ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ផ្នែក IT កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ទៅ​តាម​ជំនាញ​នានា មាន​រាប់​ម៉ឺន​នាក់ ។ ទោះបី​យ៉ាងណា

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​ៗ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ទៅ​តាម​ជំនាញ​នានា មាន​រាប់​ម៉ឺន​នាក់ ។ ទោះបី​យ៉ាងណា និស្សិត​ទាំងនោះ​មួយ​ចំនួន​មិន​ប្រាកដ​ថា ទទួល​បានការ​ងារ​ទៅ​តាម​មុខ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​នោះ​ទេ ប៉ុន្តែ​មាន​ជំនាញ​មួយ​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់ ស្រប​ពេល​ប្រទេស​ជាតិ​កំពុង​រីក​ចម្រើន និង​ត្រូវការ​ជា​ចាំបាច់​នោះ គឺ​ផ្នែក​ព័ត៌មានវិទ្យា (IT) ខណៈ​និស្សិត​ខ្លះ​រៀន​មិន​ទាន់​ចប់​ផង ក៏​មានឱកាស​ចូល​ធ្វើការ​ទៅ​ហើយ ។

និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៤ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន Plan-B បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​និស្សិត​ដែល​ចាប់​យក​ជំនាញ​ផ្នែក IT បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ទីផ្សារ​ការងារ​សព្វថ្ងៃ ក៏​មាន​តម្រូវការ​ខ្ពស់​ផង​ដែរ ខណៈ​ដែល​ប្រទេស​ជាតិ​កំពុង​រីក​ចម្រើន និង​ត្រូវការ​ធនធាន​ផ្នែក​នេះ ។

កញ្ញា ឆ​ន សុខ​ឃី​ម និស្សិត​ឆ្នាំ​ទី​៤​រូប​នេះ​បាន​និយាយ​ថា ៖« បច្ចុប្បន្ន និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា គឺ​មានឱកាស​ទទួល​បានការ​ងារ​ធ្វើ​ច្រើន ដោយសារ​តែ​ប្រទេស​យើង​កំពុង​មានការ​អភិវឌ្ឍ ហើយ​បច្ចេកវិទ្យា​ក៏​កំពុង​លូតលាស់ អីចឹង យើង​រៀន​ផ្នែក​ហ្នឹង​មានឱកាស​ច្រើន ហើយ​ក៏​មិន​បារម្ភ​ថា គ្មាន​ការងារ​ធ្វើ​ដែរ តែ​ទាមទារ​ឱ្យ​យើង​ខិតខំ​រៀន​ធ្វើ​ឱ្យ​ខ្លួនឯង មាន​ទំនុកចិត្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​ទីផ្សារ​ចង់បាន » ។

លោក ឡុ​ង ពន្លក នាយករង​នៃ​វិទ្យាស្ថាន​ស៊ី​តិក មាន​ប្រសាសន៍​ថា ៖« យើង​បាន​បណ្តុះបណ្តាល​ដល់​និស្សិត​ទៅ​លើ​ជំនាញ​ចំនួន​៣ រួម​មាន គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​, ប្លង់​និង​រចនា និង​ពាណិជ្ជកម្ម​ព័ត៌មាន ។ ក្នុង​នោះ ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា មាន​និស្សិត​ចូល​រៀន​ច្រើន​ជាងគេ » ។

លោក​បន្ត​ថា ៖« ពេល​ប្រទេស​មានការ​អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​កាន់តែ​លឿន តម្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើន ។ ដូចនេះ ខ្ញុំ​គិត​ថា មុខ​វិជ្ជា​មួយ​នេះ​នឹង​មាន​និស្សិត​ចូល​រៀន​កាន់តែ​កើនឡើង » ។
លោក ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​និស្សិត​ចន្លោះ​ពី​១០​ទៅ​២០% ជ្រើស​រើសមុខ​វិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​ចំណោម​និស្សិត​៥​ពាន់​នាក់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

លោក​បន្ដ​ថា ៖« មុខ​វិជ្ជា​នេះ​កំពុង​ពេញ​និយម​ក្នុង​ចំណោម​មុខ​វិជ្ជា​ផ្សេង​ៗ ហើយ​បើសិនជា​ក្មេង [​និស្សិត​] ចេះ​មានគំនិត​ច្នៃប្រឌិត និង​វាងវៃ​បន្ថែម​បន្តិច ឱកាស​ទទួល​បានការ​ងារ​ស្រួល​រក​មែនទែន ព្រោះ​នៅ​គ្រប់កន្លែង​ការងារ​និង​អាជីវកម្ម គឺ​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា ។ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ យើង​នឹង​បើក​ជា​មជ្ឈមណ្ឌល​មួយ ភ្ជាប់​ទៅ​នឹង​ជំនាញ​របស់​ខ្លួន​យ៉ាងម៉េច ដើម្បី​ងាយស្រួល​រក​ការងារ » ។

លោក​បញ្ជាក់​ថា ៖« និស្សិត​រៀន​មុខ​វិជ្ជា IT តាំងពី​ខ្ញុំ​ចូល​មក​កាន់​នៅ​ទី​នេះ​រយៈពេល​៣​ឆ្នាំ អត់​មានការ​ធ្លាក់​ចុះ​ទេ បើ​ទោះបី​នៅ​ឆ្នាំ​ប្រឡង​បាក់​ឌុ​ប ដែល​ក្រសួង​អប់រំ​រឹត​បន្តឹង​ខ្លាំង ហើយ​សិស្ស​ធ្លាក់​ច្រើន​នោះ ក៏​សាលា​ទទួល​បាន​និស្សិត​ចូល​រៀន​ច្រើន​ដែរ​។ អីចឹង ជំនាញ​នេះ​មាន​ប្រជាប្រិយភាព ហើយ​សាលា​ផ្សេង​ទៀត​ក៏​ទទួល​បាន​ច្រើន​ដូច​គ្នា​ផង​ដែរ » ៕