ខេត្តព្រៃវែង ៖ ភ្លៀងមួយមេធំលាយឡំជាមួយខ្យក់កន្ត្រាក់បោកបក់ដ៏ខ្លាំងផងនោះ បង្កឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន១៣គ្រួសារ (ស្មើ១៣ខ្នង)បានដួលរលំខូចខាតទាំងស្រុង ។ ជាមួយគ្នានោះដែរ ក៏មានយុវតីម្នាក់ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លា.ប់យ៉ាងអណោចអាធ័ម ស្ថិតនៅកណ្តាលវាលស្រែ ។ ហេតុការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី០៣ មេសា ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកព្រះស្តេចបានឱ្កយដឹងថា យុវតីរងគ្រោះឈ្មោះណាត សុមាលី អាយុ១៦ឆ្នាំ ត្រូវរន្ទះបាញ់ស្លា.ប់នៅចំណុចវាលស្រែក្បែរផ្ទះរបស់នាង ក្នុងភូមិទឹកសិន ឃុំបឹងដោល ក្នុងពេលដែលរូបនាងកំពុងដើរទៅដេញគោអោយមកផ្ទះវិញ ។

ជាមួយគ្នានេះដែរ ខ្យល់កន្ត្រាក់បោកបក់មកជាមួយភ្លៀងមួយមេធំនេះ បានធ្វើអោយផ្ទះ ប្រជាពលរដ្ឋចំនួន១៣ខ្នង បានដួលរលំ និងខូចខាត ក្នុងនោះ ខូចខាតទាំងស្រុងចំនួន៥គ្រួសារ និងខូចខាតមធ្យមចំនួន៨ គ្រួសារ ហើយនៅព្រឹកថ្ងៃទី០៤ មេសា នេះ អាជ្ញាធរនិងកាកបាទក្រហម កំពុងចុះពិនិត្យមើល និងជួយអន្តរាគមន៍ ។

ប្រភពចុងក្រោយ ទើបទទួលបានឱ្យដឹងទៀតថា ករណីខ្យល់កន្ត្រាក់នៅក្នុងស្រុកព្រះស្តេច គឺមានផ្ទះខូចខាតរហូតសរុប១៨ខ្នងឯណោះ ក្នុងនោះ ខូចខាតទាំងស្រុង៤ខ្នង ដួលរលំ៦ខ្នង និងប៉ើងដំបូល៨ខ្នង។




ចែករំលែកព័តមាននេះ