និងនំជ្រូកមួយដើមត្រឹមតែ៣០០រៀលប៉ុណ្ណោះ។

ឯកឧត្តមម៉ៅ ធនិន បានឱ្យគណៈកម្មការដាក់តម្លៃនំនៅតាមស្តងលក់ដូរនីមួយៗ ។ ឯកឧត្តមម៉ៅ ធនិន បានមានប្រសាសន៍ថា គណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត ព្រោះរដ្ឋបាលខេត្តយើងបានផ្ដល់ទុនទាំងដើមនិងប្រាក់ចំណេញក្នុងរយៈពេលបីថ្ងៃនេះរួចរាល់ហើយ។ ដូច្នេះ ការដាក់នំលក់នៅតាមស្ដង់ទាំង87 ដែលជានំបុរាណសម្រាប់អោយភ្ញៀវ ឬកូនក្មួយយើងមកលំហែកាយចូលឆ្នាំខាងមុខនេះ មិនត្រូវលក់ថ្លៃដូចនៅតាមទីផ្សាឡើយ។

ឯកឧត្តមម៉ៅ ធនិន បានសំណូមពរអោយប្រជាពលរដ្ឋមានជំនាញវេចនំបុរាណដាក់លក់តាមស្ដង់នីមួយៗស្លៀកពាក់បែបបូរាណ និងបញ្ចេញស្នាដៃអោយអស់ ដើម្បីយកកិត្តិយសសម្រាប់ខេត្តយើង និងជាគំរូដ៏ល្អទុកសម្រាប់ឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តបានឧបត្ថមដល់ប្រជាពលរដ្ឋចំនួន២៦០នាក់ មកពីតាមបណ្ដាស្រុកនិងក្រុងដែលជំនាញខាងធ្វើនំបុរាណក្នុងម្នាក់ៗថវិកាចំនួន៥ម៉ឺនរៀល, អង្ករ១០គីឡូក្រាម និងសារុង១ ។
ចែករំលែកព័តមាននេះ